រដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ សម្ពោធ​ស្ថានីយ​ចម្រោះ​ទឹក​ស្អាត​សហគមន៍​

ត្បូងឃ្មុំ ៣០ មីនា ២០១៥៖ ស្ថានីយចម្រោះទឹកស្អាតសហគមន៍ចំនួន១៥ ដែលស្ថិតក្នុងខេត្តចំនួន៣គឺខេត្តព្រៃវែង ត្បូងឃ្មុំ និងកំពង់ចាម ត្រូវបានដាក់អោយប្រើប្រាស់កាលពីថ្ងៃ ទី២៦ ខែមីនា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា នៅឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ…

ត្បូងឃ្មុំ ៣០ មីនា ២០១៥៖ ស្ថានីយចម្រោះទឹកស្អាតសហគមន៍ចំនួន១៥ ដែលស្ថិតក្នុងខេត្តចំនួន៣គឺខេត្តព្រៃវែង ត្បូងឃ្មុំ និងកំពង់ចាម ត្រូវបានដាក់អោយប្រើប្រាស់កាលពីថ្ងៃ ទី២៦ ខែមីនា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា នៅឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងពិធីសម្ពោធនេះផងដែរ មានការចូលរួមពីតំណាងអាជ្ញាធរខេត្ត ស្រុក ឃុំនៃខេត្តទាំង៣  ពីតំណាងអង្គការ Lien Aid និងអង្គការ UNICEF ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកំពង់ទ្រាសជាង៤០០នាក់។

គម្រោងនេះបានចាប់ផ្តើមអនុវត្តពីខែមេសា ឆ្នាំ២០១៤ដល់ខែមីនា ឆ្នាំ ២០១៥ក្រោមការគាំទ្ររបស់អង្គការ Lien Aid និងអង្គការ UNICEF ដោយសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរមូលដ្ឋាន ជាពិសេសក្រុមប្រឹក្សាឃុំ ដែលមានហិរញ្ញប្បទានសរុប៣៨៦.០០០ដុល្លារសហរដ្ឋអាមេរិក ដែលអាចផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ដល់សហគមន៍ងាយរងគ្រោះ ក្នុងតំបន់ដែល មានសារធាតុអសេនិក និងមិនមានទឹកស្អាតប្រើប្រាស់ ដោយផលិតទឹកហូបច្រកដប២០លីត្រ លក់ចែកចាយក្នុងសហគមន៍ក្នុងតម្លៃត្រឹម៨០០រៀល ទៅ១៥០០ រៀល ។

ឯកឧត្តម ជា សុផារ៉ា បានកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីអនុវត្តគម្រោង រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ជាពិសេសសហគមន៍នៅខេត្តគោលដៅទាំង៣ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងផ្តល់ការគាំទ្រយ៉ាងស្មោះស្ម័គ្រក្នុងការដឹកនាំ និងអនុវត្តគម្រោងតាមជំនាញរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យ ។ 

ឯកឧត្ដម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ ដែលបានកំណត់នៅក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា (CMDG) ថា នៅឆ្នាំ២០១៥ ប្រជាពលរដ្ឋនៅជនបទ ៥០% នឹងទទួលបានការផ្គត់ផ្គង់ទឹក ដែលមានការកែលំអ និងនៅឆ្នាំ២០១៥ ប្រជាពលរដ្ឋនៅជនបទ ៣០% នឹងទទួលបានការលើកកម្ពស់អនាម័យ ។ ជាលទ្ធផលត្រឹមឆ្នាំ២០១៣ ប្រជាពលរដ្ឋនៅជនបទ ៤៩%ទទួលបានការផ្គត់ផ្គង់ទឹកដែលមានការកែលំអ និងប្រជាពលរដ្ឋជនបទ ៣៨,៥% ទទួលបានការលើកកម្ពស់អនាម័យ ។

ផ្អែកតាមលទ្ធផលនេះ កម្ពុជានឹងអាចសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្ស សម្រាប់ការផ្គត់ផ្គង់ទឹកដែលមានការកែលំអ និងលើកគោលដៅសម្រាប់ការលើកកម្ពស់អនាម័យ ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ដើម្បីជំរុញវិស័យនេះឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត រាជរដ្ឋាភិបាលបានអនុម័តផែនការយុទ្ធសាស្ត្រជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទឆ្នាំ២០១៤-២០២៥ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ ដោយបានដាក់ទិសដៅ នៅឆ្នាំ២០១៨ ប្រជាពលរដ្ឋនៅជនបទ ៦០% នឹងទទួលបានការផ្គត់ផ្គង់ទឹក ដែលមានការកែលំអ និងការលើកកម្ពស់អនាម័យហើយនៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព ។

ឯកឧត្តម បានសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ អោយយកចិត្តទុកដាក់លើ បញ្ហាសំខាន់ៗដូចជា៖១-ត្រូវរួមគ្នាចូលរួមគ្រប់គ្រង និងថែរក្សាសមិទ្ធផលដែលទទួលបានដោយស្មារតីទទួលខុសត្រូវ ។ ២-មន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំងបី ត្រូវរួមសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការ Lien Aid និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជួយគាំទ្រផ្នែកបច្ចេកទេស និងប្រឹក្សាយោបល់ដល់ឃុំ ដែលជាអ្នកថែរក្សា និងគ្រប់គ្រងដោយផ្ទាល់។ ៣-សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកទទួលផលចូលរួមចំណែកក្នុងការថែរក្សា ការពារដោយចាត់ទុកថា នេះជាទ្រព្យសម្បត្តិរួមរបស់សហគមន៍ទាំងមូល ៕ ដោយ៖ លោកស្រី ទេស ច័ន្ទសុធារី

ដកស្រង់ចេញពីគេហទំព័រ AKP

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់