ក្រសួង​បរិស្ថាន​ នឹង​ធ្វើ​ប្រតិភូកម្ម​មុខងារ​បួន​ថែម​ទៀត​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ២៨ មករា ២០១៦៖ បន្ទាប់ពីបានធ្វើប្រតិភូកម្មមុខងារការគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជន កាលពីឆ្នាំ២០១៥ ហើយនោះ ក្រសួងបរិស្ថាន បានបន្តសហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប រៀបចំប្រកាសស្ដីពីការធ្វើប្រតិភូកម្មមុខងារចំនួនបួនបន្ថែមទៀតដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ភ្នំពេញ ២៨ មករា ២០១៦៖ បន្ទាប់ពីបានធ្វើប្រតិភូកម្មមុខងារការគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជន កាលពីឆ្នាំ២០១៥ ហើយនោះ ក្រសួងបរិស្ថាន បានបន្តសហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប រៀបចំប្រកាសស្ដីពីការធ្វើប្រតិភូកម្មមុខងារចំនួនបួនបន្ថែមទៀតដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

កិច្ចប្រជុំក្រុមការងារបច្ចេកទេសមួយត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ក្រោមអធិបតីភាពឯកឧត្ដមចាន់ សុធា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីពិនិត្យនិងកែសម្រួលលើសេចក្ដីព្រាងប្រកាសរបស់ក្រសួងបរិស្ថានស្ដីពីការធ្វើប្រតិភូកម្មមុខងារដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមចាន់ សុធា បានមានប្រសាសន៍លើកឡើងពីបទពិសោធន៍ដែលលេខាធិការដ្ឋាន គ.ជ.អ.ប ធ្លាប់អនុវត្តលើការងារធ្វើប្រតិភូកម្មមុខងារជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសុខាភិបាល និងការិយាល័យច្រកចេញចូលតែមួយ។ ដោយសារតែមុខងារដែលត្រូវធ្វើប្រតិភូកម្មជាមុខងាររបស់ក្រសួងបរិស្ថាន ដែលការសម្រេចចិត្តជារបស់ក្រសួងផ្ទាល់នោះ ឯកឧត្ដមបានលើកពីទម្រង់សមស្របដែលក្រសួងបរិស្ថាន នឹងចេញប្រកាសធ្វើប្រតិភូកម្មមុខងារ និងសេចក្ដីណែនាំបច្ចេកទេសសម្រាប់អនុវត្ត ហើយ គ.ជ.អ.ប នឹងចេញសេចក្ដីសម្រេចលើឈ្មោះក្រុង ស្រុក ឃុំ សង្កាត់គោលដៅ។ ទម្រង់នេះត្រូវបានឯកភាពទាំងស្រុងពីតំណាងរបស់ក្រសួងបរិស្ថាន។

 

តាមរយៈសេចក្ដីព្រាងប្រកាសរបស់ក្រសួងបរិស្ថាន មុខងារទាំងបួនដែលគ្រោងធ្វើប្រតិភូកម្មនោះរួមមាន៖ ១.ការគ្រប់គ្រងតំបន់ការពារធម្មជាតិទៅឱ្យរដ្ឋបាលក្រុង ស្រុកដែលមានតំបន់ការពារធម្មជាតិ ២. ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ទៅឱ្យរដ្ឋបាលឃុំ សង្កាត់ ដែលមានសហគមន៍តំបន់ការពារធម្មជាតិ ៣. មុខងារការបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅឱ្យរដ្ឋបាលក្រុង ស្រុក ៤. ការពង្រឹងការងារអប់រំបរិស្ថានទៅឱ្យរដ្ឋបាលរាជធានី ខេត្ត។

 

គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង គ.ជ.អ.ប នៅក្នុងកិច្ចប្រជុំ គ.ជ.អ.ប លើកទី១១ ធ្លាប់មានប្រសាសន៍លើកឡើងឱ្យក្រសួង ស្ថាប័នចាត់ទុកការងារផ្ទេរមុខងារជាការងារចម្បងសម្រាប់អនុវត្តក្នុងឆ្នាំ២០១៦នេះ។ « ក្រសួង ស្ថាប័ននីមួយៗត្រូវមានភាពម្ចាស់ការ និងយកចិត្តទុកដាក់ខ្ពស់ មានផែនការ និងមានយន្តការច្បាស់លាស់ក្នុងការរៀបចំចាត់ចែងផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងត្រូវដាក់កិច្ចការងារនេះជាការងារចម្បងសម្រាប់អនុវត្តក្នុងឆ្នាំ២០១៦»៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់