ក្រសួងមហាផ្ទៃ​ប្រកាស​តែងតាំង​មន្ត្រី​ថ្នាក់ដឹកនាំ​បី​រូប​សម្រាប់​ទទួលខុសត្រូវ​ការងារ​អត្តសញ្ញាណ​កម្ម អន្តោប្រវេសន៍​​ និង​ការងារ​បណ្ដុះបណ្ដាល​កង​កម្លាំង​នគរបាល

ភ្នំពេញ ២៤ មេសា ២០១៤៖ នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសតែងតាំងមន្ត្រីថ្នាក់អគ្គនាយក អគ្គនាយកដ្ឋាន២រូប និងប្រកាសតែងតាំងថ្នាក់ដឹកនាំបណ្ឌិតសភានគរបាលកម្ពុជា…

ភ្នំពេញ ២៤ មេសា ២០១៤៖ នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

បានប្រកាសតែងតាំងមន្ត្រីថ្នាក់អគ្គនាយក អគ្គនាយកដ្ឋាន២រូប និងប្រកាសតែងតាំងថ្នាក់ដឹកនាំបណ្ឌិតសភានគរបាលកម្ពុជា១រូបទៀត

នៅទីស្តីការក្រសួង។

 

តាមព្រះរាជក្រិត្យ ដែលបានអានដោយនាយឧត្តមសេនីយ៍ច័ន្ទ អៀង ប្រធាននាយកដ្ឋានបុគ្គលិក បានបញ្ជាក់ថា ឯកឧត្ដម ឧត្តមសេនីយ៍ឯក សេង ផល្លី

ត្រូវតែងតាំងជាប្រធានបណ្ឌិតសភានគរបាលកម្ពុជា ជំនួសឯកឧត្តម នាយឧត្តមសេនីយ៍ម៉ា ឈឿន ដែលត្រូវបានតែងតាំងអនុរដ្ឋលេខាធិការ

ក្រសួងមហាផ្ទៃ។ ដោយឡែក អគ្គស្នងការរងនគរបាលជាតិចំនួន២រូប មាននាយឧត្តមសេនីយ៍ ម៉ៅ ចាន់ដារ៉ា ត្រូវបានតែងតាំងជាអគ្គនាយក នៃ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដែលទើបបង្កើតថ្មី ហើយនាយឧត្តមសេនីយ៍ សុខ ផល ត្រូវបានតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍។

 

ឧបនាយករដ្ឋមន្ត្រី ស ខេង មានប្រសាសន៌ថា ក្នុងនាមជាមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយរូប គឺការផ្លាស់ប្ដូរតែងតាំងមន្ត្រីថ្នាក់ដឹកនាំក្រោមឱវាទ

នាពេលនេះ ឯកឧត្តម មិនបានទៅពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំណាផ្សេងទេ ហើយក៏មិនគិតផលប្រយោជន៍ណានោះដែរ ពោលគឺ ការតែងតាំង

មន្ត្រីថ្នាក់ដឹកនាំនាពេលនេះគឺ យើងធ្វើឡើងដើម្បីផលប្រយោជន៍ជាតិទាំងមូល តាមរយៈការបង្កើតក្បាលម៉ាស៊ីនដឹកនាំឲ្យបានត្រឹមត្រូវ។ នេះគឺជា

ដំណើរការកែទម្រង់មួយក្នុងចំណោមការកែទម្រង់រដ្ឋនានាទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរាជរដ្ឋាភិបាលត្រូវតែធ្វើឡើងដើម្បីធ្វើឲ្យ

ប្រទេសជាតិមានការវិវត្តន៍ ។ 

 

ដើម្បីបង្កើតអង្គការចាត់តាំងនៅអង្គភាពឲ្យបានល្អ ឯកឧត្តម សខេង ក៏បានស្នើឲ្យមន្ត្រីថ្នាក់ដឹកនាំ អគ្គនាយកនៃអគ្គនាយកដ្ឋានដែលទើបតែងតាំងថ្មី

ត្រូវជ្រើសរើសមន្ត្រីនៅក្រោមឱវាទអង្គភាពរបស់ខ្លួនមកតែងតាំងធ្វើជាអគ្គនាយករង ព្រោះថាមានតែមន្ត្រីទាំងនោះទេដែលគេអាចដឹងពីរបៀប

របបការងារនៅអង្គភាពដែលគេកំពុងបម្រើការ។ 

 

ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានបង្ហើបដែរថានៅថ្ងៃខាងមុខ ក្រសួងមហាផ្ទៃ ក៏នឹងតែងតាំងមន្ត្រីបីរូបទៀតចូលបម្រើមុខងារក្នុងតួនាទី

ជាអគ្គស្នងការរងនគរបាលជាតិ ដែលមន្ត្រីបីរូបនោះរួមមាន ឯកឧត្ដម ឧត្តមសេនីយ៍ឯក គៀត ចាន់ថារិទ្ធ ឯកឧត្តម ថោង លឹម និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ។

 

សម្រាប់ការតែងតាំងនោះបានធ្វើឡើងដោយសារ មានអគ្គស្នងការរងនគរបាលជាតិមួយចំនួនជិតចូលនិវត្ត និងមួយចំនួនត្រូវបានផ្លាស់ប្ដូរមុខ

ដំណែងការងារជាមួយគ្នានោះដែរ ក្រសួងមហាផ្ទៃ ក៏នឹងធ្វើការរុសរើការងារខ្លះនៅក្នុងនាយកដ្ឋានកណ្ដាលសន្តិសុខ របស់អគ្គស្នងការនគរបាលជាតិ៕

ចុចទីនេះដើម្បីទាញយក អនុក្រឹត្យលេខ១៥៧ អនក្រ.បក ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ ស្ដីពីការបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចំណុះក្រសួងមហាផ្ទៃ 

ចុចទីនេះដើម្បីទាញយកអនុក្រឹត្យលេខ១៥៨ អនក្រ.បក ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ ស្ដីពីការបង្កើតអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្មចំណុះក្រសួងមហាផ្ទៃ

អត្ថបទដកស្រង់ចេញពីគេហទំព័រអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់