មន្ទីរអប់រំ​រាជធានីភ្នំពេញ ពង្រឹង​ការងារ​អប់រំ​ក្រៅ​ប្រព័ន្ធ​ដើម្បី​ប្រយុទ្ធ​នឹង​អន​ក្ខ​រ​ភាព ដែល​កើតចេញពី​ការបោះបង់​ការសិក្សា (CEN)

ភ្នំពេញ ៣ កុម្ភៈ ២០១៦៖ មន្ទីរអប់រំរាជធានីភ្នំពេញ បានពង្រឹង ពង្រីកការងារអប់រំក្រៅប្រព័ធដើម្បីប្រយុទ្ធនឹងអនក្ខរភាព ដែលកើតចេញពីការបោះបង់ការសិក្សា ក៏ដូចជាកុមារជួបការលំបាកនៅក្រៅសាលារៀន ដែលគ្មានលទ្ធភាពចូលរៀនឲ្យពួកគេបានចូលរៀនថ្នាក់អនក្ខរកម្មនិងបំពេញវិជ្ជាតាមមូលដ្ឋានភូមិ សង្កាត់ និងបានបង្កលក្ខណៈរកប្រភពចំណូលធនធានលើកទឹកចិត្តឲ្យគេបានបន្តការសិក្សា។

ភ្នំពេញ ៣ កុម្ភៈ ២០១៦៖ មន្ទីរអប់រំរាជធានីភ្នំពេញ បានពង្រឹង ពង្រីកការងារអប់រំក្រៅប្រព័ន្ធដើម្បីប្រយុទ្ធនឹងអនក្ខរភាព ដែលកើតចេញពីការបោះបង់ការសិក្សា ក៏ដូចជាកុមារជួបការលំបាកនៅក្រៅសាលារៀន ដែលគ្មានលទ្ធភាពចូលរៀនឲ្យពួកគេបានចូលរៀនថ្នាក់អនក្ខរកម្មនិង បំពេញវិជ្ជាតាមមូលដ្ឋានភូមិ សង្កាត់ និងបានបង្កលក្ខណៈរកប្រភពចំណូលធនធានលើកទឹកចិត្តឲ្យគេបានបន្ត ការសិក្សា។

 

ក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃការងារអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ឆ្នាំសិក្សា២០១៤-២០១៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០១៥-២០១៦ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ លោកប៊ុន សេរី អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា បច្ចុប្បន្នវិស័យអប់រំកំពុងស្ថិតនៅដំណាក់កាលនៃការកែទម្រង់ និងអភិវឌ្ឍលើគ្រប់ផ្នែក លើកកម្ពស់គុណភាពប្រសិទ្ធភាពនិងភាពឆ្លើយតបនៃការអប់រំចាប់តាំងពីមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា គឺដើម្បីលើកស្ទួយសមត្ថភាពចំណេះដឹងរបស់សិស្ស គំនិតច្នៃប្រឌិត វិន័យ សីលធម៌ សេចក្ដីថ្លៃថ្នូរ និងមានស្មារតីទទួលខុសត្រូវ ប្រកបដោយមនសិការជាតិ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ទីផ្សារការងារ និងស្ថានភាពអន្តរជាតិ ដែលជាប្រភពធនធានមិនអាចខ្វះបានសម្រាប់អភិវឌ្ឍមាតុភូមិកម្ពុជានៃយើង។

 

ជាមួយនេះដែរ គ្រប់រាជធានី ខេត្ត ជាពិសេសរាជធានីភ្នំពេញ រួមជាមួយដៃគូអភិវឌ្ឍជាតិ អន្តរជាតិ បាននិងកំពុងជំរុញយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកការងារអប់រំក្រៅប្រព័ន្ធដើម្បីប្រយុទ្ធ និងអនក្ខរភាព ដែលកើតចេញពីការបោះបង់ការសិក្សារបស់សិស្សក៏ដូចជាកុមារដែលនៅក្រៅសាលារៀន ពិសេសការប្រមូលកូនប្រជាជនដែលរស់នីសហគមន៍ក្រីក្រ ដែលគ្មានលទ្ធភាពចូលរៀនសាលារដ្ឋឲ្យគេបានចូលរៀនថ្នាក់អក្ខរកម្មនិងបំពេញវិជ្ជាតាមមូលដ្ឋានភូមិ សង្កាត់។ ក្នុងនោះមន្ទីរអប់រំយុវជននិងកីឡា ក៏បានបង្កលក្ខណៈបញ្ជូនគេឲ្យចូលរៀននៅតាមសាលារៀនសាធារណៈដែលស្ថិតនៅជិតផ្ទះ ទៅតាមអាយុ តាមកម្រិតថ្នាក់បានមួយចំនួន និងបានបង្កើតថ្នាក់កុមារពិការភ្នែក គ ថ្លង់ សតិបញ្ហាខ្សោយ ថ្នាក់ពន្លឿន តាមសាលាបឋមសិក្សាមួយចំនួន ដោយសហការជាមួយដៃគូអភិវឌ្ឍ សម្រាប់កុមារទាំងអស់ថែមទៀត។

 

