ការ​បង្ហាញ​ពី រឿង​លេចធ្លោ​ពី​សហគមន៍​ របស់​គម្រោងការ​លើក​កម្ពស់​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (Proceed) ​

"

ភ្នំពេញ ៣ មិថុនា ២០១៥៖ «ការជ្រើសរើសរឿងជោគជ័យលេចធ្លោពីសហគមន៍នាពេលនេះ គឺពិតជាមានសារសំខាន់បំផុតសម្រាប់អ្នកផ្ដល់សេវាដូចជាអាជ្ញាធរ ឬរាជរដ្ឋាភិបាលជាដើម ដើម្បីដឹងពីចំណុចខ្វះខាតនឹងពង្រឹងពីការបំពេញសេវាដល់ប្រជាពលរដ្ឋ»…

ភ្នំពេញ ៣ មិថុនា ២០១៥៖ «ការជ្រើសរើសរឿងជោគជ័យលេចធ្លោពីសហគមន៍នាពេលនេះ គឺពិតជាមានសារសំខាន់បំផុតសម្រាប់អ្នកផ្ដល់សេវាដូចជាអាជ្ញាធរ ឬរាជរដ្ឋាភិបាលជាដើម ដើម្បីដឹងពីចំណុចខ្វះខាតនឹងពង្រឹងពីការបំពេញសេវាដល់ប្រជាពលរដ្ឋ»។ នេះជាការលើកឡើងរបស់ឯកឧត្តម ជាម ប៉េអា អនុប្រធានក្រុមការងារផ្ដល់យោបល់គម្រោង Proceed និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងសិក្ខាសាលាជ្រើសរើសរឿងជោគជ័យលេចធ្លោក្នុងសហគមន៍គម្រោង Proceed កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៥ ។

 

ឯកឧត្តម ក៏បានបន្ថែមថា រាជរដ្ឋាភិបាលមានគោលបំណងអោយរដ្ឋបាលមូលដ្ឋានធ្វើការសម្រេចចិត្តដោយមានការប្រឹក្សាយោបល់ជាមួយប្រជាពលរដ្ឋក្នុងការអភិវឌ្ឍន៍សហគមន៍របស់ខ្លួន ព្រមទាំងមានការចែករំលែក ផ្សព្វផ្សាយព័ត៌មានអោយបានទូលំទូលាយរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋផងដែរ ដូចដែលក្នុងផែនការអនុវត្តរយៈពេល៣ឆ្នាំ ដំណាក់កាលទី២ ក៏បានកំណត់ពីគោលដៅនៃកំណត់រឿងជោគជ័យក្នុងសហគមន៍ដើម្បីអាជ្ញាធរថ្នាក់ក្រោមជាតិសិក្សាជាបទពិសោធន៍។

 

គម្រោង Proceed ត្រូវបានអនុវត្តជាង២ ឆ្នាំកន្លះ ដោយមានបំណងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលអនុវត្តដោយអង្គការផេកកម្ពុជា សហការជាមួយលេខាធិការដ្ឋានគ.ជ.អ.ប និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលអនុវត្តក្នុងឃុំ សង្កាត់គោលដៅចំនួន៦៣ ក្នុងក្រុង ស្រុកចំនួន៨ នៃខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ចាម និងខេត្តមណ្ឌលគិរី។

 

លោក ស្រី អ៊ឹង យក់ឃន នាយិកាអង្គការអមរាខេត្តបាត់ដំបង ដែលជាអង្គការដៃគូរបស់ផេក ក្នុងការអនុវត្តគម្រោង Proceed បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលបានផ្តល់រឿងជោគជ័យក្នុងស្រុកគោលដៅ ខេត្តបាត់ដំបង មានអារម្មណ៍រីករាយ សប្បាយចិត្ត ដោយសារពួកគាត់មានឱកាសក្នុងការបង្ហាញពីរឿងពិតដែលពួកគាត់បានជួបប្រទះក្នុងសហគមន៍របស់គាត់ផ្ទាល់ ដែលពីមុនមកគាត់មិនដឹងថាបង្ហាញនៅទីកន្លែងណា។

 

ឯកឧត្ដម ជាម ប៉េអា ក៏បានមានប្រសាសន៍ផងដែរថា សិក្ខាសាលាថ្ងៃនេះគឺជាមេរៀនដ៏ល្អមួយដែលជាបទពិសោធន៍សម្រាប់ការអនុវត្តគម្រោងដែលមានការចូលរួមរបស់ប្រជាពលរដ្ឋនាពេលក្រោយៗទៀត។ ម្យ៉ាងវិញទៀត រដ្ឋបាលថ្នាក់ក្រោមជាតិនឹងពុំអាចសម្រេចបាននូវការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាពនោះឡើយ ប្រសិនបើពុំមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន។

 

សិក្ខាសាលាថ្នាក់ជាតិស្តីពីការជ្រើសរើសរឿងជោគជ័យលេចធ្លោពីសហគមន៍របស់គម្រោង Proceed មានគោលបំណង ចែករំលែកបទពិសោធន៍នៃការជ្រើសរើសរឿងជោគជ័យ និងផ្សព្វផ្សាយរឿងជោគជ័យដែលបានជ្រើសរើសក្នុងក្រុង ស្រុកគោលដៅ។

 

អ្នកចូលរួមក្នុងសិក្ខាសាលាមានប្រធានអង្គការសហគមន៍មូលដ្ឋាន ដែលជាតំណាងប្រជាពលរដ្ឋ ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ស្រុក ឃុំ សង្កាត់ សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោង អង្គការសង្គមស៊ីវិល ម្ចាស់រឿងលេចធ្លោ ម្ចាស់ជំនួយ តំណាងលេខាធិការដ្ឋានគ.ជ.អ.ប និងអ្នកពាក់ព័ន្ធការងារអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលសរុបប្រមាណជា ៨០រូប។ 

 

គួរបញ្ជាក់ផងដែរថា រឿងដែលលេចធ្លោត្រូវបានជ្រើសរើស ពីក្រុង ស្រុកគោលដៅរបស់គម្រោងមានចំនួន២៤ រឿង ហើយនាពេលរសៀលនៃសិក្ខាសាលានឹងមានការបោះឆ្នោតជ្រើសរើសរឿងជោគជ័យលេចធ្លោចុងក្រោយចំនួន៤ ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់