ក្រសួងមហាផ្ទៃ បូកសរុប​លទ្ធផល​ស្ដីពី​ការ​អនុវត្ត​ការងារ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ និង​ការិយាល័យ​ប្រជាពលរដ្ឋ ប្រចាំ​ឆ្នាំ​២០១៦

ព្រះសីហនុ ៣០ វិច្ឆិកា ២០១៦៖ ឯកឧត្ដម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលប្រចាំឆ្នាំ២០១៦ និងលើកទិសដៅសកម្មភាពឆ្នាំ២០១៧ ស្ដីពីការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅសណ្ឋាគារតោមាស ខេត្តព្រះសីហនុ។

ព្រះសីហនុ ៣០ វិច្ឆិកា ២០១៦៖ ឯកឧត្ដម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលប្រចាំឆ្នាំ២០១៦ និងលើកទិសដៅសកម្មភាពឆ្នាំ២០១៧ ស្ដីពីការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅសណ្ឋាគារតោមាស ខេត្តព្រះសីហនុ។

 

ឯកឧត្ដមមានប្រសាសន៍ថា គិតត្រឹមឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការនូវការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋ បានចំនួន៤៦ក្រុង ស្រុក ខណ្ឌគោលដៅរួចហើយ និងបានផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់លើវិស័យចំនួន១៣ ដែលមានជាង២០០មុខប្រភេទសេវា។ ដោយឡែកឆ្នាំ២០១៦នេះដែរ ក្រសួងក៏បន្តពង្រីកការិយាល័យទាំងពីរនេះនៅស្រុកថ្មីចំនួន០៦បន្ថែមទៀត ដែលការិយាល័យនៃស្រុកទាំង០៦កំពុងដំណើរការសាងសង់អគារ និងបំពាក់សម្ភារបរិក្ខារ ហើយដែលត្រូវបង្កើត និងដាក់ដំណើរការផ្ដល់សេវានៅដើមឆ្នាំ២០១៧នេះ។

 

ឯកឧត្ដមបញ្ជាក់ថា នេះជាសមិទ្ធផលធំធេងដែលបានរួមចំណែកដល់ការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសពាក់ព័ន្ធនឹងការផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានអោយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្ដល់សេវាប្រកបដោយប្រសិទ្ធភាព និងបម្រើប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង។

 

ឯកឧត្ដមបញ្ជាក់បន្ថែមថា ទន្ទឹមនឹងសមិទ្ធផលដែលយើងសម្រេចបានក្នុងការបង្កើនគុណភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវា បញ្ហាប្រឈមមួយចំនួនត្រូវបន្តយកចិត្តទុកដាក់ ពិសេសពាក់ព័ន្ធនឹងការលុបបំបាត់ការរត់ការ ការផ្តល់សេវាក្រៅការិយាល័យ និងការផ្សព្វផ្សាយដើម្បីអោយប្រជាពលរដ្ឋមកស្នើសុំសេវាដោយផ្ទាល់នៅការិយាល័យច្រកចេញចូលតែមួយ។

 

ចុងក្រោយ ឯកឧត្ដមបានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំក្រុង ស្រុក ខណ្ឌ រួមទាំងមន្ត្រីជួរមុខ ជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវនិងមនសិការវិជ្ជាជីវៈខ្ពស់៕

 

អត្ថបទដកស្រង់ចេញពីទំព័រ Facebook ការិយាល័យច្រកចេញចូលតែមួយ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់