ប្រជាពលរដ្ឋ​ឃុំ​ស្រែ​សង្គម ​សំណូមពរ​៣​ចំណុច​ក្នុង​វេទិកា​សាធារណៈ

មណ្ឌលគិរី ១២ វិច្ឆិកា ២០១៥៖ បញ្ហាសំខាន់ចំនួន៣ត្រូវបានប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិកា សាធារណៈថ្នាក់ជាតិមួយដែលបានធ្វើឡើងនៅសាលាឃុំស្រែសង្គម ក្នុងស្រុកកោះញែក ដោយបញ្ហាទាំងអស់នោះរួមមាន ១-សំណូមពរឲ្យអាជ្ញាធរជួយជួសជុលអណ្ដូងស្នប់ដែលខូចមួយចំនួនក្នុងឃុំ ២-សំណូមពរឲ្យមន្ទីរកសិកម្មធ្វើយុទ្ធនាការចាក់ថ្នាំការពារជំងឺសត្វគោ-ក្របី នៅភូមិមួយចំនួនបន្ថែមទៀតក្នុងឃុំ និង ៣-សំណូមពរសុំឲ្យអជ្ញាធរស្រុកជីកប្រឡាយទឹកថ្មី តាមបណ្តោយផ្លូវទាំងអស់ក្នុងភូមិទាំង៩ នៅឃុំស្រែសង្គម។

មណ្ឌលគិរី ១២ វិច្ឆិកា ២០១៥៖ បញ្ហាសំខាន់ចំនួន៣ត្រូវបានប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិកា សាធារណៈថ្នាក់ជាតិមួយដែលបានធ្វើឡើងនៅសាលាឃុំស្រែសង្គម ក្នុងស្រុកកោះញែក ដោយបញ្ហាទាំងអស់នោះរួមមាន ១-សំណូមពរឲ្យអាជ្ញាធរជួយជួសជុលអណ្ដូងស្នប់ដែលខូចមួយចំនួនក្នុង ឃុំ ២-សំណូមពរឲ្យមន្ទីរកសិកម្មធ្វើយុទ្ធនាការចាក់ថ្នាំការពារជំងឺ សត្វគោ-ក្របី នៅភូមិមួយចំនួនបន្ថែមទៀតក្នុងឃុំ និង ៣-សំណូមពរសុំឲ្យអជ្ញាធរស្រុកជីកប្រឡាយទឹកថ្មី តាមបណ្តោយផ្លូវទាំងអស់ក្នុងភូមិទាំង៩ នៅឃុំស្រែសង្គម។

 

វេទិកាសាធារណៈនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមអធិបតីភាពលោក កើត សារ៉េត  អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ស្វាយ សំអ៊ាង អភិបាលរងខេត្តមណ្ឌលគិរី។

 

ឆ្លើយតបទៅនឹងសំណូមពរសុំជួសជុលអណ្ដូងទឹក លោក ស្វាយ សំអ៊ាង អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអះអាងថា ចំពោះអណ្តូងដែលខូចនោះ លោកនឹងឲ្យក្រុមការងារកាកបាទក្រហមខេត្តចុះមកធ្វើការជួសជុលទាំងអស់ឡើងវិញនៅពេលឆាប់ៗខាងមុខនេះ។ លោកអភិបាលរងខេត្តបានបញ្ជាក់ថា ចំពោះបញ្ហាអណ្ដូងទឹកនេះលោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ក៏បានសន្យានាពេលកន្លងមកថា លោកនឹងផ្តល់អណ្ដូងចំនួន៦អណ្ដូងក្នុង១ឃុំជូនប្រជាពលរដ្ឋនៅទូទាំងឃុំ សង្កាត់ទាំងអស់នៅខេត្តមណ្ឌលគិរី។

 

ចំណែកឯសំណូមពរសុំឲ្យមន្ទីរកសិកម្មធ្វើយុទ្ធនាការចាក់ថ្នាំការពារជំងឺសត្វគោ-ក្របី លោក សុង ខាង ប្រធានមន្ទីរកសិកម្មខេត្ត បានថ្លែងថា គម្រោងរបស់មន្ទីរកសិកម្មក្នុងមួយឆ្នាំ គឺត្រូវចុះចាក់វ៉ាក់សាំងការពារជម្ងឺសត្វពាហនៈ២ដង ដោយការចុះចាក់វ៉ាក់សាំងនោះគឺធ្វើឡើងនៅដើមឆ្នាំម្ដង និងចុងឆ្នាំម្ដង ហើយនៅក្នុងខែធ្នូខាងមុខនេះ មន្ទីរនឹងរៀបចំឲ្យពេទ្យសត្វចុះចាក់វ៉ាក់សាំងគោ-ក្របីជូនដល់ប្រជាពលរដ្ឋ ដូច្នេះសូមឲ្យមេភូមិ មេឃុំ និងប្រជាពលរដ្ឋជ្រើសរើសទីតាំងឲ្យពិតប្រាកដណាមួយ ប្រមូលផ្ដុំសត្វពាហនៈទាំងអស់ក្នុងឃុំស្រែសង្គមនេះនៅទីតាំងមួយកន្លែង ដើម្បីបង្កភាពងាយស្រួលដល់ក្រុមការងារពេទ្យសត្វមកចាក់ថ្នាំការពារឲ្យគោ-ក្របីរបស់ប្រជាពលរដ្ឋ។

 

ចំពោះសំណូមពរមួយទៀតពាក់ព័ន្ធនឹងការស្នើសុំអាជ្ញាធរជីកប្រឡាយក្នុងឃុំ លោក កើត សារ៉េត បានបកស្រាយថា លោកនឹងចាត់ឲ្យក្រុមការងាររបស់មន្ទីរធនធានទឹកចុះមកសិក្សាឲ្យបានច្បាស់លាស់សិន ហើយនឹងជម្រាបជូនពីលទ្ធផលវិញឲ្យប្រជាពលរដ្ឋបានដឹងក្នុងវេទិកាសាធារណៈពេលក្រោយឆាប់ៗនេះ។

 

ឆ្លៀតក្នុងឱកាសនោះ លោក កែវ ទីណង់ មេឃុំស្រែសង្គម និងលោក មើល សឿន អភិបាលស្រុកកោះញែក ក៏បានជម្រាបដល់ប្រជាពលរដ្ឋឲ្យបានដឹងអំពីលទ្ធផលការងារមួយចំនួន ដែលអាជ្ញាធរបានដោះស្រាយជូនប្រជាពលរដ្ឋកន្លងមកតាមរយៈសំណើក្នុងវេទិកាសាធារណៈ ដោយអាជ្ញាធរបានសាងសង់អណ្ដូងស្នប់ចំនួន៧អណ្តូង និងបានជួសជុលទំនប់ទឹកអូយ៉េះជូនប្រជាពលរដ្ឋប្រើប្រាស់៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសារព័ត៌មានកោះសន្តិភាព

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់