ឯកឧត្ដម ជា សុផារ៉ា ទទួល​ជួប​ពិភាក្សា​​ពី​​ការ​រៀបចំ​​អនុវត្ត​​គម្រោង​​អភិវឌ្ឍ​ជនបទ​​ជា​​មួយ​​គណៈប្រតិភូ KOICA

ភ្នំពេញ ២៦ មករា ២០១៥៖ ឯកឧត្ដមជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៃគណៈកម្មការជំនាញការកូរ៉េ សម្រាប់ការគ្រប់គ្រងគម្រោងអភិវឌ្ឍជនបទនៅកម្ពុជា ដែលជាគម្រោងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោកស្រី BAEK Sook Hee នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។

ភ្នំពេញ ២៦ មករា ២០១៥៖ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ នៅទីស្ដីការក្រសួង ឯកឧត្ដមជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃគណៈកម្មការជំនាញការកូរ៉េ សម្រាប់ការគ្រប់គ្រងគម្រោងអភិវឌ្ឍជនបទនៅកម្ពុជា ដែលជាគម្រោងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោកស្រី BAEK Sook Hee នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។

 

នៅក្នុងជំនួបនេះ ឯកឧត្តម ជា សុផារ៉ា បានជម្រាបជូនគណៈប្រតិភូថា ជាការឆ្លើយតបទៅនឹង ការឯកភាពគ្នារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវប្រធានាធិបតីសាធារណរដ្ឋកូរ៉េ នាពេលថ្មីៗកន្លងមកនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់យកភូមិចំនួន៣០ នៅក្នុងខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ សម្រាប់ការអនុវត្តសាកល្បងនូវគម្រោងអភិវឌ្ឍន៍សហគមន៍ជនបទ តាមបែបចលនាភូមិថ្មីកូរ៉េ។ ជាមួយគ្នានេះ គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអភិវឌ្ឍន៍ជនបទ ក៏នឹងត្រូវធ្វើនៅក្នុងខេត្តកំពង់ស្ពឺដែរ ដោយត្រូវករសាងអគារតាមរចនាបថខ្មែរ ហើយការរៀបចំផ្នែកខាងក្នុងអគារ គឺអាស្រ័យលើភាគីកូរ៉េ ដែលជាម្ចាស់ជំនួយ។ ដោយឡែក ការសាងសង់សាកលវិទ្យាល័យចលនាភូមិថ្មី នឹងត្រូវធ្វើនៅក្នុងខេត្ត ត្បូងឃ្មុំ ដោយក្រសួងបានត្រៀមដីប្រមាណជា៥ ហ.ត សម្រាប់ការសាងសង់នេះ។

 

ឯកឧត្តម ក៍បានបញ្ជាក់ដែរថា ក្រៅពីការសាងសង់សាកលវិទ្យាល័យចលនាភូមិថ្មីខេត្តត្បូងឃ្មុំ រាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដាក់បញ្ចូលវិធីសាស្ត្រចលនាភូមិថ្មីទៅក្នុងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យនានា ដែលស្ថិតនៅក្រោមឱវាទ រួមមាន សាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង សាកលវិទ្យាល័យព្រែកលាភ និងសាលាកសិកម្មខេត្តកំពង់ចាមជាដើម ។

 

នៅក្នុងឱកាសនេះដែរ តំណាងគណៈប្រតិភូ បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ថា គណៈកម្មការជំនាញការកូរ៉េ នឹងសិក្សាលម្អិតពីគោលនយោបាយអភិវឌ្ឍន៍ជនបទកម្ពុជា ដើម្បីធ្វើឲ្យមានសុខដុមកម្មជាមួយគោលការណ៍ចលនាភូមិថ្មីរបស់កូរ៉េ។ ជាមួយគ្នានេះ ភាគីកូរ៉េ បានស្នើសុំឲ្យក្រសួងអភិវឌ្ឍន៍ជនបទ ចាត់មន្ត្រីជំនាញឲ្យចូលរួម និងសហការជាមួយជំនាញការកូរ៉េឲ្យបានខ្លាំងក្លាដើម្បីឈានទៅអនុវត្តគម្រោងខាងលើឲ្យបានជោគជ័យទៅតាមការគ្រោងទុក។

 

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទមានឆន្ទៈយ៉ាងមុតមាំក្នុងការអនុវត្តគម្រោងខាងលើឲ្យបានជោគជ័យ ដើម្បីឲ្យស្របតាមការចង់បានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកជំទាវប្រធានាធិបតីសាធារណរដ្ឋកូរ៉េ នៅក្នុងជំនួបទ្វេភាគីកាលពីខែធ្នូ ឆ្នាំ២០១៤ កន្លងមកនេះ និងដើម្បីទុកជាចំណងដៃនៃចំណងមិត្តភាពរវាងព្រះរាជាណាកម្ពុជា និងសាធារណរដ្ឋកូរ៉េផងដែរ៕ ដោយ៖ ទូច ស៊ីផាត

 

អត្ថបទដកស្រង់ចេញពីគេហទំព័រក្រសួងអភិវឌ្ឍន៍ជនបទ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់