មង្គលបូរី-បន្ទាយមានជ័យ ១២ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សា ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ អាណត្តិទី២ បានប្រារព្វធ្វើឡើង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤…
មង្គលបូរី-បន្ទាយមានជ័យ ១២ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ អាណត្តិទី២ បានប្រារព្វធ្វើឡើង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង៨.៣០នាទីព្រឹក នៅសាលាស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនេះដែរ ក៏មានវត្តមានសមាជិកក្រុមប្រឹក្សាខេត្តអាណត្តិទី២ នាយកទីចាត់ការសាលាខេត្ត មន្ទីរជំនាញ គណៈអភិបាលស្រុក ការិយាល័យជំនាញនានាជុំវិញស្រុក មេបញ្ជាការនៃអង្គភាពសឹករងស្រុក អធិការដ្ឋាននគរបាលស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុក តំណាងអង្គការជាតិ និងអន្តរជាតិ តំណាងគណបក្សប្រជាជនកម្ពុជា តំណាងគណបក្សសង្គ្រោះជាតិ និងមន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀត សរុប៩០ នាក់ (ស្រ្តី២០នាក់)។
លោក ឡុង ពុន អភិបាលស្រុកស្ដីទីនៃគណៈអភិបាលស្រុកមង្គលបូរី មានមតិស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍សង្ខេបអំពីសភាពការណ៍ទូទៅរបស់ស្រុក លើការអភិវឌ្ឍគ្រប់វិស័យ ដោយផ្តោតសំខាន់លើ ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈព្រមទាំងលទ្ធផលការងារបស់ក្រុមប្រឹក្សាស្រុកអាណត្តិទី១ (២០០៩ ២០១៤)។
បន្ទាប់មកលោក លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បានអានអនុក្រឹត្យលេខ ៧៨៩ អនក្រ-តត ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។ យោងតាមអនុក្រឹត្យ សម្រេចតែងតាំង លោក ម៉ុន មី ជាប្រធានក្រុមប្រឹក្សាស្រុកមង្គលបូរី និងសមាជិកក្រុមប្រឹក្សាចំនួន១៨ រូបទៀត។
លោក ម៉ុន មី ប្រធានក្រុមប្រឹក្សាស្រុកមង្គលបូរី ដែលទើបប្រកាសចូលកាន់ដំណែង បានមានចំណាប់អារម្មណ៍ និងធ្វើការប្តេជ្ញាចិត្ត៖
- ប្រតិបត្តិដោយភក្តីភាពចំពោះក្រុមប្រឹក្សា គណៈអភិបាលខេត្ត រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ គោរពរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានជាធរមាន និងអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ លើកកម្ពស់ប្រសិទ្ធិភាពក្នុងការធ្វើ និងអនុវត្តសេចក្តីសម្រេចប្រកបដោយអភិបាលកិច្ចល្អ។
- ខិតខំពង្រឹងរដ្ឋបាលឯកភាពស្រុក ធ្វើឲ្យរដ្ឋបាលស្រុកមានម្ចាស់ការបានក្នុងការគ្រប់គ្រងការចាត់ចែងមុខងារ និងធនធានហិរញ្ញវត្ថុ បុគ្គលិកទ្រព្យសម្បត្តិរបស់ខ្លួន ហើយមានសមត្ថភាពសម្របសម្រួលនូវសកម្មភាពនៃការផ្តល់សេវា និងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច។
- ពង្រឹងសាមគ្គីផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីបុគ្គលិក និងទំនាក់ទនងល្អជាមួយក្រុមប្រឹក្សាតាមប្រភេទ ព្រមទាំងក្រសួង ស្ថាប័ន មន្ទីរ អង្គភាពក្នុងដែនសមត្ថកិច្ច ដើម្បីសុខដុមនីយកម្ម លើទិដ្ឋភាពនយោបាយ និងរដ្ឋបាល សំដៅរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រឹងមាំខ្លាំងក្លា ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត បានមានមតិសំណេះ សំណាល និងផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំស្រុក បន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បន្តខិតខំអនុវត្តការងារឲ្យសម្រេចបានជោគជ័យ។ សំខាន់បំផុត ឯកឧត្តម បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាថ្មីអាណត្តីទី២ ដែលទើបប្រកាសចូលកាន់តំណែងត្រូវខិតខំយកចិត្តទុកដាក់បម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ព្រោះយើងរស់នៅក្រោមឆ័ត្រតែមួយរបស់រាជរដ្ឋាភិបាល អនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់លិខិតបទដ្ឋាននានាជាធរមាន។ ចំពោះមុខជាបន្ទាន់នេះ ត្រូវរៀបចំរបៀបរបបការងាររបស់ខ្លួនស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃលេខ០១៥សណន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ត្រូវប្រជុំសាមញ្ញលើកទី១មិនឲ្យហួសពី១៥ថ្ងៃ បន្ទាប់ពីពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សានាថ្ងៃនេះ។ កិច្ចប្រជុំសាមញ្ញលើកទី១របស់ក្រុមប្រឹក្សាត្រូវធ្វើការផ្សព្វផ្សាយ និងស្តាប់របាយការណ៍លើបញ្ហាមួយចំនួនដូចជា៖
- ផ្សព្វផ្សាយសេចក្តីណែនាំ០១៥ស.ណ.ន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការរៀបចំ បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។
- ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំក្រុមប្រឹក្សាសម្រាប់រយៈពេល១២ខែ។
- អភិបាលស្រុកធ្វើរបាយការណ៍អំពីលទ្ធផលការងារនៃរដ្ឋបាលរបស់ខ្លួន ក្នុងការដឹកនាំរបស់ ក្រុមប្រឹក្សា អាណត្តិទី២ និងការងារសេសសល់ ទិសដៅការងារ និងណែនាំក្រុមប្រឹក្សាត្រូវរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២ មិនឲ្យមុន២៥ថ្ងៃ ឬលើស៣៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំលើកទី១។ ក្នុងកិច្ចប្រជុំលើកទី២ ក្រុមប្រឹក្សាត្រូវអនុម័តកំណត់ហេតុកិច្ចប្រជុំលើកទី១ ដីកាស្តីពីបទបញ្ជាផ្ទៃក្នុងក្រុមប្រឹក្សា និងប្រតិទិននៃកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សារយៈពេល១២ខែ៕