ទិវា​ជាតិ​លើកកម្ពស់​​អនាម័យ​​ជនបទ ១៣ វិច្ឆិកា លើក​ទី ៥ ប្រារព្ធ​​ឡើង​​ក្រោម​​ប្រធានបទ “វិនិយោគ​​លើ​​អនាម័យ​​ដើម្បី​​កូន​ចៅ​​ជំនាន់​ក្រោយ​​យើង”

បាត់ដំបង ១៨ វិច្ឆិកា ២០១៤៖ ទិវាជាតិលើកកម្ពស់អនាម័យជនបទនៅកម្ពុជា លើកទី ៥ឆ្នាំ ២០១៤ ត្រូវបានប្រារព្ធឡើង ក្រោមប្រធានបទ “ វិនិយោគលើអនាម័យដើម្បីកូនចៅជំនាន់ក្រោយយើង ” ដែលមានគោលបំណង ផ្សព្វផ្សាយ និងជំរុញ ការប្រតិបត្តិអនាម័យល្អ តាមរយៈការប្រកាន់យកទម្លាប់ល្អ៣ ប្រការគឺលាងសម្អាតដៃជាមួយសាប៊ូ ការប្រើប្រាស់បង្គន់ និងបរិភោគទឹកមានសុវត្ថិភាពនៅគ្រប់រាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។

បាត់ដំបង ១៨ វិច្ឆិកា ២០១៤៖ ទិវាជាតិលើកកម្ពស់អនាម័យជនបទនៅកម្ពុជា ថ្ងៃទី១៣ ខែ វិច្ឆិកា លើកទី ៥ឆ្នាំ ២០១៤ នេះ ត្រូវបានប្រារព្ធឡើង ក្រោមប្រធានបទ “ វិនិយោគលើអនាម័យដើម្បីកូនចៅជំនាន់ក្រោយយើង ” ដែលមានគោលបំណង ផ្សព្វផ្សាយ និងជំរុញ ការប្រតិបត្តិអនាម័យល្អ តាមរយៈការប្រកាន់យកទម្លាប់ល្អ៣ ប្រការគឺលាងសម្អាតដៃជាមួយសាប៊ូ ការប្រើប្រាស់បង្គន់ និងបរិភោគទឹកមានសុវត្ថិភាពនៅគ្រប់រាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។

 

ទិវានេះត្រូវបានបង្កើតឡើង ដោយអនុក្រត្យលេខ៥២ អនក្របក ស្តីពីការកំណត់ទិវាជាតិលើកកម្ពស់អនាម័យជនបទថ្ងៃទី១៣ ខែវិច្ឆិកា ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០ ដោយរាជរដ្ឋាភិបាលកម្ពុជា បានយល់យ៉ាងច្បាស់ពីសារប្រយោជន៍ធំធេងនៃអនាម័យ ហើយមានបំណងបំផុសឲ្យប្រជាពលរដ្ឋ រួមទាំងសិស្សានុសិស្សយកចិត្តទុកដាក់ក្នុងការអនុវត្តន៍អនាម័យឲ្យបានល្អដើម្បីកាត់បន្ថយនូវជំងឺរាគអាសន្នរោគនិងជំងឺផ្សេងៗ ដែលបណ្ដាលមកពីកង្វះអនាម័យ។

 

ជាក់ស្តែងនៅខេត្តបាត់ដំបង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានរៀបទិវានេះ នៅក្នុងបរិវេណអនុវិទ្យាល័យរតនមណ្ឌល ឃុំស្តៅ ស្រុករតនមណ្ឌលខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្ដម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយមានការជួយឧបត្ថម្ភគាំទ្រជាសម្ភារៈពីក្រសួងអភិវឌ្ឍន៍ជនបទ និងថវិកាពីអង្គការដៃគូអភិវឌ្ឍន៍មួយចំនួនដូចជា៖ អង្គការ World Vision Cambodia អង្គការទឹកស្អាត១០០១ អង្គការCaritas  អង្គការ Clear Cambodia  អង្គការ WaterSHED  អង្គការ HelpAge International  អង្គការ LWD  អង្គការ MJP  អង្គការបន្ទាយស្រី អង្គការបរិបូរណ៍ សាសារៀនសុវណ្ណភូមិ និងកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។

 

អញ្ជើញចូលរួមក្នុងពិធីនេះដែរមាន អាជ្ញាធរខេត្ត និងស្រុក ឃុំ ភូមិ នៃស្រុករតនៈមណ្ឌល តំណាងនាយកដ្ឋានថែទាំសុខភាពតំណាងក្រសួងអភិវឌ្ឍន៍ជនបទ មន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង តំណាងមន្ទីរវិស័យជុំវិញខេត្ត តំណាងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ តំណាងប្រជាជនមកពី០៥ ឃុំក្នុងស្រុករតនមណ្ឌល ចំនួន២០០នាក់ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ចំនួន៤០០ នាក់ សរុបចំនួន៦៥០នាក់ ។

 

នៅក្នុងពិធីនោះ លោក សុខ វណ្ណអឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបង្ហាញរបាយការណ៍ ស្ដីពីស្ថានភាពវិស័យផ្គត់ផ្គងទឹកស្អាត និងអនាម័យជនបទដែលអនុវត្តកន្លងមក នៅទូទាំងខេត្ត ចំណាត់ថ្នាក់ផ្នែកអនាម័យនៅតាមស្រុក ក្រុងទាំង១៤ ។ បន្ទាប់មក លោក សយ  សម្បតិ្ត   អនុប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុករតនមណ្ឌល បានសំដែងចំណាប់អារម្មណ៍ លើអត្រាប្រើប្រាស់បង្គន់ទាបរបស់ប្រជាពលរដ្ឋ និងការចាត់វិធានការនានាចំពោះការរស់នៅកង្វះអនាម័យផងដែរ ។ នៅក្នុងឱកាសនេះដែរ ក្រុមយុវវ័យរបស់អង្គការ World Vision Cambodia ស្រុករតនមណ្ឌល ក៏បានសម្ដែងសិល្បៈពីផលប៉ះពាល់នៃការរស់នៅ គ្មានអនាម័យ និងបានលើកជាសំណួរ-ចម្លើយ ដោយមានផ្តល់ជារង្វាន់លើកទឹកចិត្ត ជូនដល់សិស្សានុសិស្សចំនួន ២០ នាក់ស្រី ១០នាក់ ដែលបានស្ម័គ្រចិត្តចូលរួមឆ្លើយសំណួរផងដែរ ។

 

ជាកិច្ចបញ្ចប់ ឯកឧត្តម ច័ន្ទ  សុផល បានអានសារលិខិតរបស់  សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន  សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងឱកាសទិវាជាតិលើកម្ពស់អនាម័យជនបទ  ១៣ វិច្ឆិកា ព្រមទាំងបានមានមតិសំណេះសំណាល  ដោយផ្តល់នូវអនុសាសន៍ល្អៗ  ដល់អង្គពិធីទាំងមូលនិងជំរុញការគ្រាំទ្រ និងការលើកទឹកចិត្ត   ដល់ប្រជាពលរដ្ឋសិស្សានុសិស្សគ្រប់ៗរូប  ឲ្យចូលរួមប្រត្តិបត្តិអនាម័យស្អាត ដើម្បីសុខភាពយើងទាំងអស់គ្នាផងដែរ ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រក្រសួងអភិវឌ្ឍន៍ជនបទ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់