រាជរដ្ឋាភិបាល​កម្ពុជា ​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​ការងារ​កសាង ​និង​អភិវឌ្ឍន៍​ផ្លូវ​ជនបទ​ ដើម្បី​ពន្លឿន​កំណើន​សេដ្ឋកិច្ច

ភ្នំពេញ ៥ មករា ២០១៥៖ ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ថ្លែងថាហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជាវិស័យអាទិភាពដ៏សំខាន់មួយ ដែលរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលនីមួយៗ សំដៅលើកកម្ពស់…

ភ្នំពេញ ៥ មករា ២០១៥៖ ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ថ្លែងថាហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជាវិស័យអាទិភាពដ៏សំខាន់មួយ ដែលរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលនីមួយៗ សំដៅលើកកម្ពស់ និងអភិវឌ្ឍន៍បណ្តាញគមនាគមន៍តំបន់ជនបទនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការជួយពន្លឿន កំណើនសេដ្ឋកិច្ច និងលើកស្ទួយស្ថានភាពមីក្រូសេដ្ឋកិច្ចក្នុងតំបន់ និងប្រទេសកម្ពុជាទាំងមូល។

 

នៅក្នុងសិក្ខាសាលាបូកសរុបសកម្មភាពការងារផ្លូវជនបទប្រចាំឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ នាព្រឹកថ្ងៃទី០៤ ខែមករា នៅសណ្ឋាគារភ្នំពេញ រដ្ឋលេខាធិការ សួស គង់ បានបញ្ជាក់ថា តាមរយៈសមិទ្ធផលដ៏ឧត្ដុង្គឧត្ដម និងការរីកចម្រើនឥតឈប់ឈរនេះ ប្រទេសកម្ពុជា បាននឹងកំពុងប្រែក្លាយតំបន់ជនបទឱ្យមានមុខមាត់ថ្មីបន្តិចម្តងៗលើឆាកអន្តរជាតិ។ ក្រោយពេលដែលប្រទេសកម្ពុជាកំពុងដើរតួយ៉ាងសំខាន់ក្នុងសមាហរណកម្មអាស៊ាន ឯកឧត្ដមមានសុទិដ្ឋិនិយមថា ក្នុងពេលឆាប់ៗខាងមុខនេះ ប្រទេសកម្ពុជា នឹងទទួល បានជោគជ័យធំៗបន្ថែមទៀតពីមជ្ឈដ្ឋានអន្តរជាតិលើវិស័យគមនាគមន៍ជនបទ។

 

ឯកឧត្ដម បន្ថែមថា ផ្លូវជនបទ គឺជាសរសៃឈាមដ៏សំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់ក្រុមហ៊ុនទទួលម៉ៅការទាំងអស់ ព្រមទាំងមន្ត្រីទទួលខុសត្រូវត្រួតពិនិត្យការសាងសង់លើបទដ្ឋានបច្ចេកទេស។

 

ឯកឧត្ដម មានជំនឿជឿជាក់ថា សិក្ខាសាលាថ្ងៃនេះនឹងផ្ដល់ចំណេះដឹងជាទ្រឹស្ដី និងមុខជំនាញបន្ថែម ដើម្បីរៀបចំការត្រួតពិនិត្យការសាងសង់សំណង់សិល្បការឱ្យមានសុក្រឹត្យ និងបង្កើតការជឿជាក់ក្នុងការត្រួតពិនិត្យការអនុវត្តគម្រោងឱ្យបានជោគជ័យ និងមានការទទួលខុសត្រូវខ្ពស់។ ព្រោះថា តាមរយៈផ្លូវជនបទបានផ្តល់នូវផលប្រយោជន៍ជាច្រើន ដូចជាការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀត ជាពិសេសផ្លូវជនបទមកទីក្រុងបង្កភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាជនក្នុងការតាំងទីលំនៅថ្មី ការបង្កើនមុខរបរថ្មី ពិសេសស្ត្រីជាមេផ្ទះ និងកាត់បន្ថយចំណាកស្រុក។

 

តាមរបាយការណ៍បូកសរុបរបស់លោក ញ៉ ហេង អនុប្រធាននាយកដ្ឋានផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទបានបង្ហាញថា តាមរយៈការខិតខំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ  លើការងារសាងសង់ ជួសជុល និងកែលម្អផ្លូវជនបទមានចំនួន ៨២គម្រោង ប្រវែងចំនួន ៧០៣គីឡូម៉ែត្រ និងសំណង់សិល្បការចំនួន ៧៧០កន្លែង ក្នុងនោះរួមមាន ៖ គម្រោងវិនិយោគផ្ទាល់ និងគម្រោងទឹកជំនន់មាន ៦០គម្រោង ប្រវែងសរុប ៤៨២ម៉ែត្រ និងសំណង់សិល្បការចំនួន ៦៤១កន្លែង អនុវត្តលទ្ធផលបាន១០០%។

 

គម្រោងដេញថ្លៃឆ្នាំ២០១៥មាន ០៤គម្រោង ប្រវែងសរុប ៣៧,៧គីឡូម៉ែត្រ និងសំណង់សិល្បការ ២៩កន្លែង កំពុងដំណើរការកិច្ចសន្យា។ ដោយឡែកគម្រោងដេញថ្លៃឆ្នាំ២០១៤ អនុវត្តឆ្នាំ២០១៥ មានចំនួន ១៨គម្រោងប្រវែងសរុប ១៨៣,១គីឡូម៉ែត្រ និងសំណង់សិល្បការចំនួន ១០០កន្លែង អនុវត្តសម្រេចលទ្ធផលបាន ១០០%។ ជាមួយគ្នានេះលើការថែទាំផ្លូវជាលក្ខណៈ ប្រចាំ និងបន្ទាន់ ឆ្នាំ២០១៥ មាន ២៨គម្រោង ប្រវែងសរុប ៤១៩គីឡូម៉ែត្រ រៀបថ្មការពារជើងទេរ និងសំណង់សិល្បការចំនួន ៦៩កន្លែង សម្រេចបាន ១០០%។

 

ក្នុងនោះការងារថែទាំប្រចាំ២០១៥ មាន២៥គម្រោង ប្រវែងសរុប ៣៩៤គីឡូម៉ែត្រ សម្រេចលទ្ធផលបាន ១០០%  ការជួសជុលបន្ទាន់អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងនាយកដ្ឋានផ្លូវលំជនបទមានចំនួន ៨៣គម្រោង ប្រវែងសរុប ២១៣គីឡូម៉ែត្រ និងសំណង់សិល្បការចំនួន ៣១កន្លែង លទ្ធផលអនុវត្តបាន១០០%។ ក្រៅពីនេះ ការងារដាំកូនឈើគ្រប់ប្រភេទបានចំនួន ១៤៧៧៤ដើម និងកប់គ្រាប់ត្នោតតាមដងផ្លូវបានចំនួន៤៤០៧០គ្រាប់ នៅក្នុង២៤រាជធានី ខេត្ត៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់