លោកអភិបាលរងរាជធានី បានបន្តថា នេះគឺជាឱកាសល្អសម្រាប់ឲ្យអង្គសន្និបាតធ្វើការបូកសរុបវាយតម្លៃរួមគ្នាពីការងារអប់រំយុវជននិងកីឡា ក្នុងឆ្នាំសិក្សាកន្លងមក ហើយយើងនឹងសម្រេចបានរួមគ្នាដោះស្រាយ បញ្ហាប្រឈមដែលនៅសេសសល់ ដើម្បីដាក់ចេញនូវវិធានការ និងទិសដៅសម្រាប់ឆ្នាំសិក្សាថ្មី ឲ្យកាន់តែល្អប្រសើរសមស្របទៅនឹងសំណូមពរថ្មីៗ ពីតម្រូវការរៀនសូត្រលើគ្រប់ផ្នែករបស់កូនចៅ ប្រជាពលរដ្ឋយើងក្នុងរាជធានីភ្នំពេញ ខណៈដែលប្រទេសយើងកំពុងឈានទៅរកសកលភាវូនីយកម្មទៅក្នុងពិភពលោក ក៏ដូចជាអាស៊ានផងដែរ។

 

លោក ប៊ុន សេរី បានបន្តថា “ការរីកចម្រើនវិស័យអប់រំរបស់យើងនេះ ជាកិត្តិយស និងមោទនភាពរបស់យើងទាំងអស់គ្នា ហើយវាក៏ជាលើកទឹកចិត្តនិងជំរុញឲ្យយើងបន្តការទទួលខុសត្រូវ ការខិតខំប្រឹងប្រែងបន្តការងាររបស់យើងតទៅទៀត។ ដូច្នេះ យើងមានភារកិច្ចត្រូវបំពេញ តាមប្រធានបទនីមួយៗរបស់សន្និបាតព្រោះថា ការងារអប់រំ គឺជាការងារប្រចាំជីវិត ជាការត្រូវធ្វើមិនចេះចប់ពេញមួយជីវិត តគ្នាពីជំនាន់មួយទៅជំនាន់មួយ ទិសដៅរួមចំណែកកសាងធនធានមនុស្សប្រកបដោយគុណភាពនិងភាពឆ្លើយតបសម្រាប់អភិវឌ្ឍប្រទេសជាតិ”។

 

ក្នុងឱកាសនោះដែរ លោកស្រី ហួត យ៉ារី ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានលើកឡើងថា ដោយសារតែវិស័យអប់រំស្ថិតក្នុងដំណាក់កាលនៃការកែទម្រង់និងអភិវឌ្ឍលើគ្រប់ផ្នែក យើងទាំងអស់គ្នាកំពុងរួមចំណែកអប់រំយុវជន ជំនាន់ក្រោយ ឲ្យមានអនាគតដ៏រុងរឿងសម្រាប់មាតុភូមិជាទីស្នេហានៃយើង ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារសហគមន៍អាស៊ាននិងស្ថានភាពអន្តជាតដែលជាប្រភពធនធានបញ្ញាមិនអាចខ្វះបាន។

 

ផ្តើមចេញពីសមិទ្ធផលអប់រំដែលបានសម្រេចក្នុងឆ្នាំសិក្សាកន្លងមក សន្និបាតអប់រំថ្ងៃនេះ ត្រូវបានវាយតម្លៃឆ្លុះបញ្ចាំងឲ្យឃើញពិតប្រាកដ នូវចំណុចខ្លាំងទាំងឡាយ ដែលត្រូវជំរុញថែមទៀត និងចំណុចខ្វះខាតដែលត្រូវកែលម្អ និងដោះស្រាយឲ្យបានកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំ (ESP2014-2018) ក៏ដូចជាយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ជាពិសេសស្របទៅតាមកម្មវិធីកំណែ និងត្រូវចេះធ្វើការប្រៀបធៀបនូវសមិទ្ធផលអប់រំដែលអង្គភាពរបស់ខ្លួន សម្រេចក្នុងឆ្នាំនេះ ធៀបជាមួយឆ្នាំសិក្សាកន្លងមកនិងធ្វើការប្រៀបធៀបរវាងអង្គភាពរបស់ខ្លួនជាមួយនឹងអង្គភាពដទៃស្របតាមពាក្យស្លោកថា មានកំណែទម្រង់មានការអភិវឌ្ឍន៍ គ្មានកំណែទម្រង់គ្មានការរីកចម្រើន។

 

សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញ សាលាចំណេះទូទៅសាធារណៈមាន២៥៤ សាលា គ្រូ១១.២៩៦នាក់ ស្រី៦.២៧៨នាក់ សិស្ស២៣១.៧៣៩នាក់ ស្រី១១២.៥៧៦នាក់។ សលាមត្តេយ្យឯកជន ១៦៨សាលា សិស្ស១៥.៩១៨នាក់។ សាលាចំណេះទូទៅនិងភាសាបរទេសឯកជនបឋមសិក្សា២២១សាលា សិស្ស៥៩.៨០០នាក់។ សាលាចំណេះទូទៅនិងភាសាបរទេសឯកជនមធ្យម១០២សាលា សិស្ស២៩.២៤៩នាក់។ មជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈសាធារណៈនិងដៃគូរអភិវឌ្ឍន៍១៤មជ្ឈមណ្ឌល សិស្ស៧៣៧នាក់ និងសាលាអប់រំវិជ្ជាជីវៈ២៤សាលាសិស្ស៥.២៤៥នាក់៕

អត្ថបទដកស្រង់ចេញពីគេហទំព័រសារព័ត៌មាន (CEN)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់