ឯកឧត្ដម ជា សុផារ៉ា អញ្ជើញ​​ជួប​​សំណេះ​សំណាល និង​​ប្រកាស​​ប្រគល់​​ផ្លូវ​​ក្រាល​​ក្រួស​​ក្រហម ប្រវែង ១០,៥ គ.ម ជូន​​ប្រជា​ពលរដ្ឋ​​ក្នុង​​ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់

ត្បូងឃ្មុំ ២៥ សីហា ២០១៤៖  ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដមអនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ បានអញ្ជើញជួបសំណេះសំណាល និងប្រកាសប្រគល់ផ្លូវក្រាលក្រួសក្រហមប្រវែង១០,៥ គ.ម តភ្ជាប់ពីភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ ទៅស្ពានជ្រីវ ក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

ត្បូងឃ្មុំ ២៥ សីហា ២០១៤៖  ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដើម្បីត្រួតពិនិត្យ និងគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល អមដំណើរដោយ ឯកឧត្ដម អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេស និងមន្ត្រីជំនាញជាច្រើនរូប នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ បានអញ្ជើញជួបសំណេះសំណាល និងប្រកាសប្រគល់ផ្លូវក្រាលក្រួសក្រហម ប្រវែង ១០,៥ គ.ម។

ផ្លូវក្រាលក្រួសក្រហមនេះតភ្ជាប់ពីភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ ទៅស្ពានជ្រីវ ក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ដែលមានស្ពាន៣កន្លែង ប្រវែង៧៥ ម. លូប្រអប់៧កន្លែង និងលូមូលមួយចំនួនទៀត ដែលកសាងដោយថវិកាជាតិ ជំពូក២១ ជូនដល់ប្រជាពលរដ្ឋ ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនេះមាន អាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ លោកគ្រូ អ្នកគ្រូ យាយជី តាជី និងប្រជាពលរដ្ឋមកពីភូមិ សំពៅលូន បុស្សតាអ៊ឹម និងជំនំពល នៃឃុំជាំតាម៉ៅ សរុបជាង៤០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្ដម ជា សុផារ៉ា បានមានប្រសាសន៍ពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅទូទាំងឃុំមេមង ក៍ដូចជាប្រជាពលរដ្ឋនៅទូទាំងស្រុកមេមត់។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ផ្លូវ ស្ពាន មួយខ្សែនេះ ជាសមិទ្ធផលមួយថ្មីបន្ថែមទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនទៅមុខ ដើម្បីបម្រើផលប្រយោជន៍ប្រជាជនគ្រប់ក្រុមគ្រួសារគ្រប់ឋានៈសង្គម សាសនា ឲ្យរស់នៅក្នុងភាពងាយស្រួល មានជីវភាពល្អប្រសើ និងមានភាពសុខដុម។

ឯកឧត្ដម បញ្ជាក់ថា សមិទ្ធផលនេះ អាចកើតមានឡើង គឺដោយសារប្រទេសជាតិ មានស្ថិរភាពនយោបាយ និងសន្តិភាព ដែលជាគោលនយោបាយដ៏ចម្បងរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ឯកឧត្ដម បានបន្ថែមថាក្នុងរយៈពេលជាង៣៥ឆ្នាំ ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ មកនេះ រដ្ឋាភិបាលបានខិតខំគ្រប់មធ្យោបាយដើម្បីបញ្ចប់សង្គ្រាម និងដឹកនាំប្រទេសឲ្យមានភាពរីកចម្រើនដើម្បីទទួលបាននូវកិត្តិយស និងមានសិទ្ធិស្មើភាពជាមួយប្រទេសនានានៅលើសកលលោកដូចសព្វថ្ងៃ។

ឯកឧត្តមបានបន្តថា ក្រៅពីការខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រាជរដ្ឋាភិបាលក៏បានខិតខំកែទម្រង់ជាបណ្ដើរលើគ្រប់វិស័យ នៅក្នុងនោះការកែទម្រង់បៀវត្សមន្ត្រីរាជការ ដើម្បីលើកកម្ពស់កម្រិតជីវភាពមន្ត្រីរាជការ ក៏បានសម្រេចដាក់ចេញនាពេលថ្មី ដោយប្រមុខរាជរដ្ឋាភិបាលផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម ជា សុផារ៉ា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្ររាជរដ្ឋាភិបាល គាំទ្រសម្តេច ហ៊ុន សែន នៅក្នុងការថែរក្សាស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនបន្ថែមទៀត។

ឯកឧត្ដម ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋបន្តជួយគាំទ្ររាជរដ្ឋាភិបាល ដើម្បីស្ថេរភាព សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដោយកុំជឿតាមជនមួយចំនួន ដែលតែងតែដើរនិយាយខុសការពិត ធ្វើឲ្យខាតបង់ផលប្រយោជន៍ជាតិ និងបាត់បង់ភាពសុខដុមរបស់ប្រជាពលរដ្ឋ។

ជាទីបញ្ចប់ ឯកឧត្ដមរដ្ឋមន្ត្រី បានប្រកាសដាក់ផ្លូវខាងលើជូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ និងបានស្នើឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ព្រមទាំងបានប្រកាសឲ្យដឹងថា ក្រសួងអភិវឌ្ឍន៍នឹងខិតខំរកថវិកា មកកែលំអផ្លូវមួយខ្សែនេះ ដោយក្រាលជាកៅស៊ូ២ជាន់ ប្រភេទ BDST នៅពេលខាងមុខនេះ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រក្រសួងអភិវឌ្ឍន៍ជនបទ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់