ទឹកប្រាក់ ៥​លាន​ដុល្លារ ត្រូវ​បាន​ចំណាយ​សម្រាប់​គម្រោង​ពង្រឹង​សមត្ថភាព​ផលិត​ស្បៀង​អាហារ​នៅ​កម្ពុជា

ភ្នំពេញ ១៧ សីហា ២០១៥៖ ទឹកប្រាក់ប្រមាណ៥លានដុល្លារសហរដ្ឋអាម៉េរិក ត្រូវបានប្រើសម្រាប់អនុវត្តន៍គម្រោង «ជីវិត និង ធម្មជាតិ» ដែលជាគម្រោងពង្រឹងសមត្ថភាពបន្ស៊ាំ និងភាពធន់របស់សហគមន៍ជនបទ ដោយប្រើវិធីសាស្ត្រគ្រប់គ្រងទីជម្រាលខ្នាតតូចចំពោះការប្រែប្រួលអាកាសធាតុ ដើម្បីសម្រេចបាននូវសន្តិសុខស្បៀងប្រកបដោយចិរភាព។

ភ្នំពេញ ១៧ សីហា ២០១៥៖ ទឹកប្រាក់ប្រមាណ៥លានដុល្លារសហរដ្ឋអាម៉េរិក ត្រូវបានប្រើសម្រាប់អនុវត្តន៍គម្រោង «ជីវិត និង ធម្មជាតិ» ដែលជាគម្រោងពង្រឹងសមត្ថភាពបន្ស៊ាំ និងភាពធន់របស់សហគមន៍ជនបទ ដោយប្រើវិធីសាស្ត្រគ្រប់គ្រងទីជម្រាលខ្នាតតូចចំពោះការប្រែប្រួលអាកាសធាតុ ដើម្បីសម្រេចបាននូវសន្តិសុខស្បៀងប្រកបដោយចិរភាព។

 

គម្រោងនេះ ត្រូវបានដាក់ឲ្យដំណើរការនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥នេះ ក្រោមអធិបតីភាព ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

 

គម្រោង «ជីវិត និងធម្មជាតិ» ត្រូវបានរៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ក្រសួងបរិស្ថាន ដោយមានកិច្ចសហការជាមួយអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) និង មានការគាំទ្រថវិកាពីមូលនិធិបរិស្ថានសកល (GEF) ក្នុងទឹកប្រាក់ជាង ៥លានដុល្លារអាម៉េរិក សម្រាប់រយៈពេល៥ឆ្នាំ។

 

គោលបំណងសំខាន់ នៃការអនុវត្តគម្រោងនេះ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍ជនបទនៅក្នុងឃុំគោលដៅចំនួន៤ ក្នុងខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តរតនគីរី តាមរយៈការពង្រឹងសមត្ថភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការជំរុញឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ ក្នុងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីទីជម្រាល  ដើម្បីធានានិរន្តរភាពផលិតផលកសិកម្ម និង សន្តិសុខស្បៀង។

 

ឯកឧត្ដម សាយ សំអាល់ បានចាត់ទុកគម្រោងនេះ ជាការឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលដៅជាយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិដោយបានស្នើឱ្យអង្គសិក្ខាសាលាទាំងមូលចែករំលែកនូវមេរៀនបទពិសោធន៍ល្អៗ ដែលទាញចេញពីការអនុវត្តនៅថ្នាក់មូលដ្ឋាន ដើម្បីជាធាតុចូលសម្រាប់ការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ។

 

ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានស្នើឱ្យគ្រប់ការអនុវត្តគម្រោងទាំងអស់ ត្រូវផ្សារភ្ជាប់ទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាសហគមន៍ ក្នុងការលើកកម្ពស់ជីវភាពស្របតាមសក្ដានុពលក្នុងសហគមន៍មូលដ្ឋាននីមួយៗ។

 

ឯកឧត្ដមបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីធានាបានការរស់នៅដោយចិរភាព ចាំបាច់ត្រូវបន្តដំណើរពីការពឹងអាស្រ័យលើសក្ដានុពលធនធានធម្មជាតិ ឆ្ពោះទៅកាន់ការពង្រឹងកសាង និងសមត្ថភាពជំនាញ ដែលជាប្រភពធនធានមិនចេះរីងស្ងួតសម្រាប់ការអភិវឌ្ឍយូរអង្វែងទៅអនាគត ដោយផ្ដើមចេញពីការលើកកម្ពស់ស្មារតីម្ចាស់ការក្នុងនាមអ្នកបន្តវេនគ្រប់ជំនាន់៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់