ធនាគារ​ពិភពលោក​ ផ្ដល់​ជំនួយ​១៣០​លាន​ដុល្លារ ប្រតិបត្តិការ​លើ​គម្រោង​ចំនួន​៤

ភ្នំពេញ ១០ មិថុនា ២០១៦៖ ធនាគារពិភពលោក (WB) បានសម្រេចផ្ដល់នូវជំនួយហិរញ្ញប្បទានប្រមាណ ១៣០លានដុល្លារ សហរដ្ឋអាមេរិក ដើម្បីធ្វើសហប្រតិបត្តិការលើគម្រោងធំៗចំនួន៤នៅក្នុងប្រទេសកម្ពុជា។

 

ភ្នំពេញ ១០ មិថុនា ២០១៦៖ ធនាគារពិភពលោក (WB) បានសម្រេចផ្ដល់នូវជំនួយហិរញ្ញប្បទានប្រមាណ ១៣០លានដុល្លារ សហរដ្ឋអាមេរិក ដើម្បីធ្វើសហប្រតិបត្តិការលើគម្រោងធំៗចំនួន៤នៅក្នុងប្រទេសកម្ពុជា។

 

ឯកឧត្ដមអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ថា ការឈានដល់ការចុះហត្ថលេខានេះ គឺ បានបង្ហាញឲ្យឃើញពីភាពជាដៃគូដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក។ គម្រោងទាំង៤នោះ រួមមាន៖ ១-គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ជំហានទី២ ក្នុងគោលបំណងលើកកម្ពស់គុណភាព សុវត្ថិភាព និងភាពធន់ទៅលើអាកាសធាតុ នៃផ្លូវជាតិនៅកម្ពុជាមួយចំនួន ២-គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលក្នុងគោលបំណងផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាពជូនប្រជាពលរដ្ឋក្រីក្រខ្វះលទ្ធភាពស្វែងរកសេវាសុខាភិបាល ៣- គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ជំហានទី២ ក្នុងគោលបំណងផ្តោត សំខាន់លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តខ្នាតតូច ការអភិវឌ្ឍន៍វិស័យកសិកម្មក្នុងដីសម្បទានសង្គមកិច្ច និងការកែលំអជីវភាពប្រជាជនដែលនឹងផ្តល់អត្ថប្រយោជន៍ដល់គ្រួសារក្រីក្រចំនួន ៥០០០គ្រួសារ មកពីសហគមន៍ចំនួន១៤ ក្នុងខេត្តចំនួន៥ និងទី៤- គម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ ក្នុងគោលបំណងបង្កើតមូលដ្ឋានគ្រឹះចាំបាច់នានាសម្រាប់បម្រើឲ្យការគ្រប់គ្រងទឹក និងធនធានជលផលឲ្យមានប្រសិទ្ធភាពនៅក្នុងតំបន់ភាគឦសាន នៃប្រទេសកម្ពុជានិងការការពារបរិស្ថាន ឲ្យនិរន្តរភាពក្នុងតំបន់នៃអាងទន្លេមេគង្គ។

 

ឯកឧត្ដមបានបន្តថា គម្រោងទាំង៤នេះ ធ្វើឲ្យរាជរដ្ឋាភិបាល និង ធនាគារពិភពលោកនឹងសម្លឹងឆ្ពោះទៅរក ការកសាងកិច្ចសហប្រតិបត្តិការមួយឱ្យកាន់តែរឹងមាំជាងមុនឈរលើស្មារតី នៃការគោរពគ្នា ទៅវិញទៅមកប្រកបដោយភាពជឿទុកចិត្ត។

 

ឯកឧត្ដមបានកោតសរសើរចំពោះធនាគារពិភពលោក ដែលបានទទួលស្គាល់នូវសមិទ្ធផលដ៏ធំធេង របស់រដ្ឋាភិបាលកម្ពុជាជាពិសេសការសម្រេចបាននូវស្ថេរភាព  និងកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរយៈជាងមួយទសវត្សចុងក្រោយ ការកាត់បន្ថយភាពក្រីក្រក្នុងល្បឿនលឿនការសម្រេចបាននូវ គោលដៅសហស្សវត្ស និងការជំរុញបែងចែក ផ្លែផ្កា នៃកំណើនដោយសមធម៌៕
អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់