ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ ប្ដេជ្ញា​ផ្ទេរ​មុខងារ​ទឹក​ស្អាត​អនាម័យ​ជន​បទ​អោយ​បាន​ល្អ​ និង​នៅទូទាំង​ប្រទេស​

ភ្នំពេញ ១០ កុម្ភៈ ២០១៥៖  «ក្រសួងផ្ទេរទាំងមុខងារ និងធនធានមនុស្សព្រមទាំងធនធានថវិកា ដល់ស្រុកគោលដៅដើម្បីអនុវត្តអោយបានជោគជ័យ ក្នុងការអនុវត្តគម្រោងប្រតិភូកម្មមុខងារជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ក្នុងរយៈពេលសាកល្បង២ឆ្នាំនេះ»។…

ភ្នំពេញ ១០ កុម្ភៈ ២០១៥៖  «ក្រសួងផ្ទេរទាំងមុខងារ និងធនធានមនុស្សព្រមទាំងធនធានថវិកា ដល់ស្រុកគោលដៅដើម្បីអនុវត្តអោយបានជោគជ័យ ក្នុងការអនុវត្តគម្រោងប្រតិភូកម្មមុខងារជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ក្នុងរយៈពេលសាកល្បង២ឆ្នាំនេះ»។ ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងដូចនេះក្នុងពិធីចុះហត្ថលេខាលើសេចក្ដីសម្រេចរួមអនុវត្តការផ្ទេរមុខងាររវាងក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលស្រុកគោលដៅចំនួន៧ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥។

 

ឯកឧត្តម ក៏បានមានប្រសាសន៍បន្ថែមថា «ប្រសិនជាការអនុវត្តសាកល្បងនេះទទួលបានជោគជ័យក្រសួងនឹងផ្ទេរមុខងារនេះដល់ទូទាំងប្រទេស ព្រមទាំងពិចារណាផ្ទេរនូវមុខងារផ្សេងទៀតដល់រដ្ឋបាលថ្នាក់ក្រោមជាតិបន្ថែមទៀត»។

 

ក្រសួងអភិវឌ្ឍន៍ជនបទបានសម្រេចផ្ទេរមុខងារជួសជុល និងថែទំាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទដល់ស្រុកចំនួន៧ ក្នុងខេត្តចំនួន២។

 

ឯកឧត្តម ជា សុផារ៉ា ក៏បញ្ជាក់ដល់ស្រុកគោលដៅទាំងអស់កុំមានក្តីបារម្ភក្នុងការទទួលនូវការផ្ទេរមុខងារពីក្រសួងឡើយ។ ក្រសួងនឹងនៅបន្តជួយជ្រោមជ្រែង និងតាមដាននៃការអនុវត្តមុខងារដែលបានផ្ទេរនោះ មិនមែនផ្ទេរហើយមិនត្រួតពិនិត្យទេ។ ក្រសួងមិនមែនផ្ទេរដោយគ្មានការទទួលខុសត្រូវនោះទេ ហើយសូមអោយស្រុកគោលដៅទាំងអស់ព្យាយាមប្រឹងប្រែងអនុវត្តនូវមុខងារដែលបានផ្ទេរអោយបានល្អិតល្អន់ ដើម្បីស្វែងទៅរកគោលដៅស្របគ្នាមួយគឺដើម្បីបង្ខិតសេវាសាធារណៈអោយកាន់តែជិតដល់ប្រជាពលរដ្ឋ។

 

គម្រោងនេះទទួលបានការគាំទ្របច្ចេកទេស និងថវិកាពីធនាគារអភិវឌ្ឍន៍អាស៊ី ដែលថវិកាសរុបសម្រាប់ស្រុកទាំង៧មានចំនួន ៣៧,៤០០,០០០ លានរៀល។

 

តំណាងដៃគូអភិវឌ្ឍធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍សរសើរក្រសួងអភិវឌ្ឍន៍ជនបទ និងលេខាធិការដ្ឋានគ.ជ.អ.ប ដែលមានការប្ដេជ្ញាខ្ពស់ក្នុងការធ្វើកំណែទម្រង់ផ្ទេរមុខងារទឹកស្អាតជនបទ ដែលនេះជាគំរូមួយដ៏ល្អសម្រាប់ក្រសួងផ្សេងៗទៀតក្នុងការផ្ទេរមុខងារចាំបាច់មួយចំនួនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានបញ្ជាក់ផងដែរថា ធនាគារអភវិឌ្ឍន៍អាស៊ីរីករាយ និងបន្តជួយជ្រោមជ្រែងទាំងផ្នែកបច្ចេកទេស និងថវិកាបន្ថែមទៀតដល់គម្រោងនេះ។

 

គួរបញ្ជាក់ផងដែរថា ក្រសួងអភិវឌ្ឍន៍ជនបទធ្វើប្រតិភូកម្មមុខងារជួសជុល និងថែទំាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទជូនរដ្ឋបាលស្រុកគោលដៅចំនួន៧ ដែលមានដូចជា៖ ស្រុកឈូក ស្រុកជុំគិរី ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាចនៃខេត្តកំពត និងស្រុកមេមត់ ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មានៃខេត្តត្បូងឃ្មុំ។ 

 

មុខងារជួសជុល និងថែទំាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទរួមមាន៖

-ការជួសជុលតូច និងការជួសជុលធំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដូចជា៖ អណ្តូងស្នប់ អណ្តូងលូ អណ្តូងចម្រុះ ស្រះសហគមន៍ និងបណ្តាញចែកចាយទឹកតាមទុយោរបស់សហគមន៍

-ការធ្វើតេស្តគុណភាពទឹកដោយប្រើឧបករណ៍យួរដៃតូចៗ

-គាំទ្រដល់ដំណើរការបង្កើតក្រុមអ្នកប្រើប្រាស់ទឹក និងអនាម័យ

-ពងង្រឹងសមត្ថភាពក្រុមអ្នកប្រើប្រាស់ទឹក និងអនាម័យក្នុងការថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត

-គ្រប់គ្រងបញ្ជីសារពើភ័ណ្ឌរាល់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទាំងអស់ក្នុងដែនសមត្ថកិច្ចរដ្ឋបាលស្រុក។

ទាញយកសេចក្តីប្រកាសរបស់ក្រសួងអភិវឌ្ឍន៍ជនបទពីការប្រតិភូកម្មមុខងារទឹកស្អាតជនបទ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់