សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨របស់ក្រសួងមហាផ្ទៃ

រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃបានរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការរៀបចំសន្និបាតនៅឆ្នាំនេះ​នឹងធ្វើការបូកសរុប វាយតម្លៃ អំពីសមិទ្ធផល បញ្ហាប្រឈម និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០១៨ នូវកិច្ចការងារនានាដែលស្ថិតនៅក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ព្រមទាំងចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សផងដែរ។

ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងមហាផ្ទៃ សម្តេចក្រឡាហោមបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងមហាផ្ទៃនិងអាជ្ញាធរគ្រប់ថ្នាក់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងក្រសួង ស្ថាប័ននានា ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមដឹកនាំអនុវត្ត និងបានផ្តល់ការគាំទ្រយ៉ាងសកម្មដល់ក្រសួងមហាផ្ទៃក្នុងការសម្រេចបាននូវសមិទ្ធផលជាច្រើននៅឆ្នាំ២០១៧នេះ។

ទាក់ទងនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈរបាយការណ៍លទ្ធផលប្រចាំឆ្នាំ២០១៧បានបង្ហាញថា ឆ្នាំ២០១៧គឺជាឆ្នាំចុងក្រោយនៃការអនុវត្តផែនការអនុវត្តដំណាក់កាលទី២ ឬផអ៣ទី២ នៃកម្មវិធីជាតិតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ។ សមិទ្ធផលនានាដែលពាក់ព័ន្ធការចូលរួម និងការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃមានដូចខាងក្រោម៖

១.ការពង្រឹងការងារគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ទន្ទឹមនឹងការចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រ និងកម្មវិធីស្តីពីគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រសួងមហាផ្ទៃក៏បានសិក្សារៀបចំប្រព័ន្ធនានាសំដៅលើកកម្ពស់គណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលក្នុងឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តអនុក្រឹត្យស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងសេចក្តីណែនាំស្តីពីនីតិវិធីបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត។ ជាមួយនេះ សៀវភៅណែនាំស្តីពីនីតិវិធីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីអធិការកិច្ចទៅលើការបំពេញការងាររបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និងសេចក្តីព្រាងសេចក្តីណែនាំស្តីពីនីតិវិធីបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ ក្រុង ស្រុក ខណ្ឌ ក៏ត្រូវបានរៀបចំផងដែរ។ ទន្ទឹមនឹងនេះក៏បានធ្វើការផ្សព្វផ្សាយផ្តល់វគ្គបណ្តុះបណ្តាលជាច្រើនលើកអំពីគោលការណ៍ និងលិខិតបទដ្ឋានថ្មីៗពាក់ព័ន្ធនឹងការងារគណនេយ្យភាពសង្គម។

ក្នុងឆ្នាំ២០១៧ ក្រុមការងារគណេនេយ្យភាពរាជធានី ខេត្តប្រមូលបានពាក្យបណ្តឹងសរុប២០៣ករណី​ ក្នុងនោះមានបណ្តឹងត្រូវបានដោះស្រាយមានចំនួន១៨៤ (ដោះស្រាយរួច៧៥ករណី និងកំពុងបន្តដោះស្រាយចំនួន១០៩)។ ការិយាល័យប្រជាពលរដ្ឋទាំង៤៦គោលដៅទទួលបានពាក្យបណ្តឹង និងព័ត៌មានផ្សេងៗសរុបចំនួន៣.៩០៨ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ចមានចំនួន​១៣៤ (ដោះស្រាយរួចចំនួន១៣២ករណី និងកំពុងបន្តដោះស្រាយចំនួន២ករណី)។

២.ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

នៅឆ្នាំ២០១៧ ក្រសួងមហាផ្ទៃបានប្រមូលផ្តុំយកចិត្តទុកដាក់សហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងមុខងារសាធារណៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានារៀបចំនូវលិខិតបទដ្ឋានអនុវត្តព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និងការខិតខំជំរុញការលើកកម្ពស់គុណភាព ប្រសិទ្ធភាពបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបានសមិទ្ធផលសំខាន់ៗដូចខាងក្រោម៖

  • សហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិជូនដល់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស។
  • អនុក្រឹត្យស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក កនងុការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិដែលសម្រួលពីអនុក្រឹត្យលេខ៤៩៧ អនក្រ.បក ចុះថ្ងៃទ៦ ខែវិច្ឆិកា ឆ្នាំ២០០៣។
  • សេចក្តីណែនាំស្តីពីបែបបទ នីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។
  • ផែនការយុទ្ធសាស្ត្រស្តីពីការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
  • ដើម្បីធ្វើការបណ្តុះបណ្តាល កសាងសមត្ថភាពធនធានមនុស្សឱ្យមានលក្ខណៈជាប្រព័ន្ធ ក្រសួងបានសម្រេចបង្កើតក្រុមប្រឹក្សាភិបាលសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីរៀបចំ និងដាក់ឱ្យដំណើរការនូវសាលានេះ។
  • ឯកសារសម្រាប់គាំទ្រដល់ការបណ្តុះបណ្តាល កសាងសមត្ថភាពមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធជាច្រើនទៀតត្រូវបានរៀបចំបញ្ចប់ និងដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ផងដែរ។
  • រៀបចំផ្តល់វគ្គបណ្តុះបណ្តាលដល់ក្រុមប្រឹក្សា និងមន្ត្រីរដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិបានជាច្រើនវគ្គក្នុងនោះមានប្រធានបទសំខាន់ៗដូចជា ការដាក់បញ្ចូលបញ្ហាពិការភាពទៅក្នុងអភីបាលកិច្ចរដ្ឋបាលមូលដ្ឋានការដាក់បញ្ចូលបញ្ហាអប់រំស្ត្រីមានផ្ទៃពោះនៅវ័យក្មេងទៅក្នុងផែណការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់តាមបែបវិមជ្ឈការ ការងារអត្រានុកូលដ្ឋាន ការវិភាគបញ្ហា ការចូលរួមរបស់ប្រជាពលរដ្ឋ វឌ្ឍនភាពវិមជ្ឈការ និងវិសហមជ្ឈការ។

៣.ការផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ

រហូតដល់ដំណាច់ឆ្នាំ២០១៧ មានក្រសួង ស្ថាប័នចំនួន១៤បានរៀបចំ និងដំណើរការផ្ទេរមុខងារ និងធនធាននានាដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងនោះមានក្រសួងចំនួន៧បានធ្វើមុខងារក្នុងលក្ខណៈជាការប្រគល់ និងប្រតិភូកម្ម និងការអនុវត្តសាកល្បងនូវមុខងារចំនួន២០ ទោឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិរួមមានមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន មុខងារគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិ មុខងារគ្រប់គ្រងសហគមន៍ក្នុងតំបន់ការពារធម្មជាតិ មុខងារអប់រំបរិស្ថាន ការបញ្ជ្រាបភាពធន់នឹងអាកាសធាតុ មុខងារគ្រប់គ្រងប្រព័ន្ធលូ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ មុខងារគ្រប់មណ្ឌលថែទាំកុមាររបស់រដ្ឋ មុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់អង្គការ សង្គមស៊ីវិល មុខងារគ្រប់គ្រងសេវាថែទាំកុមាររងគ្រោះក្នុងសហគមន៍ មុខងារជួសជុលថែទាំប្រព័ន្ធផ្តគត់ផ្គង់ទឹកស្ធាតជនបទ មុខងារផ្តល់សេវាអនាម័យជនបទ មុខងារថែទាំផ្លូវជនបទ (មុខងារទាំង៣នេះត្រូវបានផ្ទេរជាលក្ខណៈសាកល្បងនៅស្រុកគោលដៅមួយចំនួន) មុខងារផ្តល់អាជ្ញាប័ណ្ណធនធានរ៉ែសម្រាប់ប្រតិបត្តិការរ៉ែដែលមានលក្ខណៈខ្នាតតូច មុខងារគ្រប់គ្រង់មណ្ឌលកំសាន្តមនុស្សពេញវ័យ មុខងារគ្រប់គ្រងការបង្កើត និងចុះបញ្ជីរោងចក្រ ដែលមានដើមទុនក្រោមពីរលានដុល្លារ មុខងារចុះបញ្ជីសហគ្រាស សិប្បកម្មដែលមានដើមទុនក្រោមប្រាំពាន់ដុល្លារ មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា មុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ និងមុខងារគ្រប់គ្រងមត្តេយ្យសិក្សាសហគមន៍។

ដើម្បីធានាឱ្យការផ្ទេរមុខងារ និងធនធានដំណើរការជាប្រព័ន្ធ និងមានប្រសិទ្ធភាព រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តអនុក្រឹត្យស្តីពី ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងនេះក៏មានលិខិតបទដ្ឋានសម្រាប់គាំទ្រដល់ការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិជាច្រើនទៀត ត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ផងដែរ។

គ.ជ.អ.ប បានអនុម័តលើសំណើបញ្ជីមុខងារក្នុងវិស័យអាទិភាពចំនួន២៨ដែលត្រូវផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងនោះស្ថិតក្រោមការទទួលខុសត្រូវនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងរ៉ែ និងថាមពល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល និងក្រសួងធនធានទឹក និងឧតុនិយម ដែលមុខងារទាំង២៨នេះត្រូវបានរាជរដ្ឋាភិបាលសម្រេចឯកភាពជាគោលការណ៍រួចមក។

