ក្រសួងបរិស្ថាន នឹង​អនុវត្តន៍​គម្រោង​បច្ចេកវិទ្យា​គ្រប់​គ្រង​សំណល់​រឹង​ដ៏​ប្រសើរ​រយៈ​ពេល​៥ឆ្នាំ

ភ្នំពេញ ១៨ ឧសភា ២០១៥៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥នេះ បានសហការជាមួយសាលារាជធានីភ្នំពេញ ដោយប្ដេជ្ញាថានឹងអនុវត្តន៍គម្រោងបច្ចេកវិទ្យា ដ៏ប្រសើរមួយដើម្បីគ្រប់គ្រងសំណល់រឹងឲ្យបានក្នុងរយៈពេល៥ឆ្នាំ។ នេះជាការលើកឡើងរបស់លោក សៅ សុភាព នាយខុទ្ទកាល័យ និងជាទីប្រឹក្សាក្រសួងបរិស្ថាន ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ ជាផ្លូវការគម្រោងសកម្មភាព…

 

ភ្នំពេញ ១៨ ឧសភា ២០១៥៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥នេះ បានសហការជាមួយសាលារាជធានីភ្នំពេញ ដោយប្ដេជ្ញាថានឹងអនុវត្តន៍គម្រោងបច្ចេកវិទ្យា ដ៏ប្រសើរមួយដើម្បីគ្រប់គ្រងសំណល់រឹងឲ្យបានក្នុងរយៈពេល៥ឆ្នាំ។ នេះជាការលើកឡើងរបស់លោក សៅ សុភាព នាយខុទ្ទកាល័យ និងជាទីប្រឹក្សាក្រសួងបរិស្ថាន ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ ជាផ្លូវការគម្រោងសកម្មភាពអនុវត្តន៍បច្ចេកវិទ្យាដ៏ប្រសើរដែលអាចរកបាន និងការប្រតិបត្តិបរិស្ថាន ដ៏ប្រសើរនៅទីលានចាក់សំណល់ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើត ដើម្បីឆ្លើយតបទៅនឹងអនុសញ្ញាស្តុកខូម ស្ដីពីធាតុបំពុលសរីរាង្គមិនងាយបំបែកធាតុ នៅសណ្ឋាគារអ៊ីនធឺកង់ទីណង់តាល់នៅព្រឹកថ្ងៃទី១៨ ឧសភា។

 

លោកមានប្រសាសន៍ថា “គម្រោងខាងលើនេះ គឺគម្រោងប្រចាំតំបន់ដែលមានប្រទេសចំនួន៥ ចូលរួម ក្នុងនោះមាន ឡាវ ម៉ុងហ្គោលី ហ្វីលីពីន វៀតណាម និងកម្ពុជា។ គម្រោងនេះទទួលបានការឧបត្ថម្ភថវិកាពីមូលនិធិបរិស្ថានសកលដែលមានទឹកប្រាក់សរុបចំនួន៧.៥៦លានដុល្លាអាម៉េរិក សម្រាប់អនុវត្តន៍ក្នុងរយៈពេល០៥ឆ្នាំ”។

 

ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងឲ្យដឹងនៅក្នុងឱកាសនោះផងដែរថា “ កំណើនប្រជាពលរដ្ឋ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងភាពលូតលាស់យ៉ាងឆាប់រហ័សផ្នែកនគរូបនីយកម្ម បានបង្កើនបរិមាណសំណល់រឹង-រាវ នៅកម្ពុជាយ៉ាងឆាប់រហ័សជាពិសេស នៅតាមទីប្រជុំជន”។

 

ឯកឧត្ដមបន្តថា ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជាកញ្ចប់ថវិកាអនាម័យបរិស្ថានចំនួន៥លានដុល្លាអាម៉េរិក ដើម្បីពង្រឹងការគ្រប់គ្រងសំណល់រឹង-រាវ។ កញ្ចប់ថវិកានេះត្រូវបានប្រើប្រាស់សម្រាប់គ្រប់គ្រងសំណល់រឹង-រាវ ក្នុងបណ្ដាខេត្តក្រុងចំនួន២៦ លើកលែងរាជធានីភ្នំពេញ។

 

ពាក់ព័ន្ធបញ្ហានេះ ឯកឧត្ដមបានថ្លែងបន្តទៀតថា សារធាតុគីមីពុល (POPs) បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស និងសុវត្ថិភាពបរិស្ថានពិភពលោក។ សារធាតុ POPs អាចផ្លាស់ប្ដូរបានក្នុងខ្យល់ តាមទឹក និងមានកំណើនបរិមាណក្នុងសរីរាង្គកាយមានជីវិត ហើយអាចឆ្លងពីសរីរាង្គមួយទៅសរីរាង្គមួយទៀតតាមរយៈចំណីអាហារ។ ការសាយភាយសារធាតុ POPs នៅតែជាបញ្ហាចម្បងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដោយសារតែយន្តការគ្រប់គ្រងសំណល់នៅមានកម្រិត។ បញ្ហាដែលកើតមានជាញឹកញាប់គឺ ការបោះបង់ និងការដុតសំណល់រឹងផ្សេងៗ (រួមមានសារធាតុគីមី និងសំណល់ដែលមានផ្ទុកសារធាតុ POPs នៅទីលានចំហបង្កើតឲ្យមានការសាយភាយសារធាតុ POPs កើតដោយអចេតនា) ទៅក្នុងបរិស្ថាន និងបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពសាធារណៈ។

 

ឯកឧត្ដមបានបញ្ជាក់ផងដែរថា “ ដោយទទួលស្គាល់នូវផលប៉ះពាល់ខាងលើ បណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា បាននឹងកំពុងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្រោមកាតព្វកិច្ចប្រទេសជាសមាជិកអនុសញ្ញាស្តុក ខូម ស្ដីពីសារធាតុ POPs ដើម្បីកាត់បន្ថយ និងជាចុងក្រោយឈានទៅរកការលុបបំបាត់ទាំងស្រុងនូវការសាយភាយធាតុ POPs នេះ”៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល៖ http://www.dap-news.com/2011-06-14-02-39-55/91393-2015-05-18-06-19-11.html

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់