ក្រសួង​អភិវឌ្ឍន៍​ជនបទ បង្ហាញ​របាយការណ៍​កែលម្អ​ផ្លូវ​ជនបទ​បាន​ជាង​៥០០ គីឡូម៉ែត្រ​ (CEN)

ភ្នំពេញ ៣ កក្កដា ២០១៥៖ របាយការណ៍នៃក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសថា ក្នុងឆមាសទី១ ឆ្នាំ២០១៥ គម្រោងកែលំអផ្លូវជនបទនៅក្នុងខេត្តចំនួន៧ បានបញ្ចប់ការសាងសង់ផ្លូវចំនួន២២ខ្សែ សរុបប្រវែង ៥៤១,៩២គីឡូម៉ែត្រ (ផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែង៥១១,៥៨៣គីឡូម៉ែត្រ ផ្លូវក្រាលបេតុងប្រវែង៨១៤ម៉ែត្រ និងផ្លូវក្រាលក្រួសក្រហមប្រវែង២៩,៥២៣គីឡូម៉ែត្រ) ស្ពានបេតុងចំនួន៥ កន្លែង សរុបប្រវែង១២០ម៉ែត្រ លូប្រអប់ចំនួន៣៨កន្លែង និងលូមូលចំនួន ៣៨០កន្លែង។

ភ្នំពេញ ៣ កក្កដា ២០១៥៖ របាយការណ៍នៃក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសថា ក្នុងឆមាសទី១ ឆ្នាំ២០១៥ គម្រោងកែលំអផ្លូវជនបទនៅក្នុងខេត្តចំនួន៧ បានបញ្ចប់ការសាងសង់ផ្លូវចំនួន២២ខ្សែ សរុបប្រវែង ៥៤១,៩២គីឡូម៉ែត្រ (ផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែង៥១១,៥៨៣គីឡូម៉ែត្រ ផ្លូវក្រាលបេតុងប្រវែង៨១៤ម៉ែត្រ និងផ្លូវក្រាលក្រួសក្រហមប្រវែង២៩,៥២៣គីឡូម៉ែត្រ) ស្ពានបេតុងចំនួន៥ កន្លែង សរុបប្រវែង១២០ម៉ែត្រ លូប្រអប់ចំនួន៣៨កន្លែង និងលូមូលចំនួន ៣៨០កន្លែង។

 

របាយការណ៍របស់ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានលើកឡើងពីសកម្មភាពការងារជំនាញ លើការងារអភិវឌ្ឍន៍ផ្លូវជនបទ រួមមាន ៖
១. គម្រោងក្នុងការសាងសង់ជួសជុលផ្លូវ និងសំណង់សិល្បការចំនួន៦០ គម្រោងរួមមាន ផ្លូវក្រាលបេតុង និងក្រួសក្រហម សរុបប្រវែង ៤៨១,៦៩៥គីឡូម៉ែត្រ ក្នុងនោះអនុវត្តបានចំនួន៥៦គម្រោងសរុបប្រវែង ៤៤៨,៥៩៥ គីឡូម៉ែត្រ សម្រេចបាន៦១ភាគរយ។

 

២. គម្រោងថែទាំផ្លូវលក្ខណៈខួបចំនួន២៧គម្រោង រួមមានផ្លូវក្រាលកៅស៊ូ ក្រាលក្រួសក្រហម ក្រាលល្បាយថ្មភ្នំ និងក្រាលខ្សាច់ភ្នំឈើកាច់ សរុបប្រវែង ៤០០,៩៨ គីឡូម៉ែត្រ ក្នុងនោះអនុវត្តបានចំនួន ១៤ គម្រោង សរុបប្រវែង ១៨៩,៤៣ គីឡូម៉ែត្រ សម្រេចបាន៦៧ភាគរយ។

 

៣. ស្រង់ទិន្នន័យផ្លូវជនបទបានចំនួន៣០៩ ខ្សែស្មើ ៦៥៦ គីឡូម៉ែត្រ ធ្វើបច្ចុប្បន្នភាពទិន្នន័យ ផ្លូវជនបទបានចំនួន៤០៥ ខ្សែ ស្មើ២.០៦០ គីឡូម៉ែត្រ លើចំនួនផ្លូវជនបទ នៅទូទាំងប្រទេសសរុប ១៤.៥៥២ ខ្សែ ស្មើ៤១.៦១៥ គីឡូម៉ែត្រ។

 

