ក្រសួង​អប់រំ​គ្រោង​នឹង​ដាក់​បញ្ចូល​បញ្ហា​បរិស្ថាន​ក្នុង​កម្មវិធី​សិក្សា ចាប់​ពី​កម្រិត​មតេយ្យ​ដល់​កម្រិត​ឧត្តម​សិក្សា (AKP)

ភ្នំពេញ ២០ មករា ២០១៦៖ ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា គ្រោងដាក់បញ្ចូលកម្មវិធីសិក្សាពីបញ្ហាបរិស្ថាន ទៅក្នុងកម្មវិធីអប់រំ ចាប់ពីកម្រិតមត្តេយ្យដល់កម្រិតឧត្ដមសិក្សា ដើម្បីធានានិរន្តរភាព និងកិច្ចគាំពារបរិស្ថានក្នុងសង្គមសម្រាប់ពេលអនាគត។

ភ្នំពេញ ២០ មករា ២០១៦៖ ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា គ្រោងដាក់បញ្ចូលកម្មវិធីសិក្សាពីបញ្ហាបរិស្ថាន ទៅក្នុងកម្មវិធីអប់រំ ចាប់ពីកម្រិតមត្តេយ្យដល់កម្រិតឧត្ដមសិក្សា ដើម្បីធានានិរន្តរភាព និងកិច្ចគាំពារបរិស្ថានក្នុងសង្គមសម្រាប់ពេលអនាគត។

 

ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងបរិស្ថាន បានចុះហត្ថលេខាបង្កើតក្រុមការងាររួម ដែល មានសមាសភាព១៧រូប មកពីក្រសួងទាំងពីរ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងអប់រំ ដើម្បីចាប់ផ្តើមកំណត់ខ្លឹមសារ ប្រធានបទបរិស្ថាន និងបញ្ជ្រាបបញ្ហាបរិស្ថាន សម្រាប់គ្រប់ភូមិសិក្សាចាប់ពីថ្នាក់មត្តេយ្យសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា។

 

កុ្រមការងារនេះ នឹងសិក្សាលទ្ធភាពផ្តល់សេវាពិគ្រោះយោបល់លើវិស័យបរិស្ថាន ឆ្លើយបញ្ហាអនាម័យបរិស្ថាន គុណភាពបរិស្ថាន និងតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី ដើម្បីធានាបានការគ្រប់គ្រងបរិស្ថានប្រកបដោយចីរភាព។

 

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា ការបង្កើតក្រុមការងារនេះ ឡើងគឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតនិងចូលរួមគាំពារបរិស្ថាន សម្រាប់បច្ចុប្បន្ន និងអនាគត។

 

ឯកឧត្តមបានបន្តថា ការបញ្រ្ជាបការយល់ដឹងពីបញ្ហាបរិស្ថាន ដែលផ្តើមអនុវត្តន៍ចេញពីកុមារតូច ដល់កម្រិតឧត្តមសិក្សានេះ គឺជាការឆ្លើយតបចំពោះផលអវិជ្ជមានបណ្តាលមកពីបញ្ហាបរិស្ថាននៅកម្ពុជា។ តែទោះបីយ៉ាងណាក្ដី គម្រោងនេះ នឹងឆ្លើយតបទៅនឹងបញ្ហាបរិស្ថាន ដែលកំពុងកើតឡើងនាពេល បច្ចុប្បន្ន ដូចជា ការបំពុលខ្យល់ សំណល់រឹងរាវ វិទ្យុសកម្ម ក្នុងបរិយាកាស ដែលកំពុងគំរាមកំហែង ចំពោះសុខភាពមនុស្ស សត្វ និងធម្មជាតិ។

 

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការចាប់ផ្តើម ដាក់ឱ្យអនុវត្តន៍គម្រោងនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងបានសាកល្បង បញ្ជូលកម្មវិធីសិក្សាស្តីពីការប្រែប្រួលអាកាសធាតុនិងវិធីបន្សុំាការប្រែប្រួលអាកាសធាតុមួយរួចមកហើយ នៅសាលារៀនក្នុង៣តំបន់ គោលដៅ គឺរាជធានីភ្នំពេញ ខេត្ដកោះកុង និងខេត្តព្រះសីហនុ ដែលការសាកល្បងបានធ្វើឡើងក្នុង ទ្រង់ទ្រាយទាបនៅឡើយ។

 

ជាមួយគ្នានេះ មន្រ្ដីក្រសួងអប់រំបានឱ្យដឹងថា ការដាក់ឱ្យអនុវត្ដន៍នោះ នៅមិនទាន់អាចបញ្ជាក់ប្រាប់ អំពីគម្រោងបញ្ជូលបញ្ហាបរិស្ថាននេះទៅក្នុងកម្មវិធីសិក្សាថាអាចនឹងចាប់ផ្តើមនៅពេលណាជាក់លាក់នោះទេ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់