ក្រសួង​មហាផ្ទៃ​បង្កើត​អគ្គលេខាធិការដ្ឋាន​រួម​តែមួយ​សម្រាប់​សមាគម​ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​

ភ្នំពេញ ២៦ ឧសភា ២០១៥៖ មន្រ្ដីក្រសួងមហាផ្ទៃបានប្រកាសថា ក្រសួងនឹងបង្កើតអគ្គលេខាធិការដ្ឋាន រួមតែមួយសម្រាប់ធ្វើការសម្របសម្រួលដល់ការងាររបស់សមាគមក្រុមប្រឹក្សារាជធានី ខេត្ដ និងរដ្ឋបាលថ្នាក់ក្រោមជាតិ…

 

ភ្នំពេញ ២៦ ឧសភា ២០១៥៖ មន្រ្ដីក្រសួងមហាផ្ទៃបានប្រកាសថា ក្រសួងនឹងបង្កើតអគ្គលេខាធិការដ្ឋាន រួមតែមួយសម្រាប់ធ្វើការសម្របសម្រួលដល់ការងាររបស់សមាគមក្រុមប្រឹក្សារាជធានី ខេត្ដ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំនៃសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ដ និងសម្ព័ន្ធ ភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ នៅភោជនីយដ្ឋានទន្លេបាសាក់២ ឯកឧត្តម ឌី សុកផាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការបង្កើតអគ្គលេខាធិការដ្ឋានមួយរួមគ្នានេះបានជួយដល់សមាគមក្នុងការស្វែងរកភាពជាដៃគូពីអង្គការជាតិ អន្ដរជាតិលើការងារបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងការស្វែងរកថវិកាដើម្បីទ្រទ្រង់សកម្មភាពរបស់ខ្លួន។

 

 ឯកឧត្តមបញ្ជាក់ថា ក្រោយពីការបង្កើតអគ្គលេខាធិការដ្ឋានរួចហើយ ក្រសួងគ្រោងនឹងផ្ទេរការងារមួយចំនួនពាក់ព័ន្ធទៅនឹងការអភិវឌ្ឍសមត្ថភាពក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិឱ្យមកអគ្គលេខាធិការដ្ឋានទទួលបន្ទុកការងាររួមរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ដ និងក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។

 

ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានឱ្យដឹងថា ការបង្កើតអគ្គលេខាធិការដ្ឋានរួមតែមួយរបស់សមាគមជាតិទាំងពីរនេះ មានអត្ថប្រយោជន៍សម្រាប់ជួយកាត់បន្ថយការចំណាយទៅលើការងារប្រតិបត្តិការនិងការផ្ដល់សេវាដល់សមាជិកទាំងអស់មានភាពស៊ីចង្វាក់គ្នា ងាយស្រួលក្នុងការសម្របសម្រួលរវាងភាគីទាំងពីរ ដោយមិនជាន់តួនាទី និងភារកិច្ចគ្នា ទៅវិញទៅមក ហើយធ្វើឱ្យការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។

 

ឯកឧត្តមលើកឡើងថា ក្រោយពេលបង្កើតបានអគ្គលេខាធិការដ្ឋានរួមតែមួយរួចហើយ សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ដ និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ត្រូវពិភាក្សាគ្នាបង្កើត និងរៀបចំគោលនយោបាយរដ្ឋបាលហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ ដើម្បីបើកច្រក ឱ្យដៃគូអភិវឌ្ឍន៍នានាដែលគាំទ្រសមាគមមានឱកាសចូលរួមផ្ដល់ថវិកា សម្រាប់ធ្វើការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ។ 

 

ឯកឧត្តមប្រធានសម្ព័ន្ធភាពជាតិក៏បានអះអាងថា ជាមួយគ្នានេះដែរកម្មវិធីអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក៏មានភាពងាយស្រួលសម្រាប់ចូលរួមរៀបចំផែនការ និងគម្រោងអភិវឌ្ឍន៍ដល់សមាគមទាំងពីរព្រមទាំងជួយតម្រង់ទិសកសាងសមត្ថភាព និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអគ្គលេខាធិការដ្ឋាន ដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាលផងដែរ។ អគ្គលេខាធិការដ្ឋាននេះក៏បានចូលរួម បង្កើនសំឡេងកាន់តែធំ ដើម្បីបង្ហាញអំពីតម្រូវការ និងការទាមទាររបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ។

 

សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ដ មានតួនាទីជាអ្នកសម្របសម្រួលការងារ ការផ្លាស់ប្ដូរព័ត៌មាន និងការកសាងសមត្ថភាពដល់សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ដ ព្រមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍នៅក្នុងរាជធានី-ខេត្ដ ។

 

ចំណែកសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន មានតួនាទីជាអ្នកសម្របសម្រួលការងារ ការផ្លាស់ប្ដូរព័ត៌មាន និងការកសាងសមត្ថភាពគ្របដណ្ដប់ទៅដល់សមាជិកថ្នាក់ស្រុក ខណ្ឌ ឃុំ សង្កាត់៕ដោយ៖ អ៊ុន រិទ្ធី

ដកស្រង់ចេញពីគេហទំព័រ AKP

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់