គម្រោង​កែលំអ​ផ្លូវ​ជនបទ បន្ត​ជំហាន​ទី​២ ពី​ក្រាល​ក្រួស​ក្រហម ទៅ​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង​ជាង ១២០០ គីឡូម៉ែត្រ​

ភ្នំពេញ ២១ ឧសភា ២០១៥៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា គម្រោងកែលំអផ្លូវជនបទនឹងត្រូវបន្តទៅជំហានទី២ ដែលត្រូវអនុវត្តន៍ចាប់ពីឆ្នាំ២០១៥ នេះតទៅដើម្បីកែលំអផ្លូវជនបទពីក្រាលក្រួសក្រហម ឱ្យទៅជាផ្លូវក្រាលកៅស៊ូប្រវែងជាង ១២០០ គីឡូម៉ែត្រ នៅក្នុងខេត្តចំនួន៩…

ភ្នំពេញ ២១ ឧសភា ២០១៥៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា គម្រោងកែលំអផ្លូវជនបទនឹងត្រូវបន្តទៅជំហានទី២ ដែលត្រូវអនុវត្តន៍ចាប់ពីឆ្នាំ២០១៥ នេះតទៅដើម្បីកែលំអផ្លូវជនបទពីក្រាលក្រួសក្រហម ឱ្យទៅជាផ្លូវក្រាលកៅស៊ូប្រវែងជាង ១២០០ គីឡូម៉ែត្រ នៅក្នុងខេត្តចំនួន៩ ក្នុងនោះខេត្តកំពង់ស្ពឺ នឹងត្រូវទទួលបានជាង ៧០ គីឡូម៉ែត្របន្ថែមទៀត។ 

 

ក្រសួងអភិវឌ្ឍន៍ជនបទបានឲ្យដឹងយ៉ាងដូចនេះ ក្នុងពិធីដាំដើមឈើរបស់គម្រោងកែលម្អផ្លូវជនបទ នៅវត្តព្រៃរមៀត ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥។ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ការកសាងផ្លូវគឺជាគោលដៅយុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅជនបទ។ ពេលមានផ្លូវល្អបានបង្កលក្ខណៈងាយស្រួល និងកាត់បន្ថយពេលវេលា ព្រមទាំងថវិការបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ជាពិសេសការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗទៅកាន់ទីផ្សារបានទាន់ពេលវេលាដែលជាកត្តាដ៏សំខាន់ក្នុងលើកកម្ពស់កម្រិត ជីវភាពរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។

 

 ឯកឧត្តម  ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានគាំទ្ររាជរដ្ឋាភិបាល ក្នុងការបន្តថែរក្សាស្ថិរភាពនយោបាយ សន្តិភាព និងអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន និងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ឲ្យរួមគ្នាការពារសមិទ្ធផលខាងលើឲ្យបានស្ថិតស្ថេរគង់វង្ស។ ទន្ទឹមនេះ ឯកឧត្តមក៏បានអំពាវនាវដល់ អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា និងអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ ត្រូវចូលរួមដាំដើមឈើរួមទាំងដើមត្នោតនៅតាមដងផ្លូវដើម្បីរួមចំណែកធ្វើឲ្យបរិស្ថានធម្មជាតិនៅក្នុងភូមិមានលក្ខណៈល្អប្រសើរផងដែរ ។

 

គួរបញ្ជាក់ថា ផ្លូវជនបទចំនួន ២ ខ្សែ ដែលធ្លាប់តែពិបាកធ្វើដំណើរទៅមក ប្រវែង ៦៩,៣៥៦ គីឡូម៉ែត្រ ឆ្លងកាត់ស្រុកភ្នំស្រួច ស្រុកបរសេដ្ឋ និងស្រុកគងពិសី នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ត្រូវបានកសាងឡើងវិញដោយក្រាលកៅស៊ូពីរជាន់ប្រភេទ DBST រួចរាល់ជាស្ថាពរ នៅចុងឆ្នាំ២០១៤ កន្លងមកនេះ ក្រោមគម្រោងកែលំអផ្លូវជនបទជំហ៊ាន ១ ក្រសួងអភិវឌ្ឍន៍ជនបទដែលបានកែលំអផ្លូវ ជាង ៥៤០ គីឡូម៉ែត្រ នៅក្នុងខេត្តគោលដៅចំនួន ៧។ ខ្សែទី១ ៖ ពីផ្សារត្រពាំងក្រឡឹង (ផ្លូវជាតិលេខ៤)-ផ្សារបាំងកាសី (ផ្លូវជាតិលេខ៣) ប្រវែង ៤៤,៩៣០ គីឡូម៉ែត្រ មានលូមូល ៣៦ កន្លែង លូប្រអប់ចំនួន ៣ កន្លែង និងសំណង់ទ្វារទឹក ២ កន្លែង និង ខ្សែទី២ ៖ ពីគីរីរស្មី-ដកពរ ប្រវែង ២៤,៤២៦ គីឡូម៉ែត្រ មានលូមូល ១៣ កន្លែង៕

ដកស្រង់ចេញពីគេហទំព៍រ CEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់