ក្រសួងសេដ្ឋកិច្ច​ រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ ​សារាចរណែនាំ​ស្ដីពី ការ​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៧

ភ្នំពេញ ៣០ មិថុនា ២០១៦៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ បានជួបប្រជុំជាមួយតំណាងគ្រប់ក្រសួង ស្ថាប័ន របស់រដ្ឋដើម្បីពិភាក្សាលើការរៀបចំ សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្ដម វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ភ្នំពេញ ៣០ មិថុនា ២០១៦៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ បានជួបប្រជុំជាមួយតំណាងគ្រប់ក្រសួង ស្ថាប័ន របស់រដ្ឋដើម្បីពិភាក្សាលើការរៀបចំ សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្ដម វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 

ឯកឧត្ដម វង្សី វិស្សុត បានមានប្រសាសន៍ថា កិច្ចប្រជុំមានគោលបំណង ចែករំលែកគោលការណ៍ សំខាន់ៗ ព័ត៌មាន ការយល់ដឹងអំពីការរៀបចំថវិកាសម្រាប់ឆ្នាំ២០១៧ និងផ្លាស់ប្តូរមតិយោបល់ សំដៅធ្វើយ៉ាងណាឲ្យការរៀបចំថវិកាកាន់តែមានការគិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើឲ្យបានកាន់តែប្រសើរឡើងនូវផលប្រយោជន៍របស់ប្រទេសជាតិ ការអភិវឌ្ឍប្រទេស និងការធានាបាននូវ ប្រតិបត្តិការរបស់រដ្ឋព្រមទាំងការ បង្កើនគុណភាព សេវាសាធារណៈ។

 

ឯកឧត្ដមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ប្រទេសដែលមានការរៀបចំ និងគ្រប់គ្រងថវិកាបានល្អ ប្រទេសនោះតែងតែរួចផុតពីអន្ទាក់នៃភាពក្រីក្រ ហើយឈានទៅរកឯករាជ្យភាព និងភាពជាម្ចាស់ លើជោគវាសនារបស់ខ្លួន។ ដោយឡែកចំពោះប្រទេស ដែលគ្មានមាយាទក្នុងការគ្រប់គ្រងថវិកាវិញ ប្រទេសនោះរមែងតែងតែវិនាស ហិនហោច ជំពាក់បំណុលគេវ័ណ្ឌក ហើយបន្តស្ថិតនៅក្រោមគំនាបគេងើបពុំរួច។ ដូច្នេះ ការគ្រប់គ្រងថវិកាដើរតួនាទីសំខាន់ ក្នុងការកំណត់ជោគវាសនា របស់ប្រទេសជាតិនីមួយៗ។

 

សម្រាប់ប្រទេសកម្ពុជា ឯកឧត្ដមរដ្ឋលេខាធិការ វង្សី វិស្សុត បានលើកឡើងផងដែរថា ការរៀបចំថវិកាឆ្នាំ ២០១៧ ប្រៀបប្រដូចទៅនឹង ការសាងសង់ស្ពានផង និងជាការបុកគ្រឹះផង។ ថវិកាជាស្ពាន គឺមានន័យថា ថវិកា ឆ្នាំ២០១៧ ជាស្ពានចម្លងកម្ពុជា ពីប្រទេសក្រីក្រ ទៅជាប្រទេសចំណូលមធ្យម និងកាន់តែរីកចម្រើន។ ដោយឡែក ចំពោះថវិកាជាការបុកគ្រឹះវិញ មានន័យថា ថវិកាឆ្នាំ២០១៧ ជាការកសាងជន្ទល់ ទ្រទ្រង់កំណើន សេដ្ឋកិច្ច រយៈពេលវែង សម្រាប់កូនចៅជំនាន់ក្រោយ ដើម្បីជាមូលដ្ឋានឈានឡើង ទៅជាប្រទេសចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។

 

ឯកឧត្ដមរដ្ឋលេខាធិការបានស្នើគ្រប់ក្រសួងស្ថាប័ន ត្រូវផ្លាស់ប្តូរទស្សនៈ ក្នុងការចាយ ថវិកាជាតិ គឺត្រូវចេះធ្វើអាទិភាព ភាវូបនីយកម្មលើអាទិភាព ដើម្បីសម្រេចឲ្យបាន នូវគោលនយោបាយ របស់ក្រសួងស្ថាប័នខ្លួន ក៏ដូចជាការអភិវឌ្ឍរបស់ប្រទេស។

 

ពាក់ព័ន្ធនឹងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០១៧ ឯកឧត្ដមមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០១៧ នឹងនៅតែអាចបន្តរក្សាបាននូវ កំណើនយ៉ាងរឹងមាំ ប៉ុន្តែកម្ពុជាចាំបាច់ត្រូវដោះស្រាយបញ្ហា កំណើនតិចរបស់វិស័យកសិកម្ម និងត្រូវធ្វើពិពិធកម្មផលិតផល និងហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ បន្ថែមទៀត ព្រមទាំងការយកចិត្តទុកដាក់ដល់ហានិភ័យនៃវិស័យឥណទាន និងអចលនទ្រព្យ។

 

ជាមួយគ្នានេះ កម្ពុជាត្រូវខិតខំបង្កើនការទាក់ទាញការវិនិយោគផ្ទាល់មកពីបរទេសបន្ថែមទៀត ជាពិសេសដើម្បីគាំទ្រដល់ការ អនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម តាមរយៈការកាត់បន្ថយចំណាយខ្ពស់ក្នុងការវិនិយោគ។ ចំពោះក្របខ័ណ្ឌចំណូលថវិកាវិញ រាជរដ្ឋាភិបាលនឹងបង្កើនការប្រមូលចំណូលចរន្តសរុបបន្ថែមឲ្យបានស្មើនឹង០,៥៤% ធៀបនឹង ច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៦ ដើម្បីឈានទៅសម្រេចឲ្យបាន១៨,២៤% នៃ ផសស នៅ២០១៧។ ដោយឡែក ចំពោះក្របខ័ណ្ឌចំណាយថវិកា ឆ្នាំ២០១៧វិញ នឹងបន្តតម្រង់ផ្តោតទៅលើការបង្កើនគុណភាពនៃសេវាធារណៈ និងគាំទ្រដល់ចលនានៃការកែទម្រង់ស៊ីជម្រៅ លើវិស័យសំខាន់ៗ ជាពិសេសការបន្តដំឡើងប្រាក់បៀវត្សជូនមន្រ្តីរាជការដើម្បីឈានសម្រេចគោលដៅ បៀវត្សអប្បរមាច្រើនជាង១លានរៀលនៅឆ្នាំ២០១៨ ព្រមទាំងបង្កើនការវិនិយោគដើម្បីទ្រទ្រង់ កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន៕

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់