រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ៖ ជា​ជំហានៗ​ផ្លូវ​ជនបទ​នឹង​ធ្វើ​ឲ្យ​ទៅជា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់

ភ្នំពេញ ២២ មករា ២០១៥៖ សម្រាប់ឆ្នាំ២០១៤មកនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានកសាងផ្លូវជនបទជូនប្រជាពលរដ្ឋបានសរុបប្រវែង៥០០គីឡូម៉ែត្រ ហើយជាជំហានៗផ្លូវនេះនឹងក្លាយទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ ក្រោយពីបានធ្វើផ្លូវក្រាលគ្រោះក្រហមរួច។

ភ្នំពេញ ២២ មករា ២០១៥៖ សម្រាប់ឆ្នាំ២០១៤មកនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានកសាងផ្លូវជនបទជូនប្រជាពលរដ្ឋបានសរុបប្រវែង៥០០គីឡូម៉ែត្រ ហើយជាជំហានៗផ្លូវនេះនឹងក្លាយទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ ក្រោយពីបានធ្វើផ្លូវក្រាលគ្រោះក្រហមរួច។

 

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានឲ្យដឹងយ៉ាងដូច្នេះបន្ទាប់ពីជំនួបស្រាយបំភ្លឺជុំវិញការងារអភិវឌ្ឍន៍ជនបទជូនគណៈកម្មការទី៣រដ្ឋសភា ដែលដឹកនាំដោយ លោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥នៅវិមានរដ្ឋសភា។

 

លោកបន្តថា ជាមួយនឹងការកសាងផ្លូវលំជនបទឆ្នាំ២០១៤នេះដែរ ក្រសួងបានជំរុញការអភិវឌ្ឍន៍ទឹកស្អាតគ្របដណ្ដប់មូលដ្ឋានប្រជាពលរដ្ឋជនបទបានជាង៥០% កសាងបង្គន់អនាម័យបាន៤៩% ហើយតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សឆ្នាំ២០១៥ ក្រសួងនឹងប្រឹងប្រែងពង្រីកបង្គន់អនាម័យឲ្យបានគ្របដណ្ដប់ក្នុងតំបន់គោលដៅប្រមាណ៣០%ទៀត និងបន្តកសាងផ្លូវជនបទពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៨ឲ្យបានប្រវែង១.២០០គីឡូម៉ែត្រ។

 

ជាមួយនឹងកសាងផ្លូវជនបទ បង្គន់អនាម័យ អណ្ដូងទឹកស្អាត ក្រសួងបានយកចិត្តទុកដាក់កសាងសាលារៀនជូនប្រជាពលរដ្ឋ ព្រមទាំងបានជួយលើកកម្ពស់ និងអភិរក្សព្រៃសហគមន៍ជនជាតិភាគតិច និងខិតខំកៀរគរហិរញ្ញប្បទានសម្រាប់ផ្តល់ជាប្រាក់កម្ចីខ្នាតតូច ការប្រាក់ទាបជូនប្រជាពលរដ្ឋដើម្បីពង្រីកមុខរបរខ្នាតតូច បង្កើនសេដ្ឋកិច្ចគ្រួសារ និងកាត់បន្ថយការធ្វើចំណាកស្រុកផងដេរ។ 

 

ជាគោលដៅក្រសួងនឹងគាំទ្រ និងសហការអោយបានរឹងមាំតាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជាមួយនឹងលំហូរថវិកាពីរាជរដ្ឋាភិបាលដើម្បីក្លាយជាដៃគូពិតប្រាកដក្នុងការអភិវឌ្ឍន៍ប្រកបដោយការទទួលខុសត្រូវ និងមានតម្លាភាព។

 

លោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភាបានទទួលស្គាល់ថា ក្នុងជំនួបរវាងក្រសួងនានាជាមួយគណៈកម្មការទី៣នៃរដ្ឋសភា បើប្រៀបធៀបគ្នាទៅក្រសួងអភិវឌ្ឍន៍ជនបទមានបញ្ហាប្រឈមច្រើនជាងគេ។ លោកក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងបានសំណូមពរយ៉ាងទទូចដល់ក្រសួងអភិវឌ្ឍន៍ជនបទធ្វើយ៉ាងណាជួយលើកតម្កើងជីវភាពរស់នៅប្រជាពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋក្រីក្រដែលភាគច្រើននៅជនបទឲ្យបានល្អប្រសើរថែមទៀត៕

ដកស្រង់ចេញពីគេហទំព័រកម្ពុជាថ្មី

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់