ក្រសួង​អភិវឌ្ឍន៍​ជនបទ​រៀបចំ​សាកល្បង​ផ្ទេរ​មុខងារ​ផ្ដល់​សេវា​អនាម័យ​ជនបទ​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​

"

កំពង់ចាម ២៧ កុម្ភៈ ២០១៥៖  ផែនការអនុវត្តបីឆ្នាំដំណាក់កាលទីពីរ ២០១៥-២០១៧ នៃកម្មវិធីជាតិ ផ្ដោតសំខាន់លើការពង្រឹងស្ថាប័ននិងផ្ទេរមុខងារជាក់លាក់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងរយៈពេលបីឆ្នាំនេះមានក្រសួងអាទិភាពចំនួន១៤នឹងធ្វើការសាកល្បងផ្ទេរមុខងារ។…

កំពង់ចាម ២៧ កុម្ភៈ ២០១៥៖  ផែនការអនុវត្តបីឆ្នាំដំណាក់កាលទីពីរ ២០១៥-២០១៧ នៃកម្មវិធីជាតិ ផ្ដោតសំខាន់លើការពង្រឹងស្ថាប័ននិងផ្ទេរមុខងារជាក់លាក់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងរយៈពេលបីឆ្នាំនេះមានក្រសួងអាទិភាពចំនួន១៤នឹងធ្វើការសាកល្បងផ្ទេរមុខងារ។

 

លោកសុខ សុទ្ធី អនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍគោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប លើកឡើងក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី២៥ កុម្ភៈ ថា ក្នុងចំណោមក្រសួងអាទិភាពទាំងនោះ ក្រសួងអភិវឌ្ឍន៍ជនបទគឺជាក្រសួងឈានមុខគេក្នុងការផ្ទេរមុខងារដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានសម្រេចផ្ទេរសាកល្បងមុខងារជួសជុល និងថែទំាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទដល់ស្រុកចំនួន៧ ក្នុងខេត្តកំពត និងខេត្តត្បូងឃ្មុំ និងរៀបចំផ្ទេរសាកល្បងមុខងារសេវាអនាម័យជនបន្ថែមទៀត។

 

ក្រសួងអភិវឌ្ឍន៍ជនបទ និងលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការគាំទ្រពីកម្មវិធីទឹកស្អាត និងអនាម័យរបស់ធនាគារពិភពលោក បានរៀបចំសិក្ខាសាលាស្ដីពីការអនុវត្តសាកល្បងការផ្ទេរមុខងារ ផ្ដល់សេវាអនាម័យជនបទតាមបែបវិមជ្ឈការ ដល់មន្ត្រីរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសណ្ឋាគារ ៧មករា ខេត្តកំពង់ចាម។ ដោយឡែកសិក្ខាសាលាដូចគ្នានេះ នឹងរៀបចំនៅខេត្តកំពង់ស្ពឺនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥។

 

លោកសុខ សុទ្ធី បន្តថា រឿងផ្ទេរមុខងារពីក្រសួងស្ថាប័នដល់រដ្ឋបាលថ្នាក់ក្រោមជាតិមិនមែនជាគម្រោងមួយដែលត្រូវបញ្ចប់នៅដំណាក់កាលណាមួយនោះទេ តែវាគឺជាផ្នែកសំខាន់មួយនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋភិបាលដែលត្រូវអនុវត្តជាប្រចាំ។ នេះជាកិច្ចការ និងកាតព្វកិច្ចរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

 

ក្រសួងអភិវឌ្ឍន៍ជនបទបានសម្រេចធ្វើប្រតិភូកម្មមុខងារអនាម័យជនបទជូនរដ្ឋបាលស្រុកគោលដៅចំនួន១០ដែលមានដូចជា៖ ស្រុកបរសេដ្ឋ ស្រុកគងពិសី ស្រុកឱរ៉ាល់ ស្រុកថ្ពង ស្រុកឧត្តុង្គ នៃខេត្តកំពង់ស្ពឺ និងស្រុកតំបែរ ស្រុកត្បូងឃ្មុំ ស្រុកមេមត់ ស្រុកអូររាំងឪ និងស្រុកពញាក្រែកនៃខេត្តត្បូងឃ្មុំ។

 

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់កម្មវិធីទឹកស្អាត និងអនាម័យរបស់ធនាគារពិភពលោក ចេញផ្សាយខែវិច្ឆិកា ឆ្នាំ២០១៣ បានបង្ហាញថាក្នុងឆ្នាំ២០១០ មាន៥៧ភាគរយនៃគ្រួសារកម្ពុជាបន្ទោបង់ពាសវាលពាសកាលនៅឡើយ និងនៅតំបន់ជនបទតួលេខនេះឡើងដល់៦៦ភាគរយ។ ទន្ទឹមនិងនេះ សូចនាករកង្វះអាហារូបត្ថម្ភដូចជាជំងឺក្រិននៃកុមារអាយុក្រោម៥ឆ្នាំនៅតែខ្ពស់រហូតដល់៤០ភាគរយក្នុងឆ្នាំ២០១០។ លទ្ធភាពក្នុងការទទួលបានអនាម័យក្នុងចំណោមគ្រួសារក្រីក្រគឺនៅទាបជាងបីដងបើធៀបទៅនឹងគ្រួសារមធ្យម។

 

ការផ្ទេរមុខងារសេវាអនាម័យជនបទដល់រដ្ឋបាលថ្នាក់ក្រោមជាតិនឹងជួយជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទឆ្នាំ២០១៤-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជាអោយសម្រេចអត្រាអនាម័យជនបទបាន១០០ភាគរយក្នុងឆ្នាំ២០២៥។

 

ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៤ និងទិសដៅការងារឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ បានកំណត់យកឆ្នាំ២០១៥ ជាឆ្នាំចាប់ផ្តើមធ្វើការផ្ទេរមុខងារ និងធនធាន ជាក់លាក់ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយចាប់ផ្តើមពីក្រសួង ស្ថាប័ន ដែលជាសមាជិក គ.ជ.អ.ប ដោយត្រូវរៀបចំផ្ទេរមុខងារជាអាណត្តិ របស់ខ្លួនទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យបានយ៉ាងហោចណាស់ ចំនួន១ នៅក្នុងឆ្នាំ២០១៥នេះ៕ NCDDS

ស្តាប់ប្រសាសន៍សម្តេច ហ៊ុន សែន ។

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់