ក្រសួង​បរិស្ថាន​ចាប់ផ្ដើម​អនុវត្តន៍​គម្រោង​ចិញ្ចឹមជីវិត​ក្នុង​ស្ថានភាព​ការ​ ប្រែប្រួល​អាកាសធាតុ​ (AKP)

ភ្នំពេញ ៣០ មេសា ២០១៥៖ ក្រសួងបរិស្ថានបានចាប់ផ្ដើមអនុវត្តន៍គម្រោងមួយ ដើម្បីឱ្យប្រជាពលរដ្ឋអាចចិញ្ចឹមជីវិតបានតាមរយៈការចិញ្ចឹមសត្វ និងការដាំដុះដែលបន្សុំាទៅនឹង ស្ថានភាពបរិស្ថានដែលកំពុងមានការប្រែប្រួលអាកាសធាតុ។

ភ្នំពេញ ៣០ មេសា ២០១៥៖ ក្រសួងបរិស្ថានបានចាប់ផ្ដើមអនុវត្តន៍គម្រោងមួយ ដើម្បីឱ្យប្រជាពលរដ្ឋអាចចិញ្ចឹមជីវិតបានតាមរយៈការចិញ្ចឹមសត្វ និងការដាំដុះដែលបន្សុំាទៅនឹង ស្ថានភាពបរិស្ថានដែលកំពុងមានការប្រែប្រួលអាកាសធាតុ។

 

ក្រសួងបរិស្ថានបានចាប់ផ្ដើមបណ្ដុះបណ្ដាលគ្រូបង្គោលជាច្រើននាក់ មកពី សហគមន៍ព្រៃធម្មជាតិចំនួន៥ នៅក្នុងខេត្តចំនួន៤ ដើម្បីបង្កើនឱ្យពួកគេមានជំនាញបច្ចេកទេសនៃការចិញ្ចឹមសត្វ និងការដាំដុះបន្លែណាដែលមានភាពធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ។

 

ក្នុងសិក្ខាសាលាស្តីពីការចិញ្ចឹមជីវិតដោយនិរន្តរភាពក្នុងបរិបទការប្រែប្រួលអាកាសធាតុ កាលពីព្រឹកថ្ងៃទី២៩ ខែមេសាឆ្នាំ២០១៥ លោក អ៊ុក ណាវណ្ណ ប្រធានគម្រោងបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថានបានបញ្ជាក់ថា ការបណ្តុះបណ្តាលគ្រូបង្គោលទាំងនេះធ្វើឡើង ចំពោះមន្រ្តីជាប្រធានក្រុមប្រឹក្សាឃុំ និងប្រធានសហគមន៍មកពីខេត្តកំពង់ធំ ព្រះវិហារ សៀមរាប និងខេត្តមណ្ឌលគីរី ដើម្បីឱ្យពួកគាត់មានសមត្ថភាពទៅធ្វើការបណ្តុះបណ្តាលបន្តដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ក្នុងជំនាញចិញ្ចឹមសត្វដែលអាចរស់ក្នុងលក្ខខណ្ឌអាកាសធាតុប្រែប្រួល និងការដាំបន្លែណាដែលអាចតទល់បានទៅនឹងអាកាសធាតុរាំងបាន។

 

លោកបានបន្ដថា នេះជាជំហានទី២ហើយ ដែលបានលើកកម្ពស់ជីវភាពរបស់ប្រជាជន បន្ទាប់ពីគម្រោងជំហានទីមួយដែលបានលើកអំពីនិរន្តរភាពព្រៃឈើ គឺឱ្យប្រជាពលរដ្ឋក្នុងសហគមន៍ចេះការពារ និងការដកហូតអនុផលព្រៃឈើប្រកបដោយចីរភាព។ លោកបានបន្តទៀតថា ក្រៅពីការផ្តល់ជំនាញបច្ចេកទេស នៃការចិញ្ចឹមសត្វឱ្យទទួលបានទិន្នផលខ្ពស់នោះ គម្រោងនេះបានផ្តល់ពូជសត្វ និងពូជ បន្លែដែលធន់ទៅនឹងលក្ខណៈភូមិសាស្រ្តផងដែរ។

 

លោកប្រធានគម្រោងបានអះអាងថា ប្រសិនបើប្រជាពលរដ្ឋគ្មានជំនាញ កសិកម្មសម្រាប់ធន់ទៅនឹងការប្រែរប្រួលអាកាសធាតុទេនោះ ពួកគាត់ងាយប្រឈមទៅនឹងកង្វះសន្តិសុខស្បៀង ដោយធ្វើកសិកម្មមិនបានផល ខណៈដែល បច្ចុប្បន្នកម្ពុជាជួបភ្លៀងធ្លាក់ខុសរដូវ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ខ្យល់ព្យុះ និង គ្រោះមហន្តរាយធម្មជាតិជាដើម។

 

លោកជំទាវ ម៉ី ប៊ុតវិទ្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រៃការពារធម្មជាតិទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុនេះ មានសារៈសំខាន់ណាស់ ដើម្បីធានា បាននូវធនធានព្រៃឈើសម្រាប់រួមចំណែកទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

 

គម្រោងលើកកម្ពស់ជីវភាពទៅនឹងការប្រែប្រួលអាកាសធាតុរបស់ក្រសួងបរិស្ថាន នេះមានរយៈ៥ឆ្នាំ គឺចាប់ពីឆ្នាំចុងឆ្នាំ២០១៣រហូតដល់ដើមឆ្នាំ២០១៨ ដែលគ្រោង ចំណាយថវិការហូតដល់ជាង៥លានដុល្លារ ដែលបានមកពីការលក់កាបូន។ ដោយឡែករយៈពេលជិត២ឆ្នាំមកនេះ គម្រោងបានធ្វើឱ្យប្រជាពលរដ្ឋក្នុងតំបន់ គោលដៅមានការប្រែប្រួលជីវភាពជាងមុន ដោយមិនត្រឹមបានជួយការពារបរិស្ថាន ប៉ុណ្ណោះទេ ប៉ុន្តែគឺការដកហូតព្រៃឈើធានាបានតម្លាភាព ការបង្កើតសួនបណ្តុះកូនឈើ សម្រាប់ដាំនៅក្នុងព្រៃធម្មជាតិវិញ ព្រមជាមួយនឹងការជីកអណ្តូង និង អាងស្តុកទឹកដើម្បីជួយដោះស្រាយការដាំដុះដំណាំរបស់ប្រជាសហគមន៍ផងដែរ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)៖ http://www.akp.gov.kh/kh/?p=112492

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់