ក្រសួង​អភិវឌ្ឍន៍​ជនបទ​ សាកល្បង​ប្រតិភូកម្ម​មុខងារ​សេវា​អនាម័យ​ជន​បទ​ដល់​ស្រុក​ចំនួន​១០ នៃ​ខេត្ត​ចំនួន​២

"

ភ្នំពេញ ២៧ កក្កដា ២០១៥៖ ដើម្បីអោយស្របតាមគោលដៅនៃផែនការយុទ្ធសាស្រ្តជាតិស្តីពីអនាម័យជនបទ និងទឹកស្អាតឆ្នាំ២០១៤-២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការសាកល្បងប្រតិភូកម្មមុខងារអនាម័យជនបទ ដល់រដ្ឋបាលស្រុកចំនួន១០ គឺស្រុកបរសេដ្ឋ ស្រុកគងពិសី ស្រុកថ្ពង ស្រុកឱរ៉ាល់ និងស្រុកឧដុង្គនៃខេត្តកំពង់ស្ពឺ និងស្រុកអូររាំងឪ ស្រុកពញាក្រែក ស្រុកតំបែរ ស្រុកមេមត់ និងស្រុកត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ…

ភ្នំពេញ ២៧ កក្កដា ២០១៥៖ ដើម្បីអោយស្របតាមគោលដៅនៃផែនការយុទ្ធសាស្រ្តជាតិស្តីពីអនាម័យជនបទ និងទឹកស្អាតឆ្នាំ២០១៤-២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការសាកល្បងប្រតិភូកម្មមុខងារអនាម័យជនបទ ដល់រដ្ឋបាលស្រុកចំនួន១០ គឺស្រុកបរសេដ្ឋ ស្រុកគងពិសី ស្រុកថ្ពង ស្រុកឱរ៉ាល់ និងស្រុកឧដុង្គនៃខេត្តកំពង់ស្ពឺ និងស្រុកអូររាំងឪ ស្រុកពញាក្រែក ស្រុកតំបែរ ស្រុកមេមត់ និងស្រុកត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ នៅសាលប្រជុំក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងតំណាងនាយកធនាគារពិភពលោកប្រចាំកម្ពុជា។

 

ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ថ្លែងពីផលប្រយោជន៍នៃការផ្ទេរមុខងារដល់រដ្ឋបាលស្រុកនាពេលនេះថា អាចពង្រឹងសមត្ថភាពរដ្ឋបាលស្រុកអោយមានភាពជាក់លាក់ក្នុងការអនុវត្តគម្រោងនានារបស់រាជរដ្ឋាភិបាលដែលគ្រោងនឹងផ្ទេរ និងជំរុញអោយមានការចូលរួមកាន់តែច្រើនដោយប្រជាពលរដ្ឋក្នុងសហគមន៍ជាលក្ខណៈប្រព័ន្ធ និងមាននិរន្តរភាព។

 

ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ការផ្ទេរមុខងារនេះគឺផ្ទេរទាំងធនធានបើទោះជាធនធានមានបរិមាណតិចតួចក្តី តែនេះបានបង្ហាញពីចេតនាពិតរបស់ក្រសួងក្នុងការផ្ទេរ ដើម្បីជួយជំរុញអោយផែនការយុទ្ធសាស្រ្តជាតិស្តីពីអនាម័យជនបទ និងទឹកស្អាត សម្រេចបាន១០០% នៅឆ្នាំ២០២៥។ 

 

ដើម្បីអោយមានតម្លាភាព និងគណនេយ្យភាពក្នុងការផ្ទេរមុខងារនេះ ក្រសួងអភិវឌ្ឍន៍ជនបទក៏បានបង្កើតប្រព័ន្ធទិន្នន័យមួយសម្រាប់តាមដានលើស្រុកគោលដៅទាំង១០ផងដែរ។

 

លោក Alassane Sow តំណាងធនាគារពិភពលោកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ដល់ក្រសួងអភិវឌ្ឍន៍ជនបទដែលបានសាកល្បងផ្ទេរមុខងារអនាម័យជនបទនាពេលនេះ។ លោកក៏បានបន្ថែមថា ការផ្ទេរមុខងារបានជោគជ័យលុះត្រាតែមានការចូលរួមទាំងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយធនាគារពិភពលោកនឹងនៅតែជួយជ្រោមជ្រែងលើការផ្ទេរមុខងារនេះជាបន្តទៀតនៅថ្ងៃមុខ។

 

គម្រោងសាកល្បងនេះមានការគាំទ្រជំនួយបច្ចេកទេសដោយ កម្មវិធីទឹកស្អាត និងអនាម័យរបស់ធនាគារពិភពលោក ហើយក្នុងឆ្នាំ២០១៥ នេះ ក្រសួងអភិវឌ្ឍន៍ជនបទនឹងផ្តល់ថវិកាចំនួន១,៤៦០,០០០រៀល សម្រាប់មួយស្រុក ហើយស្រុកគោលដៅត្រូវរួមចំណែកមូលនិធិរបស់ខ្លួនក្នុងការផ្ទេរមុខងារនេះផងដែរផ្អែកតាមស្ថានភាពជាក់ស្តែង។

 

មុខងារអនាម័យជនបទដែលត្រូវផ្ទេរសាកល្បង មានរយៈពេល២ឆ្នាំ (២០១៥-២០១៧) នេះមានដូចជា៖ 

ការលើកស្ទួយការយល់ដឹង កែប្រែទម្លាប់ និងអភិវឌ្ឍន៍ដោយសហគមន៍និងគ្រួសារដោយផ្ទាល់

ការបង្កើត ជំរុញ និងសម្របសម្រួលទីផ្សារអនាម័យមូលដ្ឋាន និង

ការគ្រប់គ្រងទិន្នន័យស្តីពីអនាម័យជនបទ និងទិន្នន័យពាក់ព័ន្ធទាំងអស់ក្នុងដែនសមត្ថកិច្ចស្រុក។

 

គួរបញ្ជាក់ផងដែរថា កាលពីចុងឆ្នាំ២០១៤ កន្លងមក ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រតិភូកម្មសាកល្បងមុខងារជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្អង់ទឹកស្អាតជនបទដល់រដ្ឋបាលស្រុកគោលដៅចំនួន៧ ដូចជា ស្រុកឈូក ស្រុកជុំគិរី ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាចនៃខេត្តកំពត និងស្រុកមេមត់ ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារនៃខេត្តត្បូងឃ្មុំ៕

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់