៤.វិមជ្ឈការហិរញ្ញវត្ថុ និងធនធានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ក្នុងឆ្នាំ២០១៧ ក្រសួងមហាផ្ទៃបានផ្តល់អនុលោមភាពលើគម្រោងអភិវឌ្ឍន៍ដែលជាគុណប្រយោជន៍របស់រាជធានី ខេត្តចំនួន២៥៤គម្រោង ក្នុងនោះគម្រោងដែលសេសសល់ពីឆ្នាំ២០១៦ ចំនួន៤០គម្រោង ដែលមានទឹកប្រាក់សរុប ​៣១.១៦៣.៨៧១.៨៤៤រៀល ឆ្នាំ២០១៧ចំនួន២១២គម្រោងដែលមានទឹកប្រាក់សរុប ៣៦០.០៣៦.៩៤១.៨១៨រៀល និងគម្រោងឆ្នាំ២០១៨មានចំនួន២គម្រោងដែលមានទឹកប្រាក់សរុប៦.៥៩៨.៦៤៣.៨០០រៀល។

មូលនិធិក្រុង ស្រុក ត្រូវបានផ្ទេរក្នុងអតរាចំនួន១% នៃចំណូលចរន្តថវិកាជាតិ ឆ្នាំ២០១៦ដែលមានថវិកាសរុបចំនួន ១៣៤.០៧៣.០០០.០០០រៀល ដែលក្នុងនោះរួមមានផ្នែករដ្ឋបាលចំនួន ៩៥.៧៦១.០០០.០០០រៀល និងផ្នែកអភិវឌ្ឍន៍ចំនួន ៣.៨៣១.២០០.០០០រៀល។ សម្រាប់ឆ្នាំ២០១៧ រដ្ឋបាលក្រុង ស្រុក មានគម្រោងសរុបចំនួន៣២៦គម្រោង ដែលក្នុងនោះគម្រោងបានចុះកិច្ចសន្យាសាងសង់រួចចំនួន១៩៦ ស្មើនឹង៧០% គម្រោងបានបញ្ចប់ការសិក្សាចំនួន៥៧ ស្មើនឹង១៧% គម្រោងកំពុងបន្តការសិក្សាចំនួន៦៥ ស្មើនឹង២១% និងគម្រោងមិនទាន់បានសិក្សាចំនួន៨ ស្មើនឹង២%។

មូលនិធិឃុំ សង្កាត់ ត្រូវបានផ្ទេរក្នុងអត្រាចំនួន ២,៨% នៃចំណូលចរន្តថវិកាជាតិឆ្នាំ២០១៦ ដែលមានទឹកប្រាក់ចំនួន ៣៧.៥៤០.៤០០.០០០រៀល ដែលក្នុងនោះរួមមានផ្នែករដ្ឋបាលចំនួន ២២.៧៦០.៣០០.០០០រៀល និងផ្នែកអភិវឌ្ឍចំនួន ១៤៧.៨០១.០០០.០០០រៀល។ សម្រាប់ឆ្នាំ២០១៧ រដ្ឋបាលឃុំ សង្កាត់មានគម្រោងសរុបចំនួន១.៧៤៥ (កើនឡើងចំនួន៣២គម្រោង បើធៀបទៅនឹងឆ្នាំ២០១៦) ដែលក្នុងនោះគម្រោងបានចុះកិច្ចសន្យាសាងសង់រួចចំនួន១.៥៤៥ គម្រោងបានបញ្ចប់ការសិក្សាចំណយន១៧៣ គម្រោងកំពុងបន្តការសិក្សាចំនួន២៧ និងគម្រោងមិនទាន់បានសិក្សាចំនួន៨។ ក្នុងចំណោមគម្រោងដែលបានចុះកិច្ចសន្យាសាងសង់ចំនួន១.៥៤៥ រហូតមកដល់ពេលនេះមានគម្រោងបានបញ្ចប់ការសាងសង់ចំនួន៥៩៥ គម្រោងកំពុងអនុវត្តចំនួន៣៧១ និងគម្រោងមិនទាន់បានអនុវត្តមានចំនួន៥៧៩។

ចំពោះវឌ្ឍនភាពនៃគម្រោងមូលនិធិឃុំ សង្កាត់ឆ្នាំ២០១៦ដែលបានចុះកិច្ចសន្យាសាងសង់ចំណយន១.៧១៣ រូមមាគម្រោងបានបញ្ចប់ការសាងសង់ចំនួន១.៥៩១ គម្រោងកំពុងអនុវត្តចំនួន១០៧ គម្រោងមិនទាន់អនុវត្តចំនួន៨ និងគម្រោងដែលអ្នកទទួលការបោះបង់ចោលចំនួន៧។

៥.ការងាររៀបចំ និងគាំទ្រការិយាល័យច្រកចេញចូលតែមួយ

ក្នុងឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យដំណើរការការិយាល័យច្រកចេញចូលតែមួយនៅថ្នាក់ក្រុង ស្រុកចំនួន៤.៦៤៦គោលដៅស្មើនឹង២៣%នៃក្រុង ស្រុក ខណ្ឌសរុបចំនួន១៩៧ និងបានផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋចំនួន៦៥៣.៣៨៩សេវាលើ២៣៥ប្រភេទ ក្រោមវិស័យចំនួន១៤ ដោយទទួលបានចំណូលសរុបចំនួន ១០.៣៧២.២៤០.៥១០រៀល។

​ សន្និបាត​នេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០១៨ ហើយនៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នឹងមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតនេះផងដែរ៕

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់