ក្រសួង​សាធារណការ​សាកល្បង​ដាក់​បញ្ចូល​ការ​ប្រែប្រួល​អាកាសធាតុ ទៅ​ក្នុង​ផែនការ​និង​ថវិកា​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១៧

ភ្នំពេញ ១៧ មិថុនា ២០១៦៖ ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ បានឯកភាពសាកល្បងដាក់បញ្ចូលការប្រែប្រួលអាកាសធាតុទៅក្នុងផែនការនិងថវិការបស់ខ្លួនសម្រាប់ឆ្នាំ២០១៧ ដើម្បីធ្វើឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិមានភាពធន់នឹងអាកាសធាតុ។

ភ្នំពេញ ១៧ មិថុនា ២០១៦៖ ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ បានឯកភាពសាកល្បងដាក់បញ្ចូលការប្រែប្រួលអាកាសធាតុទៅក្នុងផែនការ និងថវិការបស់ខ្លួនសម្រាប់ឆ្នាំ២០១៧ ដើម្បីធ្វើឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមានភាពធន់នឹងអាកាសធាតុ។

 

ការឯកភាពនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំដែលមានអ្នកចូលរួមសរុបប្រមាណ២០នាក់ តំណាងមកពីនាយកដ្ឋានជំនាញក្រោមឱវាទក្រសួងសាធារណការនិងដឹកជញ្ជូន តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (អ.ក.អ.ច) និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា។

 

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម វ៉ាស៊ីមសូរិយា អគ្គនាយករដ្ឋបាលនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ទទួលស្គាល់ថា ការដាក់បញ្ចូលការប្រែប្រួលអាកាសធាតុទៅក្នុងផែនការ និងថវិកាក្នុងវិស័យសាធារណការ និងដឹកជញ្ជូនពិតជាមានសារៈសំខាន់ និងចាំបាច់ ស្របពេលដែលបញ្ហាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ពិសេសការកើនឡើងកម្តៅភពផែនដីកាន់តែធ្ងន់ធ្ងរឡើង។ ទន្ទឹមនឹងនេះ ឯកឧត្តមបានស្នើឱ្យក្រុមការងារជំនាញនៃនាយកដ្ឋានពាក់ព័ន្ធពិនិត្យមើលលទ្ធភាពនៃការដាក់បញ្ចូលបញ្ហាទាំងនេះទៅក្នុងផែនការប្រចាំឆ្នាំ និងថវិកាកម្មវិធីសម្រាប់ឆ្នាំ២០១៧ឬ ២០១៨។

 

ជាមួយគ្នានេះ អង្គប្រជុំបានសម្រេចជ្រើសរើសនាយកដ្ឋានផ្លូវថ្នល់ និងនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ ដោយបានជ្រើសរើស៣-៤គម្រោង ដើម្បីសិក្សាសាកល្បងនិងដាក់បញ្ចូលការប្រែប្រួលអាកាសធាតុសម្រាប់ឆ្នាំ២០១៦ និង២០១៧។ សម្រេចដាក់បញ្ចូលការប្រែប្រួលអាកាសធាតុទៅក្នុងផែនការយុទ្ធសាស្ត្រថវិការបស់ក្រសួងសាធារណការ និងដឹកជញ្ជូនសម្រាប់ឆ្នាំ២០១៧ ដោយមានការគាំទ្រពីជំនាញការរបស់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា និងផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីជំនាញនៅតាមនាយកដ្ឋានអំពីការវិភាគការចំណាយ-ផលចំណេញលើគម្រោងវិនិយោគដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។

 

សូមបញ្ជាក់ថា ការឯកភាពសាកល្បងនេះបានធ្វើឡើងបន្ទាប់ពីភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ដើម្បីអនុវត្តកម្មវិធីការងារចំនួនពីរគឺ ១-ការដាក់បញ្ចូលការប្រែប្រួលអាកាសធាតុទៅក្នុងថវិកាកម្មវិធីរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនសម្រាប់ឆ្នាំ២០១៧ និង២-ការសិក្សាពីការចំណាយ-ផលចំណេញនៃកម្មវិធីវិនិយោគដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់