ក្រសួង​បរិស្ថាន បាន​និង​កំពុង​រៀបចំ​ផែនការ លើកកម្ពស់​ការ​អប់រំ​បរិស្ថាន ដល់​សិស្ស​ចាប់​ពី​ បឋមសិក្សា​ដល់​វិទ្យាល័យ (Fresh News)

ភ្នំពេញ ២៤ មីនា ២០១៦៖ ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំផែនការក្នុងការអប់រំផ្នែកបរិស្ថាន ដល់សិស្សានុសិស្ស ចាប់ពីថ្នាក់បឋមសិក្សាដល់ថ្នាក់វិទ្យាល័យ ដើម្បីលើកកម្ពស់គុណភាពបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពផងដែរ។

ភ្នំពេញ ២៤ មីនា ២០១៦៖ ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំផែនការក្នុងការអប់រំផ្នែកបរិស្ថាន ដល់សិស្សានុសិស្ស ចាប់ពីថ្នាក់បឋមសិក្សាដល់ថ្នាក់វិទ្យាល័យ ដើម្បីលើកកម្ពស់គុណភាពបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពផងដែរ។

 

នៅព្រឹកថ្ងៃទី២៤ ខែមីនានេះ នាក្រសួងបរិស្ថាន មានការរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិមួយស្ដីពីគោលការណ៍ ណែនាំសាលាមេត្រីបរិស្ថាននៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

 

សិក្ខាសាលានេះមានគោលបំណង ដើម្បីពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ឋ លើសេចក្តីព្រាងចុងក្រោយគោលការណ៍ណែនាំសាលាមេត្រីបរិស្ថាននៅកម្ពុជា សំដៅលើកកម្ពស់ការអប់រំបរិស្ថាន តាមរយៈការបញ្ជ្រាបសកម្មភាពអប់រំបរិស្ថាននៅតាមសាលាកម្រិតបឋមសិក្សា និងមធ្យមសិក្សា ដើម្បីលើកកម្ពស់គុណភាពបរិស្ថាន ការអភិរក្ស ជីវៈចម្រុះនិងការរស់នៅដោចីរភាព។ សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួង អប់រំ យុវជន និងកីឡា មន្ទីរបរិស្ថានរាជធានី-ខេត្ត មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត សាលាកម្រិត បឋមសិក្សា និងមធ្យមសិក្សា រួមទាំងអង្គការដៃគូរពាក់ព័ន្ឋ។

 

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្ដម សាយ សំអាល់ បានថ្លែងឲ្យដឹងថា បញ្ហាបរិស្ថានជាបញ្ហាកង្វល់រួមរបស់យើងទាំងអស់គ្នា ដែលចាំបាច់ត្រូវចូលរួមគិតគូរតាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ ថ្នាក់តំបន់ និងសកលលោក ដើម្បីទប់ស្កាត់ ការពារ និងអភិរក្សធនធានធម្មជាតិឱ្យមាននិរន្តរភាពដល់ការប្រើប្រាស់និងការអភិវឌ្ឍដោយចីរភាព។ ដូចជាកន្លងមកនេះ ក្រសួងបរិស្ថានបានកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅ លើគោលនយោបាយកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ រចនាសម្ព័នគ្រប់គ្រង រួមទាំងការធ្វើទំនើបកម្មស្ថានប័នផងដែរ។

 

ឯកឧត្ដម រដ្ឋមន្ត្រីបានថ្លែងថា «ជាការពិត សាលាមេត្រីបរិស្ថាន ជាគំនិតមួយដែលផ្តួចផ្តើមជាលក្ខណៈអន្តរជាតិ និងតំបន់ ដើម្បីជំរុញឱ្យសាលារៀនមានបរិស្ថានស្អាតជានិរន្ត ដោយតម្រូវឱ្យសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូចូលរួមរៀនអំពីបរិស្ថាន សកម្មភាពក្នុងការញែក និងទុកដាក់សំណល់ឱ្យបានត្រឹមត្រូវតាមគោលការណ៍3Rs ចូលរួមអភិរក្ស និងដាំដើមឈើក្នុងបរិវេណសាលា ការប្រើប្រាស់ធនធានដោយសន្សំសំចៃ ការចូលរួមផ្សព្វផ្សាយតាមសហគមន៍ជុំវិញសាលា ដើម្បីចូលរួមថែរក្សាបរិស្ថានជុំវិញ និងជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការកើនឡើងកំដៅភពផែនដី»។

 

ឯកឧត្ដម សាយ សំអាល់ បានថ្លែងទៀតថា ថ្ងៃនេះ ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលការណ៍សាលាមេត្រីបរិស្ថាន ក្នុងក្របខណ្ឌជាតិ ដោយអនុលោមតាមគោលការណ៍សាលាមេត្រីបរិស្ថានអាស៊ាន។ គោលការណ៍ណែនាំនេះ នឹងក្លាយជាបទដ្ឋានមួយដើម្បីយកទៅវាយតម្លៃ និងវាស់ស្ទង់លើការអនុវត្តគោលការណ៍មេត្រីភាពបរិស្ថានតាមសាលារៀននៅ កម្រិតបឋម និងមធ្យមសិក្សានៅទូទាំងប្រទេស ក្នុងព្រះរាជាណាចក្រកម្ពុជា។

 

ឯកឧត្ដម រដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងទៀតថា «គោលការណ៍ណែនាំសាលាមេត្រីបរិស្ថាននេះ គឺជាឧបករណ៍មួយយ៉ាងសំខាន់ សម្រាប់ក្រុមការងារក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជននិងកីឡា យកទៅវាយតម្លៃទៅលើកម្រិតនៃការអនុវត្តមេត្រីភាពបរិស្ថាននៅតាមសាលា ដើម្បីចូលរួមការ ប្រកួតពានរង្វាន់សាលាមេត្រីបរិស្ថាន ចាប់ពីឆ្នាំ ២០១៧ នេះតទៅ។ ខ្ញុំសូមបញ្ជាក់ថា ដើម្បីជំរុញឲ្យមានបរិស្ថានស្អាតក្នុងសាលានៅទូទាំងប្រទេសកម្ពុជា ក្រសួងបរិស្ថាន នឹងរៀបចំឲ្យមានការប្រកួតប្រជែង យកពានរង្វាន់សាលាមេត្រីបរិស្ថាន ហើយសាលាដែលជាប់ជាសាលាមេត្រីបរិស្ថានក្នុងក្របខណ្ឌជាតិ នឹងត្រូវជ្រើសឲ្យចូលរួម ប្រកួតជាសាលាមេត្រីបរិស្ថានក្នុងក្របខណ្ឌអាស៊ាន ឬជាអន្តរជាតិនានា»៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រ Fresh News

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់