ភ្នំពេញ ប៉ុស្តិ៍៖ ចាប់​ពី​ឆ្នាំ​នេះ​ទៅ​ ​ក្រសួង​អប់រំ​នឹង​ប្រគល់​ការ​គ្រប់គ្រង​សាលា​បឋមសិក្សា​ទៅ​ថ្នាក់​ក្រុង ស្រុក

ភ្នំពេញ ២៦ កញ្ញា ២០១៦៖ ដោយចាប់ផ្តើមពីឆ្នាំនេះក្រសួងអប់រំនឹងប្រគល់ការគ្រប់គ្រងសាលាបឋមសិក្សាចំនួន ៦២៥ គ្រូ ៤ ៨៧៤ នាក់ និងសិស្ស ១៧០ ០០០ នាក់ទៅក្រុង ស្រុកចំនួន ១៤ ក្នុងខេត្តបាត់ដំបងជាផ្នែកនៃគំនិតផ្តួចផ្តើមថ្មីមួយក្នុងការធ្វើវិមជ្ឈការ និងកែលម្អការអប់រំថ្នាក់បឋមសិក្សា។

 

ភ្នំពេញ ២៦ កញ្ញា ២០១៦៖ ដោយចាប់ផ្តើមពីឆ្នាំនេះក្រសួងអប់រំនឹងប្រគល់ការគ្រប់គ្រង សាលាបឋមសិក្សាចំនួន ៦២៥ គ្រូ ៤ ៨៧៤ នាក់ និងសិស្ស ១៧០ ០០០ នាក់ទៅក្រុង ស្រុកចំនួន ១៤ ក្នុងខេត្តបាត់ដំបងជាផ្នែកនៃគំនិតផ្តួចផ្តើមថ្មីមួយក្នុងការ ធ្វើវិមជ្ឈការ និងកែលម្អការអប់រំថ្នាក់បឋមសិក្សា។

 

ឯកឧត្ដម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានថ្លែងថាស្រុកទាំងនេះនឹងទទួលយកការគ្រប់គ្រងនៃសាលាមេត្តេយ្យរដ្ឋប្រហែល២០០។

 

ឯកឧត្ដមបានបន្តថាបញ្ហាប្រឈមជាមួយនឹងការធ្វើវិមជ្ឈការនេះគឺថាក្រសួងនានាមិនចង់ប្រគល់អំណាចរបស់ខ្លួន។ ប៉ុន្តែ «ការប្តេជ្ញាចិត្តខ្លាំងក្លា» របស់ក្រសួងអប់រំអាចជា «ឧទាហរណ៍ល្អ» សម្រាប់ក្រសួងដទៃៗ។ ឯកឧត្ដមបានបន្តថា៖ «វាជាកំណែទម្រង់ធំមួយ»។

 

ឯកឧត្ដម ចំរើន បានថ្លែងបន្តថាការធ្វើវិមជ្ឈការនឹងត្រូវពង្រីករហូតដល់ខេត្ត ៥ ទៀតក្នុងឆ្នាំ ២០១៧ និង ១៥ ក្នុងឆ្នាំ ២០១៨ និងទូទាំងប្រទេសក្នុងឆ្នាំ ២០១៩។ ទោះយ៉ាងណាក្តីលោកបានថ្លែងថា៖ «នេះគ្រាន់តែជាផែនការ។ វានឹងអាស្រ័យទៅលើវឌ្ឍនភាព» ដែលឃើញនៅក្នុងស្រុកទំាង១៤ នោះ។

 

ក្រសួងកាលពីថ្ងៃសុក្របានចេញនូវឯកសារនៃអនុក្រឹត្យដោយគូសបង្ហាញអំពីការផ្លាស់ប្តូរដែលត្រូវបានរៀបចំឡើង«ដើម្បីកែលម្អ» គុណភាពនៃសេវា និងនាំមកនូវគណនេយ្យភាពជាងមុន។ អ្នកនាំពាក្យក្រសួងអប់រំលោក រស់ សាលីន មិនបានឆ្លើយតបនឹងសំណួរស្តីពីការផ្លាស់ប្តូរនេះទេ។

 

អភិបាលស្រុកនឹងគ្រប់គ្រងពេញលេញទៅលើបុគ្គលិកការបែងចែកថវិកាសម្រាប់សាលា និងហេដ្ឋារចនាសម្ព័ន្ធព្រមទាំងកម្មវិធី។ នេះបើតាមអនុក្រឹត្យនេះ។ អភិបាលស្រុក និងអភិបាលក្រុងនឹងមានអំណាចផងដែរក្នុងការចេញអាជ្ញាប័ណ្ណដល់សាលាឯកជន និងបិទសាលាទាំងនោះប្រសិនបើមិនគោរពតាមច្បាប់។

 

ឯកឧត្ដម ចំរើន បានថ្លែងបន្តថាលុយ និងបុគ្គលិកនឹងត្រូវបានចាត់តាំងឡើងវិញផងដែរពីក្រសួងទៅស្រុកទាំងនោះ។ ប៉ុន្តែអ្នកដទៃទៀតមិនមានការរំភើបចំពោះការផ្លាស់ប្តូរនេះទេ។

 

លោក សួន ស៊ន អភិបាលស្រុកភ្នំព្រឹកក្នុងខេត្តបាត់ដំបងបានថ្លែងថា៖ «ខ្ញុំមានក្តីបារម្ភណាស់ពីព្រោះវាមិនមែនជាការងាយស្រួលទេ»។ លោកនឹងមើលខុសត្រូវលើសាលាបឋមសិក្សាចំនួន ២៧ មតេ្តយ្យចំនួន ៨ និងមត្តេយ្យសហគមន៍ចំនួន ៤ ។

 

លោក សន ជ័យ ប្រធានបណ្តាញគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជាបានថ្លែងថាការផ្លាស់ប្តូរនេះគឺជាការសម្រេចចិត្តល្អមួយដោយក្រសួង។

 

ទោះជាយ៉ាងណាក្តីលោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាបានថ្លែងថាក្រសួង «គួរតែបង្កើតយន្តការមួយដើម្បីតាមដានលទ្ធផល និងធ្វើការវាយតម្លៃសម្រាប់រយៈពេលពីរបីឆ្នាំដំបូងបន្ទាប់ពីពួកគេផ្ទេរការទទួលខុសត្រូវទៅអាជ្ញាធរថ្នាក់ស្រុក»៕ PS

អត្ថបទដកស្រង់ចេញពីគេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់