រាជរដ្ឋាភិបាល​កម្ពុជាមានគម្រោងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ឱ្យបាន៥០ភាគរយ នៅត្រឹមឆ្នាំ២០១៩ ខាងមុខ

ភ្នំពេញ ២៣ មិថុនា ២០១៦៖ ស្របពេលដែលកំណើននៃការប្រើប្រាស់ថង់ប្លាស្ទីក នៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់នោះ មន្រ្ដីជាន់ខ្ពស់ក្រសួងបរិស្ថានបានប្រកាសថា រាជរដ្ឋាភិបាលមានផែនការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីកឱ្យបាន៥០ភាគរយ នៅឆ្នាំ២០១៩ និង៧០ភាគរយនៅឆ្នាំ២០២៥ ដើម្បីធានាបានសុវត្ថិភាពកិច្ចគាំពារសុខភាពសាធារណៈ និងរក្សាសោភ័ណភាពបរិស្ថាន។

ភ្នំពេញ ២៣ មិថុនា ២០១៦៖ ស្របពេលដែលកំណើននៃការប្រើប្រាស់ថង់ប្លាស្ទីក នៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់នោះ មន្រ្ដីជាន់ខ្ពស់ក្រសួងបរិស្ថានបានប្រកាសថា រាជរដ្ឋាភិបាលមានផែនការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីកឱ្យបាន៥០ភាគរយ នៅឆ្នាំ២០១៩ និង៧០ភាគរយនៅឆ្នាំ២០២៥ ដើម្បីធានាបានសុវត្ថិភាពកិច្ចគាំពារសុខភាពសាធារណៈ និងរក្សាសោភ័ណភាពបរិស្ថាន។

 

ថ្លែងក្នុងកិច្ចពិភាក្សាអន្តរក្រសួងលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីវិធានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម ស៊ូ សូវុធ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០១៧តទៅ ការវេចខ្ចប់ដោយប្រើថង់ផ្លាស្ទីក ជូន ដល់អតិថិជន នឹងត្រូវបានគិតកម្រៃបន្ថែមចំនួន៥០០រៀល ពីអតិថិជនក្នុងថង់ប្លាស្ទីកមួយ ក្នុងគោល ដៅកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីកនៅក្នុងប្រទេសកម្ពុជា។

 

ឯកឧត្តមបានបញ្ជាក់ថា ជាជំហានដំបូងដែលអនុវត្តការគិតកម្រៃបន្ថែម ពីការប្រើប្រាស់ថង់នេះ នឹងត្រូវអនុវត្តនៅតាមផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដើម្បីបង្វែរប្រាក់ជួយទៅដល់ការគាំពារបរិស្ថាន។

 

ឯកឧត្តមបានបន្ដថា សម្រាប់ការគិតកម្រៃបន្ថែមពីការប្រើប្រាស់ថង់ប្លាស្ទីកនេះ រដ្ឋក៏បានតម្លើង ពន្ធអាករ នាំចូលថង់ប្លាស្ទីកស្មើ១០ភាគរយ និងការតម្រូវឱ្យការផលិតការនាំចូល ចែកចាយ ពិសេស ការប្រើប្រាស់ ថង់ប្លាស្ទីកតម្រូវឱ្យមានកម្រាស់ចាប់ពី៣០មីក្រុងម៉ែត្រ ឬ០.០០៣មីល្លីម៉ែត្រ និងមានរង្វាស់ទទឹងថង់ផែ្នកបាតខាងក្រោមចាប់ពី៣០សង់ទីម៉ែត្រ ដើម្បីងាយគ្រប់គ្រងទុកដាក់និងការប្រមូល ប្រើប្រាស់បានឡើងវិញ។ ដោយឡែកចំពោះប្រាក់ចំណូលដែលទទួលបានពីការយកកម្រៃបន្ថែមពីអតិថិជន ចំនួន៤០ភាគរយ នឹងត្រូវបង់ចូលមូលនិធិទាយជ្ជបរិស្ថាន ដើម្បីបំរើការងារផ្នែកបរិស្ថាន។

 

លោកស្រី Elodie Maria sube អនុព័ន្ធប្រតិភូសហគមន៍អឺរ៉ុប បានលើកឡើងថា ការកាត់បន្ថយ បានចំពោះការប្រើប្រាស់ថង់ប្លាស្ទីកនេះពិតជាមួយសារៈសំខាន់ណាស់ ខណៈដែលថង់ប្លាស្ទីកនេះ មានសារធាតុគីមីពុលប៉ះពាល់ដល់សុខភាព និងបរិស្ថានយ៉ាងធ្ងន់ធ្ងរហើយមានអាយុកាលវែង មិនងាយរលាយរហូតដល់ជាង៥០០ឆ្នាំ ចំណែកលទ្ធភាពនៃការកែច្នៃឡើងវិញបានត្រឹមតែ៣ភាគរយប៉ុណ្ណោះ។

 

លោកស្រីបានបន្ថែមថា ការទុកដាក់ថង់ប្លាស្ទីកពុំបានត្រឹមត្រូវឬការដុតចោលដែលពុំមាន បទដ្ឋានបច្ចេកទេសត្រឹមត្រូវ នឹងបង្កឱ្យកើតជម្ងឺមហារីក រលាក់សួតបេះដូងនិងជម្ងឺរលាក់ផ្លូវដង្ហើមរុំារៃទៀតផង។

 

លោកស្រីបានឱ្យដឹងទៀតថា ការយកតម្លៃបន្ថែមលើការប្រើប្រាស់ថង់ប្លាស្ទីកមួយតម្លៃ៥០០ រៀលគឺជា តម្លៃមួយសមស្របទៅនឹងបរិបទនៃប្រទេសកម្ពុជាខណៈដែលនៅសហគមន៍អឺរ៉ុបមានមានតម្លៃជិត១អឺរ៉ូ ឬជាង១ដុល្លារសហរដ្ឋអាមេរិក។

 

សូមបញ្ជាក់ថា គម្រោងយកតម្លៃបន្ថែមលើការប្រើប្រាស់ថង់ប្លាស្ទីកនេះ ស្របពេលដែលកំណើន នៃការប្រើប្រាស់ថង់ប្លាស្ទីកមានការកើនឡើងជាគំហុគ ដោយប្រជាពលរដ្ឋម្នាក់ប្រើប្រាស់ថង់ប្លាស្ទីក ជាមធ្យមចំនួនជាង២០០០ថង់ក្នុងមួយឆ្នាំគឺច្រើនជាង១០ដងបើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និងប្រទេសចិន៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់