ក្រសួង​សុខាភិបាល​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​ទៅ​រក​គ្រូពេទ្យ​ដែល​មិន​មាន​វិជ្ជាជីវៈ

ភ្នំពេញ ១៥ មករា ២០១៥៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ត្រូវបញ្ឈប់ការទៅស្វែងរកគ្រូពេទ្យព្យាបាលជំងឺដែលមិនមានវិជ្ជាជីវៈ និងសេវា សុខាភិបាលណា ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវដើម្បី ចៀសវាងការឆ្លងមេរោគផ្សេងៗពិសេស គឺមេរោគអេដស៍។

ភ្នំពេញ ១៥ មករា ២០១៥៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសត្រូវបញ្ឈប់ការទៅស្វែងរកគ្រូពេទ្យព្យាបាលជំងឺដែលមិនមានវិជ្ជាជីវៈនិងសេវាសុខាភិបាលណា ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវដើម្បីចៀសវាងការឆ្លងមេរោគផ្សេងៗពិសេសគឺមេរោគអេដស៍។

 

ការអំពាវនាវនេះគឺធ្វើឡើងនៅក្នុងពិធីចែកអត្តសញ្ញាណប័ណ្ណ ជូនដល់ប្រជាពលរដ្ឋនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ដោយឯកឧត្ដមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានសំណូមពរឱ្យប្រជាពលរដ្ឋផ្លាស់ប្ដូរទម្លាប់ដោយងាកមកប្រើប្រាស់សេវា និងគ្រូពេទ្យរបស់រដ្ឋវិញដែលមានជំនាញ និងមានការត្រួតពិនិត្យពីក្រសួងសុខាភិបាលនោះ។

 

ឯកឧត្ដមបានបន្តថា ដើម្បីងាយស្រួលក្នុងការតាមដាន និងត្រួតពិនិត្យទៅលើសកម្មភាព និងឥរិយាបថរបស់គ្រូពេទ្យដែលបានប្រព្រឹត្តនូវអំពើមិនល្អ ដូចជាសីលធម៌ និងការទារយកលុយកាក់លើសពីតារាងកំណត់ ប្រជាពលរដ្ឋអាចសរសេរសំបុត្ររិះគន់កែលម្អគ្រូពេទ្យនៅតាមមណ្ឌលសុខភាពទាំងនោះបាន។

 

ឯកឧត្ដមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់សេវាសុខាភិបាលរបស់រដ្ឋយើង ហើយបើមានបញ្ហាអ្វីកើតឡើងចំពោះការផ្ដល់សេវាសុខភាព និងគ្រូពេទ្យនោះ បងប្អូនអាចរាយការណ៍មកអាជ្ញាធរមូលដ្ឋាន និងមន្ត្រីមានសមត្ថកិច្ចក៏ដូចជាមណ្ឌលសុខភាពនៅតាមឃុំ សង្កាត់ មន្ទីរសុខាភិបាលរាជធានី ខេត្ត និងក្រសួងសុខាភិបាលដើម្បីផ្ដល់ព័ត៌មាន និងមានវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។

 

ឯកឧត្ដមបានលើកឡើងថា រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលបានសិក្សាស្រាវជ្រាវរកមូលហេតុ និងវិធានការចាំបាច់ក្នុងការជួយដល់ប្រជាពលរដ្ឋចំពោះការកើតឡើងនៃការចម្លងមេរោគអេដស៍ ជំងឺអេដស៍នៅក្នុងឃុំរកា ស្រុកសង្កែ ខេត្ដបាត់ដំបងនោះគឺដោយសារតែគ្រូពេទ្យគ្មានវិជ្ជាជីវៈ តាមរយៈគ្រូពេទ្យចាក់ថ្នាំ និងចាក់ម្ជុលស៊ីរ៉ាំងរួមគ្នា។

 

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តទៀតថា ឥឡូវនេះក្រសួងសុខាភិបាលបានរៀបចំបញ្ជូនក្រុមអ្នកស្រាវជ្រាវ ក្រុមអ្នកផ្ដល់ប្រឹក្សា និងថែទាំចំនួន៦ក្រុម ដើម្បីជួយលើកទឹកចិត្ត និងថែរក្សាប្រជាពលរដ្ឋដែលបាន ឆ្លងមេរោគអេដស៍ ជំងឺអេដស៍នៅក្នុងឃុំរកា ដែលរហូតមកពេលនេះគឺមានជាង២០០នាក់។ រាជរដ្ឋាភិបាលបានផ្ដល់ឱសថប្រឆាំងមេរោគ និងថ្នាំផ្សេងៗទៀតដើម្បីថែទាំអ្នកជំងឺ និងពង្រីកមណ្ឌលសុខភាពឃុំ រកា ឱ្យមានកន្លែងប្រឹក្សាសម្រាប់ប្រជាពលរដ្ឋដែលត្រូវការសេវា និងចង់មកធ្វើតេស្ដឈាមរកមេរោគអេដស៍ ជំងឺអេដស៍ នៅមូលដ្ឋាននោះតែម្ដង៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា៖ http://www.akp.gov.kh/kh/?p=104229

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់