សូមបញ្ជាក់ថា គម្រោងកែលម្អផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទរយៈពេល៥ឆ្នាំ (២០១១ដល់២០១៦) មានថវិកា៦៧ លានដុល្លារ (ក្នុងនោះហិរញ្ញប្បទាន របស់រាជរដ្ឋាភិបាល ៧,២៥ លានដុល្លារ ប្រាក់កម្ចីធនាគារអភិវឌ្ឍន៍អាស៊ី ៣៥ លានដុល្លារ ប្រាក់កម្ចីធនាគារ Keximbank របស់សាធារណរដ្ឋកូរ៉េ ២១លានដុល្លារ និងជំនួនឥតសំណងរបស់មូលនិធិ NDF ៥,៤លានដុល្លារ) សម្រាប់កែលម្អផ្លូវជនបទប្រវែង ៥០៤,៤០ គីឡូម៉ែត្រ ដោយក្រាលកៅស៊ូប្រទេសពីរជាន់ (DBST) ក្នុងខេត្តចំនួន៧ គឺខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តកំពង់ធំ។

 

គម្រោងស្តារឡើងវិញបន្ទាន់ នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ខូចខាតដោយទឹកជំនន់ ឆ្នាំ២០១៣ ក្រោមហិរញ្ញប្បទានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី ចំនួន ២២ លានដុល្លារ និងជំនួនឥតសំណងរបស់ AUSAID ចំនួន ៣ លានដុល្លារសម្រាប់ជួសជុលឡើងវិញផ្លូវជនបទចំនួន២៥ខ្សែ ប្រវែង២៥៦,៦គីឡូម៉ែត្រ នៅក្នុងខេត្តគោលដៅចំនួន៦ គឺខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ និងខេត្តបាត់ដំបង ក្នុងឆមាសទី១ឆ្នាំ២០១៥នេះ សម្រេចបាន ១០០ភាគរយនៃផែនការ។ ជាមួយគ្នានេះដែរ ក្រសួងក៏បានបង្ហាញនូវ គម្រោងជាច្រើនទៀត ដែលកំពុងអនុវត្ត ដូចជា ការងារថែទាំសុខភាព និងអនាម័យជនបទ ការងារផ្គត់ផ្គង់ទឹកជនបទ ការងារផ្គត់ផ្គង់និងហិរញ្ញវត្ថុ ការងារអធិការកិច្ចនិងសវនកម្ម ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ការងារគ្រប់គ្រង និងអភិវឌ្ឍន៍ជនជាតិដើមភាគតិច និងការងារយេនឌ័រជាដើម។

 

នៅដើមឆ្នាំ២០១៥ ក្រសួងទទួលបាននូវថវិកាសរុបចំនួន ២០៦.៣៦០.០០០.០០០រៀល។ សរុបចំណាយប្រចាំឆមាសទី១ ឆ្នាំ២០១៥ របស់ក្រសួងធៀបនឹងច្បាប់ហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០១៥ សម្រេចបាន៖ ១)ចំណាយចរន្តអនុវត្តបានចំនួន ១៥.៧៨៦.៤២៩.០០៧ រៀល ស្មើនឹង ១៦,៨៣ភាគរយ និង ២)ចំណាយមូលធនអនុវត្ត បានចំនួន ១៩.០៦០.៧០០.០០០ ស្មើនឹង ១៥,៨៨ ភាគរយ។

 

នៅក្នុងឆមាសទី១ ដើមឆ្នាំ២០១៥នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំអនុវត្តនូវ ការងាររបស់ខ្លួន ឲ្យសម្រេចបានតាមទិសដៅ និងផែនការរបស់ក្រសួង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែក កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ក្នុងនោះក្រសួង ក៏បានខិតខំពុះពារជម្នះនូវរាល់ឧបសគ្គគ្រប់បែបយ៉ាងដើម្បីជំរុញឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមជនបទ កាន់តែប្រសើរឡើង។ សមិទ្ធផលដែលក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបានពិតជាបានរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមជនបទ ឲ្យកាន់តែមានលក្ខណៈល្អប្រសើរ។ ជាមួយនឹងជោគជ័យនេះ ក្រសួងនៅមានការងារច្រើនទៀត ដែលត្រូវបំពេញ ដើម្បីសម្រេចគោលដៅ ជាសារវ័ន្តរបស់ខ្លួនពិសេសការបន្តខិតខំ សហការជាមួយគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជន សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនឲ្យបានកាន់តែឆាប់រហ័ស៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសារព័ត៌មាន CEN៖ http://www.cen.com.kh/local/01978642

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់