ក្រសួង​អប់រំ​ និង​អង្គការ​ដៃ​គូ ចាប់​ផ្តើម​​ជួយ​កុមារ​បោះ​បង់​ការ​សិក្សា ឲ្យ​បាន​ចូល​រៀន​ថ្នាក់​បឋម​វិញ​បី​ឆ្នាំ

ភ្នំពេញ ៦ កុម្ភៈ ២០១៥៖ អង្គការអេដអេ អាក់ស្យុង ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍ ចំនួន ១៦ ផ្សេងទៀត នឹងសហការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ផ្តួចផ្តើមគម្រោងការ ជួយកុមារ ដែលបាត់បង់ឱកាសសិក្សា ជិត ៦ ម៉ឺននាក់ ឲ្យបានចូលរៀន នៅថ្នាក់បឋមសិក្សា ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៧។ គម្រោង ដែលចាប់ផ្តើមអនុវត្ត កាលពីខែមិថុនា ឆ្នាំ២០១៤ រហូតដល់ខែវិច្ឆិកា ២០១៧ ដែលផ្តោតលើ កុមារជាង ៥៧០០០នាក់ នៅគ្រប់រាជធានី ខេត្ត ត្រូវបាន…

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ក្នុងពិធីបើកអនុវត្តគម្រោងពីម្សិលមិញ។ រូបថត ឆាយ ច័ន្ទនីដា

 

ភ្នំពេញ ៦ កុម្ភៈ ២០១៥៖  អង្គការអេដអេ អាក់ស្យុង ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍ចំនួន ១៦ ផ្សេងទៀត នឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ផ្តួចផ្តើមគម្រោងការជួយកុមារដែលបាត់បង់ឱកាសសិក្សាជិត ៦ ម៉ឺននាក់ ឲ្យបានចូលរៀននៅថ្នាក់បឋមសិក្សាចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៧។

គម្រោងដែលចាប់ផ្តើមអនុវត្តកាលពីខែមិថុនា ឆ្នាំ២០១៤ រហូតដល់ខែវិច្ឆិកា ២០១៧ដែលផ្តោតលើកុមារជាង ៥៧០០០នាក់ នៅគ្រប់រាជធានីខេត្ត ត្រូវបានសម្ពោធជាផ្លូវការដោយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ កាលពីម្សិលមិញ នៅរាជធានីភ្នំពេញ ដើម្បីធ្វើឲ្យវិស័យអប់រំប្រសើរជាពិសេសលើការទទួលបានការអប់រំនៅបឋមសិក្សា។

នេះហៅថា៖«គម្រោងដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា» ដែលលោករដ្ឋមន្ត្រី បានឲ្យដឹងថា គម្រោងនឹងផ្តោតលើក្រុមកុមារចំនួន ៥ សមាសភាគ គឺ«កុមារពិការ កុមារជនជាតិដើមភាគតិច កុមាររស់នៅតំបន់ដាច់ស្រយាល និងកុមាររស់នៅតាមចិញ្ចើមថ្នល់» ដែលពួកគេមានបញ្ហាប្រឈមក្នុងការមិនទទួលការសិក្សា។

លោក វន់ សំភាស់ ប្រធានអង្គការ អេដ អេ អាក់ស្យុង មានប្រសាសន៍ថា គម្រោងនេះ នឹងត្រូវចំណាយរយៈពេល ៣ ឆ្នាំកន្លះ ត្រូវចំណាយទឹកប្រាក់អស់ប្រមាណ ២០ លានដុល្លារអាមេរិក។

លោកបន្តថា ដើម្បីជ្រើសរើសយកក្មេងទាំង ៥ សមាសភាព គឺមានលក្ខណវិនិច្ឆ័យលម្អិត និងការជ្រើសរើសក៏ខុសគ្នា។

លោកថា៖ «ឧទាហរណ៍ ទាក់ទងនឹងក្មេងពិការ យើងមានបុគ្គលិកសង្គម ដែលនៅតាមមូលដ្ឋាន សហការជាមួយមេឃុំ នាយកសាលា ដើម្បីកំណត់ក្មេងពិការ។ អ៊ីចឹងដំណើរការនៃការជ្រើសរើសមានភាពស្មុគស្មាញតាមប្រភេទនីមួយៗ»។

សេចក្តីប្រកាសព័ត៌មានកាលពីម្សិលមិញ ឲ្យដឹងថា ឆ្នាំសិក្សា ២០១៣-២០១៤ អត្រាចូលរៀនថ្មី នៅបឋមសិក្សាពិតប្រាកដ មានចំនួន ៩៦ ភាគរយ។ ក៏ប៉ុន្តែ នៅមានកុមារមួយចំនួនមិនបានចូលរៀន ដូចក្តីស្រមៃរបស់គេឡើយ។ ក្នុងឆ្នាំសិក្សា ២០១២-២០១៣ មានកុមារ ៨ភាគរយ ដែលបានចុះឈ្មោះចូលរៀន តែបានឈប់ទៅវិញមុនពេលរៀនចប់ថ្នាក់ទី ១ ហើយមួយចំនួនទៀតតែងមានបញ្ហាអវត្តមានជាញឹកញាប់។

លោក វន់ សំភាស់ និយាយថា៖ «កុមារមិនបានចូលរៀន បានបាត់បង់ឱកាសក្នុងការទទួលចំណេះដឹង ហើយបញ្ហានេះនឹងផ្តល់ផលវិបាកជាច្រើនដល់ជីវិតរស់នៅពួកគេនៅថ្ងៃខាងមុខ»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍ (30-01-2015)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់