ក្រសួង​សេដ្ឋកិច្ច​ផ្សព្វផ្សាយ​ស្ដីពី​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ពាក់ព័ន្ធ​ នឹង​ការ​គ្រប់គ្រង​មន្ត្រីរាជការ​សាធារណៈ

ភ្នំពេញ ១៤ កក្កដា ២០១៦៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ មួយស្តីពី លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការ ជូនមន្រ្តីរាជការ គ្រប់អង្គភាពទាំងថ្នាក់កណ្តាលថ្នាក់មូលដ្ឋាន និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ភ្នំពេញ ១៤ កក្កដា ២០១៦៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ មួយស្តីពី លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការ ជូនមន្រ្តីរាជការ គ្រប់អង្គភាពទាំងថ្នាក់កណ្តាលថ្នាក់មូលដ្ឋាន និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 

កិច្ចប្រជុំនេះបានប្រព្រឹត្ត ទៅកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួង ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 

ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ បានសហការ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយដ៏មានសារៈសំខាន់នេះ ជូនមន្ត្រីរាជការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានជ្រួតជ្រាបនូវខ្លឹមសារនៃលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា សម្រាប់ពង្រឹងការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅ នឹងតម្រូវការក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក៏ដូចជាការ អនុវត្តកម្មវិធីជាតិកែទម្រង់សាធារណៈឆ្នាំ២០១៥-២០១៨។

 

ឯកឧត្តមហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវលក្ខណ សម្បត្តិចំនួនបួនសម្រាប់មន្ត្រីរាជការគឺ៖ ១-ទឹកចិត្តបម្រើការងារមោះមុត ២-មានភក្តីភាព ៣-ផ្តោតលើសេវា និង៤-គោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលមន្រ្តីរាជការសាធារណៈគ្រប់រូប ចាំបាច់ត្រូវ ប្រកាន់ខ្ជាប់ជាប្រចាំ។

 

ឯកឧត្តមបានក្រើនរម្លឹកដល់មន្រ្តីរាជការគ្រប់រូបនៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ឱ្យចូលរួម កាន់តែសកម្មក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ លើកកម្ពស់តម្លាភាព ភាពឆ្លើយតបនិងការ ពង្រឹងឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈក្នុងការបំពេញការងារ ក្នុងអាជីពជាមន្រ្តីរាជការស៊ីវិលប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺ “បម្រើប្រជាជនឱ្យបានកាន់តែប្រសើរឡើង” ។

 

ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា មន្រ្តីរាជការរបស់យើងចាំបាច់គឺត្រូវបន្តពង្រឹង និងពង្រីក សមត្ថភាព ចំណេះដឹង និង ចំណេះធ្វើជាដរាប តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល ការស្រាវជ្រាវ និង ការស្វែងយល់ នូវចំណេះដឹងថ្មីៗលើមុខជំនាញបច្ចេកទេស ស្របតាមបរិបទការងារពិសេសចំពោះ បទប្បញ្ញតិ្ត និងលិខិតបទដ្ឋានគតិយុត្តិ ដែលត្រូវបានដាក់ឱ្យអនុវត្តន៍ថ្មីៗនិងជាបន្តបន្ទាប់។ ជាមួយគ្នានេះ ការយល់ដឹងអំពីបទដ្ឋានគតិយុត្តិ គឺជាមូលដ្ឋានចម្បងសម្រាប់ជំរុញតម្លាភាព គណនេយ្យភាព និងការឆ្លើយតបបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និង ស្របតាមគោលការណ៍នីតិរដ្ឋ។

 

ឯកឧត្តមក៏បានណែនាំឱ្យអង្គភាពទាំងអស់ ដែលទទួលបន្ទុក គ្រប់គ្រងបុគ្គលិកមន្រ្តីរាជការ ព្រមទាំងសាមីមន្រ្តីរាជការ ត្រូវពង្រឹងនិងបង្កើនស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារ និងចូលរួមអនុវត្តនីតិវិធីក្នុងការគ្រប់គ្រងវត្តមានមន្រ្តីរាជការឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្តិ សេចក្តីសម្រេច និង គោលនយោបាយរបស់រាជរដ្ឋាភិបាល។

 

ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការបានជំរុញឱ្យមន្ត្រីពាក់ព័ន្ធ ចូលរួម ផ្លាស់ប្តូរមតិយោបល់ ឱ្យបានសកម្ម និងផុលផុសសំដៅរួមចំណែកជំរុញដល់ការ លើកកម្ពស់ការយល់ដឹង គណនេយ្យភាព និងការទទួលខុសត្រូវរបស់ខ្លួនសម្រាប់គ្រប់អង្គភាព ក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃមន្រ្តីរាជការ ឱ្យបានទៀងទាត់ដើម្បីធានាបាននូវនិរន្តរភាពការងារ និង ស្ថាប័ន និងលើកកម្ពស់មនសិការវិជ្ជាជីវៈសុខុមាលភាពមន្រ្តីរាជការស៊ីវិល និង សមិទ្ធកម្ម ក្នុងការផ្តល់សេវារដ្ឋបាលសាធារណៈឆ្លើយតបទៅនឹងតម្រូវការ សំណូមពរ និង បំណងប្រាថ្នារបស់ប្រជាជន៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់