ឯកឧត្ដម សក់ សេដ្ឋា៖ ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​សហគមន៍​ប្រកប​ដោយ​មនសិការ និង​ការ​យល់ដឹង​ គឺ​ជា​កត្តា​ចាំបាច់​ក្នុង​ការ​ធានា​ប្រសិទ្ធភាព​ការ​គ្រប់គ្រង​សំរាម សំណល់រឹង

ភ្នំពេញ ២៦ មីនា ២០១៥៖ ការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងសហគមន៍ប្រកបដោយមនសិការ និងការយល់ដឹង គឺជាកត្តាចាំបាច់ក្នុងការធានាប្រសិទ្ធភាពការគ្រប់គ្រងសំរាម សំណល់រឹង។ នេះជាកាលើកឡើងរបស់ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងពិធីបិទសិក្ខាសាលា…

ភ្នំពេញ ២៦ មីនា ២០១៥៖ ការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងសហគមន៍ប្រកបដោយមនសិការ និងការយល់ដឹង គឺជាកត្តាចាំបាច់ក្នុងការធានាប្រសិទ្ធភាពការគ្រប់គ្រងសំរាម សំណល់រឹង។ នេះជាកាលើកឡើងរបស់ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជនកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ នៅសណ្ឋាគារ រ៉ាស់ហ្វល ឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។

 

ឯកឧត្ដម សក់ សេដ្ឋា មានប្រសាសន៍ថា ដើម្បីដោះស្រាយនូវបញ្ហាប្រឈមពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាមសំណល់រឹង តម្រូវឱ្យមានគោលនយោបាយ ផែនការយុទ្ធសាស្ត្រជាតិ និងលិខិតបទដ្ឋានគតិយុត្តិដែលកំណត់អំពីវិធាន ស្តង់ដារបច្ចេកទេស និងបែកចែកតួនាទី ភារកិច្ចនិងការទទួលខុសត្រូវឱ្យបានច្បាស់លាស់រវាងក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់មូលដ្ឋានពាក់ព័ន្ធនានា។

 

សេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជន មានគោលបំណងប្រគល់នូវមុខងារគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជនទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលជារដ្ឋបាលថ្នាក់មូលដ្ឋាន។  រីឯក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានី ខេត្ត និងរដ្ឋបាលរាជធានីខេត្ត មានតួនាទីផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការអនុវត្តមុខងារទាំងនេះ។

 

អនុក្រឹត្យថ្មីនេះក៏មានគោលបំណងកំណត់នូវវិធានការចាំបាច់នានា ដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជននានា តាមរយៈការលើកកម្ពស់ការយល់ដឹងសាធារណៈ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងអនុវត្តវិធានការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជននានាផងដែរ។

 

ជាកាកត់សម្គាល់ ការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជន ជាមុខងារថ្មីមួយទៀតដែលក្រសួងបរិស្ថានត្រៀមផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្ទាប់ពីបានដាក់ចេញនូវប្រកាសអន្តរក្រសួងស្តីពីការប្រើប្រាស់កញ្ចប់ថវិកាសេវាអនាម័យបរិស្ថាន សម្រាប់អនុវត្តមុខងារគ្រប់គ្រងសំណល់រឹង រាវតាមទីប្រជុំជនរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនាពេលថ្មីៗកន្លងមកនេះ។

 

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន សហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការគាំទ្រ ពីអង្គការមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ  បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជន មានគោលបំណងដើម្បីពិគ្រោះយោបល់ជាមួយតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានាដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំបញ្ជាប់សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជន។ សិក្ខាសាលានេះមានការចូលរួមពីសមាជិក និងសមាជិកាប្រមាណ១០៥នាក់  ដែលមានសមាសភាពមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ប្រធានក្រុមប្រឹក្សា អភិបាល អភិបាលរង រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌមួយចំនួន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងផ្នែកឯកជនមួយចំនួនផងដែរ៕ NCDDS

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់