ក្រសួង​មហាផ្ទៃ ពង្រឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​កាន់តែ​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ តាម​រយៈ​ការ​ចូលរួម​អនុវត្ត​គម្រោង​ជំនួយ​ផ្នែក​ទំនាក់​ទំនង​នៅ​កម្ពុជា

ភ្នំពេញ ៧ សីហា ២០១៤៖ ក្រសួងមហាផ្ទៃបានណែនាំដល់អភិបាលខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពត និងខេត្តកំពង់ចាម ឲ្យពង្រឹងការផ្សព្វផ្សាយព័ត៌មាន ឲ្យកាន់តែទូលំទូលាយដល់ ប្រជាពលរដ្ឋ តាមរយៈការចូលរួមអនុវត្តគម្រោងជំនួយផ្នែកទំនាក់ទំនងនៅកម្ពុជា (CCAP)។

ភ្នំពេញ ៧ សីហា ២០១៤៖ ក្រសួងមហាផ្ទៃបានណែនាំដល់អភិបាលខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពត និងខេត្តកំពង់ចាម ឲ្យពង្រឹងការផ្សព្វផ្សាយព័ត៌មានឲ្យកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ តាមរយៈការចូលរួមអនុវត្តគម្រោងជំនួយផ្នែកទំនាក់ទំនងនៅកម្ពុជា (CCAP)។

នៅក្នុងលិខិតចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤ របស់ក្រសួងមហាផ្ទៃ ផ្ញើជូនអភិបាលខេត្តទាំង៤ បានឲ្យដឹងថា ដោយមើលពីសារសំខាន់នៃការផ្ដល់ និងទទួលព័ត៌មានពីប្រជាពលរដ្ឋ ដែលជាផ្នែកមួយនៃការពង្រឹងគណនេយ្យភាពសង្គម ក្រសួងមហាផ្ទៃ បានចាត់មន្ត្រីឲ្យចូលរួមជាសមាជិកក្រុមការងារពិគ្រោះយោបល់ ដើម្បីជំរុញការអនុវត្តគម្រោងជំនួយផ្នែកទំនាក់ទំនងនៅកម្ពុជា។

គម្រោងនេះបានទទួលហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់អូស្ត្រាលី ផ្ដល់ជូនក្រសួងព័ត៌មាន សហការជាមួយវិទ្យុអេប៊ីស៊ីអូស្ត្រាលី សំដៅពង្រឹងការងាររបស់មន្ទីរព័ត៌មាននៅខេត្តបាត់ដំបង កំពត កំពង់ចាម និងខេត្តសៀមរាប តាមរយៈការបង្កើតកម្មវិធី Talkback Programនៅស្ថានីយវិទ្យុរបស់ខេត្ត។

លិខិតក៏បានបញ្ជាក់ទៀតថា កន្លងមក កម្មវិធី Talkback Program បានអញ្ជើញអភិបាលខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធនានា ដើម្បីធ្វើបទសម្ភាសន៍ផ្ទាល់តាមវិទ្យុខេត្ត ក្នុងបំណងផ្ដល់ព័ត៌មានជូនសាធារណជន ឲ្យកាន់តែទូលំទូលាយ។ ប៉ុន្តែ តាមការអនុវត្តជាក់ស្ដែងនាពេលកន្លងមក កម្មវិធីនេះបានជួបនូវបញ្ហាប្រឈមខ្លះៗ ដូចជាការលំបាកក្នុងការសម្របសម្រួលជាមួយរដ្ឋបាលខេត្ត ក្នុងការជំរុញការអនុវត្តសកម្មភាពរបស់គម្រោង រួមទាំងមន្ត្រីថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនមិនព្រមចូលរួមតាមការអញ្ជើញ។

ដោយយល់ឃើញពីសារសំខាន់នៃកម្មវិធីនេះ និងដោយកត់សម្គាល់នូវបញ្ហាប្រឈមនានា ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់ (១). ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តគោលដៅ ត្រូវចូលរួមសម្របសម្រួល និងផ្ដល់កិច្ចសហការឲ្យបានជាប់ជាប្រចាំជាមួយកម្មវិធី Talkback Program (២). អភិបាលខេត្តក្នុងនាមប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ត្រូវណែនាំសម្របសម្រួល និងជំរុញឲ្យប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត ចូលរួមក្នុងកម្មវិធី Talkback Program តាមការអញ្ជើញ (៣) អភិបាលខេត្តត្រូវបញ្ជូនមន្ត្រីទទួលបន្ទុកព័ត៌មានខេត្ត ឲ្យចូលរួមផ្ដល់ព័ត៌មានក្នុងកម្មវិធី Talkback Program ឲ្យបានទៀងតាមការអញ្ជើញ៕

 

ទាញយកលិខិតនៅទីនេះ។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់