ក្រសួង​បរិស្ថាន​រៀបចំ​សិក្ខាសាលា​ពិនិត្យ​មើល​មុខងារ​ និង​ធនធាន​ដើម្បី​ផ្ទេរ​ទៅ​កាន់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ១៧ វិច្ឆិកា ២០១៤៖ ក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលាពិនិត្យមើលមុខងារ និងធនធានដើម្បីផ្ទេរទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ប្រធានមន្ទីរបរិស្ថានរាជធានី ខេត្ត តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធមានចំនួនសរុប ១៤០នាក់។

ភ្នំពេញ ១៧ វិច្ឆិកា ២០១៤៖ ក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលាពិនិត្យមើលមុខងារ និងធនធានដើម្បីផ្ទេរទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ប្រធានមន្ទីរបរិស្ថានរាជធានី ខេត្ត តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធមានចំនួនសរុប ១៤០នាក់។

 

«ការផ្ទេរមុខងារ និងធនធានចាំបាច់នានាពីក្រសួង ស្ថាប័នទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកិច្ចការដ៏ចម្បងនៃកំណែទម្រង់វិមជ្ឈការ និង

វិសហមជ្ឈការដើម្បីលើកកម្ពស់ការធ្វើសេចក្ដីសម្រេចចិត្តនៅមូលដ្ឋាន និងគណនេយ្យភាពរបស់អ្នកផ្ដល់សេវាចំពោះប្រជាពលរដ្ឋ។» នេះជាប្រសាសន៍របស់ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងក្នុងសិក្ខាសាលាស្ដីពីដំណើរការត្រួតពិនិត្យមើលមុខងារឡើងវិញ ការណែនាំការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០១៦ និងការចងក្រងសេវាសាធារណៈនៅថ្នាក់មន្ទីររាជធានី ខេត្ត របស់ក្រសួងបរិស្ថាននាព្រឹកថ្ងៃទី ១៧ វិច្ឆិកា ឆ្នាំ២០១៤ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

 

ទន្ទឹមនឹងការផ្ទេរមុខងារជាបណ្ដើរៗទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានរំលឹកដល់ក្រសួង ស្ថាប័នត្រូវយកចិត្តទុកដាក់ក្នុងការផ្ទេរមុខងារ ធនធានហិរញ្ញវត្ថុ និងបុគ្គលិកទៅឱ្យមន្ទីរជំនាញរបស់ខ្លួនដើម្បីអាចមានលទ្ធភាពក្នុងការគាំទ្រ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តមុខងារដែលបានផ្ទេរ។

 

ដើម្បីជំរុញកិច្ចដំណើរការផ្ទេរមុខងារ និងធនធានឲ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យលេខ៦៨ អនក្រ.បក ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២ សម្រាប់ក្រសួង ស្ថាប័នអនុវត្ត។ ផ្អែកលើអនុក្រឹត្យនេះ មានក្រសួងអាទិភាពចំនួន០៥ បានបញ្ចប់ការរៀបចំបញ្ជីវិភាគមុខងារ និងបានកំពុងបន្តរៀបចំកិច្ចដំណើរការពិនិត្យមើលមុខងារឡើងវិញ ដើម្បីឈានទៅដល់ការកំណត់នូវមុខងារ និងធនធានដែលត្រូវផ្ទេរឲ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

ដោយឡែកក្នុងឆ្នាំ២០១៤ នេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ទេរមុខងារសាកល្បងលើវិស័យសុខាភិបាលរបស់ការិយាល័យស្រុកប្រតិបត្តិចំនួន០៣ ទៅឱ្យរដ្ឋបាលស្រុកចំនួន០៥ ដែលរួមមាន ស្រុកកណ្ដៀង ស្រុកបាកាន ខេត្តពោធិ៍សាត់ ស្រុកម៉ោងឫស្សី ស្រុករុក្ខគិរី និងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

 

មុខងារសុខាភិបាលរបស់មណ្ឌលសុខភាព ដែលត្រូវធ្វើប្រតិភូកម្មក្នុងគម្រោងសាកល្បងនេះមាន៖ (១). ការថែទាំមណ្ឌល សុខភាព រួមបញ្ចូលទាំងសេវាអនាម័យ អគ្គីសនី និងទឹក (២). ការផ្តល់ការលើកទឹកចិត្ត និងការគាំទ្រដល់គណៈកម្មការគ្រប់គ្រង មណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិ (៣). ការផ្តល់ការលើកទឹកចិត្តដល់បុគ្គលិកមណ្ឌលសុខភាព (៤). ការលើកស្ទួយ និងបន្ថែមសេវា ដូចជាការគាំពារ សេវាសុខភាពសហគមន៍ និងប្រចាំការ២៤ម៉ោង (៥). ការពង្រឹងយន្តការតាមដាន ត្រួតពិនិត្យ និងវាយ តម្លៃលើការផ្តល់សេវា នៅមណ្ឌលសុភាព និងសេវាសុខភាពនៅសហគមន៍។

 

យោងតាមរបាយការណ៍សង្ខេបរបស់ក្រសួងបរិស្ថានបានបង្ហាញថា ក្រសួងបានបញ្ចប់របាយការណ៍បញ្ជីវិភាគមុខងារ និងបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ហើយក្រសួងបានចងក្រងរបាយការណ៍ពិនិត្យមើលមុខងារឡើងវិញក្នុងគោលបំណងកំណត់មុខងាររងណាមួយ ព្រមទាំងធនធានទាំងឡាយដែលត្រូវផ្ទេរ ឬ ធ្វើប្រតិភូកម្មជូនរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍សម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេសវិមជ្ឈការនិងវិសហមជ្ឈការនៃក្រសួងបរិស្ថាន ដែលបានធ្វើការយ៉ាងស្អិតរមួតជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងរយៈពេលកន្លងមក។

 

ឯកឧត្ដមរដ្ឋមន្ត្រីក៏បានជំរុញនិងលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ចូលរួមផ្ដល់យោបល់ ក្នុងការត្រួតពិនិត្យមើលមុខងារឡើងវិញ ដើម្បីឱ្យមានលក្ខណៈសមស្រប ជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចមានលទ្ធភាពអនុវត្តការងារមានប្រសិទ្ធភាពខ្ពស់ និងមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋ សំដៅលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋានតាមរយៈការបង្ខិតសេវាឱ្យទៅកៀកប្រជាពលរដ្ឋ ក្នុងន័យកែលំអគុណភាពសេវា ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិបាលកិច្ចល្អមូលដ្ឋាន។

 

មុខងាររងដែលក្រសួងបរិស្ថានស្នើសម្រាប់ផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិមានចំនួន០៦រួមមាន៖
១. ពង្រឹងការគ្រប់គ្រងសំណល់រឹង រាវតាមទីប្រជុំជន
២.វាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃគម្រោងវិនិយោគតាមអនុក្រឹត្យលេខ ៧២
៣. គ្រប់គ្រងតំបន់ការពារធម្មជាតិ
៤. គ្រប់គ្រងសហគមន៍ក្នុងតំបន់ការពារធម្មជាតិ
៥. ពង្រឹងការអប់រំបរិស្ថាន
៦. ការបញ្ជ្រាបភាពធន់នឹងអាកាសធាតុ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់