ក្រសួង​អភិវឌ្ឍន៍​ជនបទ ប្រកាស​ផ្ទេរ​សិទ្ធិ​អំណាច​ទៅ​ឲ្យ​ថ្នាក់ក្រោម​ជាតិ ជា​លើកដំបូង

ភ្នំពេញ ១១ កុម្ភៈ ២០១៥៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសស្តីពីការធ្វើប្រតិភូកម្មមុខងារជួសជុល និង ថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទជូនរដ្ឋបាលស្រុកចំនួន ៧…

 

ភ្នំពេញ ១១ កុម្ភៈ ២០១៥៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសស្តីពីការធ្វើប្រតិភូកម្មមុខងារជួសជុល និង ថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទជូនរដ្ឋបាលស្រុកចំនួន ៧ នៅក្នុងខេត្តកំពត និងខេត្តត្បូងឃ្មុំ គឺជាការអនុវត្តការសាកល្បងនូវការផ្ទេរមុខងារពីថ្នាក់ជាតិទៅថ្នាក់ក្រមជាតិសម្រាប់ឆ្នាំ២០១៥ និង ២០១៦ ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។

 

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្រសួងមហាផ្ទៃ មានរៀបចំពិធីចុះហត្ថលេខាលើសេចក្តីសម្រេចរួមស្តីពីការអនុវត្តនៃការផ្ទេរមុខងារជួសជុល និងថែទាំប្រព័ន្ធផ្តត់ផ្គង់ទឹកស្អាតជនបទរវាងនាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាតជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទនិងរដ្ឋបាលស្រុកគោលដៅចំនួន ៧ នៃខេត្តកំពត និង ខេត្តត្បូងឃ្មុំក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគ.ជ.អ.ប. ព្រមទាំងវត្តមានរបស់លោក Erich Sidgwick តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា តំណាងស្ថាប័នពាក់ពន្ធ និងតំណាងគណៈអភិបាលខេត្តទាំងពីរ តំណាងគណៈអភិបាលស្រុកគោលដៅចំនួន៧ គឺស្រុកឈូក ស្រុកជុំគីរី ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច នៃខេត្តកំពត និងស្រុកមេមត់ ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ នៃខេត្តត្បូងឃ្មុំ។

   

លោក Erich Sidgwick បានស្វាគមន៍ចំពោះការធ្វើប្រតិភូកម្មអំណាច និងមូលនិធិពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ ដែលជាការសាកល្បងមួយដ៏មានសារៈសំខាន់។ 

 

លោកបន្តថា ធនាគារអភិវឌ្ឍន៍អាស៊ី នឹងបន្តជួយដល់គម្រោងពង្រីកទឹកស្អាតនេះ ទៅតាមទីជនបទរបស់កម្ពុជា នៅទូទាំងប្រទេស។

   

ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀប ចំនូវឯកសាររួចជាស្រេចក្នុងការផ្ទេរអំណាចនិងធនធានទៅថ្នាក់ក្រោមជាតិ។ 

 

លោករដ្ឋមន្ត្រី បានឲ្យដឹងថា មានរយៈ ៧ ឆ្នាំមកហើយ គឺចាប់តាំងពីឆ្នាំ២០០៨ មក បន្ទាប់ពីច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ស្រុក ខណ្ឌ វាដល់ពេលវេលា ដែលយើងត្រូវផ្ទេរសិទ្ធិអំណាច ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិហើយ។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិ នាពេលនេះ គឺយើងផ្តេរទាំងសិទ្ធិអំណាច និងធនធានទៅជាមួយផងដែរ ដោយការផ្ទេរត្រង់ទៅកាន់ធនាគារខេត្ត ហើយការផ្ទេរនេះ ក៏មិនមែនមានន័យថា ក្រសួង បានដោះដៃពីការទទួលខុសត្រូវនោះទេ ក្រសួងក៏នៅចាំជួយផ្នែកបច្ចេកទេសជាប្រចាំផងដែរ។ ក្រសួង នឹងរៀបចំឲ្យមានលំហូរ នៃធនធានថវិកា ធនធានមុនស្ស ទៅកាន់ជនបទ។

   

ឯកឧត្តម ជា សុផារ៉ា បានឲ្យដឹងទៀតថា  ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ជំនួយសម្រាប់វិស័យផ្គត់ផ្គង់ទឹកស្អាត នៅជំហានទី១ មានចំនួន ១៨ លានដុល្លារអាមេរិក និងនៅជំហានទី២ មាន ២១ លានដុល្លារអាមេរិក។ មកដល់ពេលនេះ កម្ពុជាបានធ្វើសម្រេចបាន ៤៩ ភាគរយនៃគោលដៅសហសវត្សរ៍ ដែលបានកំណត់ធ្វើឲ្យបាន ៥០ ភាគរយ នៅឆ្នាំ២០១៥  ដូចនេះ នៅសល់ ១ ភាគរយប៉ុណ្ណោះ។  

   

ឯកឧត្តម ជា សុផារ៉ា ក៏បានស្នើសុំឲ្យធនាគារអភវឌ្ឍន៍អាស៊ី បន្តជួយកម្ពុជាលើវិស័យទឹកស្អាតនេះបន្តទៀត ដើម្បីឲ្យកម្ពុជាសម្រេចបាននូវគោលដៅសហសវត្សរ៍ នៅឆ្នាំ២០១៨ ឲ្យបាន ៦០ ភាគរយ លើការងារអនាម័យ និងទឹកស្អាត និងសម្រេចឲ្យបាន ១០០ ភាគរយ នៅឆ្នាំ២០២៥។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងថា ចំពោះអនាម័យជនបទវិញ សម្រេចបានជិត ៣៩ ភាគរយ នៅឆ្នាំ២០១៥ នេះ គឺលើផែនការគោលដៅសហសវត្សរ៍ ដែលបាន កំណត់ ឲ្យបាន៣០ ភាគរយ នៅឆ្នាំ២០១៥ ដូចនេះ គោលដៅនេះ វាបានលើសផែនការហើយ។

     

ការផ្ទេរអំណាចនេះ គឺបានផ្តល់មុខងារជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ដែលក្រសួងអភិវឌ្ឍជនបទ ធ្វើប្រតិភូកម្ម មាន៖ ការជួសជុលតូច និងការជួសជុលធំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដូចជា អណ្តូងស្នប់ អណ្តូងលូ អណ្តូងចម្រុះ ស្រះសហគមន៍ និងបណ្តាញចែកចាយទឹកតាមទុយោរបស់សហគមន៍។ ការធ្វើតេស្តគុណភាពទឹក ដោយប្រើឧបករណ៍យួរដៃតូចៗ។ គាំទ្រដល់ដំណើរការបង្កើតក្រុមអ្នកប្រើប្រាស់ទឹក និងអនាម័យ។ ពង្រឹងសមត្ថភាពក្រុមអ្នកប្រើប្រាស់ទឹក និងអនាម័យ ក្នុងការថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត។ គ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ រាល់ប្រព័ន្ធទឹកស្អាតទាំងអស់ ក្នុងដែនសមត្ថកិច្ចរដ្ឋបាលស្រុក។

   

ជាមួយការផ្ទេរអំណាចនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានផ្ទេរធនធាន ដែលមានទឹកប្រាក់សរុបចំនួន ជាង ៣៧ លានរៀល សម្រាប់ឆ្នាំ២០១៥៕ 

ដកស្រង់ចេញពីគេហទំព័រ CEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់