បណ្ដុះបណ្ដាល​របៀប​បញ្ចូល​ទិន្នន័យ និង​បញ្ចេញ​របាយការណ៍​ដល់​មន្ត្រី​​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ

ភ្នំពេញ ២២ កញ្ញា ២០១៥៖ បន្ទាប់ពីបានធ្វើការផ្សព្វផ្សាយស្ដីពីទស្សនទានរួមនៃប្រព័ន្ធតាមដាននិងវាយតម្លៃ និងការប្រមូលទិន្នន័យដល់ក្រុង ស្រុក ខណ្ឌ គោលដៅទាំង១០រួចមក លេខាធិការដ្ឋាន គ.ជ.អ.ប នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ បានរៀបចំវគ្គបណ្ដុះបណ្ដាលពីរបៀបបញ្ចូលទិន្នន័យ និងបញ្ចេញរបាយការណ៍ដល់មន្ត្រីទទួលបន្ទុកបញ្ចូលទិន្នន័យក្រុង ស្រុក ខណ្ឌចំនួន៤បន្តទៀត។

 

ភ្នំពេញ ២២ កញ្ញា ២០១៥៖ បន្ទាប់ពីបានធ្វើការផ្សព្វផ្សាយស្ដីពីទស្សនទានរួមនៃប្រព័ន្ធ តាមដាននិងវាយតម្លៃ និងការប្រមូលទិន្នន័យដល់ក្រុង ស្រុក ខណ្ឌ គោលដៅទាំង១០រួចមក លេខាធិការដ្ឋាន គ.ជ.អ.ប នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ បានរៀបចំវគ្គបណ្ដុះបណ្ដាលពីរបៀបបញ្ចូលទិន្នន័យ និងបញ្ចេញរបាយការណ៍ដល់មន្ត្រីទទួលបន្ទុកបញ្ចូលទិន្នន័យក្រុង ស្រុក ខណ្ឌចំនួន៤បន្តទៀត។

 

ឯកឧត្ដម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខា ធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះមានសារៈសំខាន់ណាស់ព្រោះគ្រូឧទ្ទេសនឹងបង្ហាញពីទម្រង់ របៀបបញ្ចូលទិន្នន័យ របៀបផលិតរបាយការណ៍ និងព័ត៌មានវិភាគខ្លីៗសម្រាប់ដាក់ជូនថ្នាក់ដឹកនាំ។

 

ឯកឧត្ដម ជាម ប៉េអា មានប្រសាសន៍បន្តថា ដោយសារតែប្រព័ន្ធតាមដាននិងវាយតម្លៃផ្ទៃក្នុងរបស់ក្រុង ស្រុក ខណ្ឌជាប្រព័ន្ធមួយថ្មី ហើយទើបតែដាក់ឱ្យអនុវត្តសាកល្បងនៅក្រុង ស្រុក ខណ្ឌគោលដៅទៀតនោះ ដូច្នេះស្នើឱ្យមន្ត្រីទទួលបន្ទុកបញ្ចូលព័ត៌មានត្រូវយកចិត្តទុកដាក់រៀនសូត្រ និងត្រូវមានផែនការសកម្មភាពជាក់លាក់ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់។

 

សូមបញ្ជាក់ថា ប្រព័ន្ធតាមដាននិងវាយតម្លៃផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបានរៀបចំឡើងដោយក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប ស្របតាមផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២) នៃកម្មវិធីជាតិ និងបានផ្សព្វផ្សាយដាក់ឱ្យអនុវត្តសាកល្បងនៅតាមក្រុង ស្រុក ខណ្ឌ គោលដៅចំនួន១០ កាលពីថ្ងៃទី០៤-២១ ខែកញ្ញា ឆ្នាំ២០១៥ ថ្មីៗនេះ។

 

សម្រាប់ដំណាក់កាលទី១នេះ ក្រុមការងារបានបណ្ដុះបណ្ដាលពីរបៀបបញ្ចូលទិន្នន័យដល់មន្ត្រីទទួលបន្ទុកបញ្ចូលទិន្នន័យមកពីក្រុង ស្រុក ខណ្ឌ ចំនួន០៤ រួមមានស្រុកស្រីសន្ធរ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងខណ្ឌដូនពេញ រាជធានីភ្នំពេញ មុននឹងបន្តបណ្ដុះបណ្ដាលដំណាក់កាលទី២ដល់ក្រុង ស្រុក ខណ្ឌ ផ្សេងទៀតនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់