សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨របស់ក្រសួងមហាផ្ទៃ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​បិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨របស់ក្រសួងមហាផ្ទៃនារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ។

បន្ទាប់ពីបានស្តាប់របាយការណ៍ដែលអានដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃជុំវិញកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលក្រសួងមហាផ្ទៃសម្រេចបានកាលពីឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ថា “ខ្ញុំសូមស្នើគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតធ្វើការពន្លឿនថែមទៀតនូវការផ្ទេរមុខងារ និងធនធានឱ្យបានសមស្របឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិអំណាច មុខងារ និងធនធានសមស្របក្នុងការលើកកម្ពស់ប្រសិទ្ធភាព គណនេយ្យភាពចំពោះប្រជាជនឆ្លើយតបទៅនឹងសេចក្តីត្រូវការក៏ដូចជាបម្រើសេវាសាធារណៈជូនប្រជាជន និងអភិវឌ្ឍនៅមូលដ្ឋាន”។

ទន្ទឹមនឹងនេះ សម្តេចក៏បានសង្កត់ធ្ងន់បន្ថែមទៀតដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវខិតខំផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ។ សម្តេចតេជោបានមានប្រសាសន៍ថា “ត្រូវខិតខំបម្រើសេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សមធម៌ និងបរិយាប័ន្ន ដោយត្រូវខិតខំកែលម្អអាកប្បកិរិយា សីលធម៌ ឥរិយាបថរបស់មន្ត្រី អាជ្ញាធរនៅមូលដ្ឋានក្នុងការប្រាស្រ័យទាក់ទងនិងការផ្តល់សេវារដ្ឋបាលនានាជូនប្រជាជនដោយមិនមានការរើសអើង ពិសេសអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ សំបុត្រអត្រានុកូលដ្ឋាន សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ព្រមទាំងលិខិតស្នាមផ្សេងៗទៀតដែលពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន”។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់