ក្រសួងសេដ្ឋកិច្ច​ និង​ភាគី​ពាក់ព័ន្ធ​ពិភាក្សា លើ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​សម្រាប់​រៀបចំ​ច្បាប់​ថវិកា​ឆ្នាំ​២០១៧

ភ្នំពេញ ២៦ កក្កដា ២០១៦៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នេះ បានរៀបចំសិក្ខាសាលា ស្តីពីការជំរុញអភិវឌ្ឍវិស័យកសិកម្មក្រោមវត្តមានឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍សំខាន់ៗ…

ភ្នំពេញ ២៦ កក្កដា ២០១៦៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នេះ បានរៀបចំសិក្ខាសាលា ស្តីពីការជំរុញអភិវឌ្ឍវិស័យកសិកម្មក្រោមវត្តមានឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍សំខាន់ៗ ដូចជា WB ADB IFAD AFD FAO Oxfam IRRI EU USAIDAusAid JICA ព្រមទាំងអង្គការសង្គមស៊ីវិល វិស័យឯកជនរួមទាំងស្ថាប័នសិក្សាស្រាវជ្រាវផងដែរ។

 

ឯកឧត្តមវង្សី វិស្សុត មានប្រសាសន៍ថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ ដើម្បី សម្រួលអាទិភាព និងសកម្មភាពដែលជាកម្មវត្ថុនៃធ្វើហិរញ្ញប្បទាន ក្នុងក្របខណ្ឌថវិកាឆ្នាំ២០១៧ ពិសេសពិនិត្យអំពីតម្រូវការចំណាយសំខាន់ៗក្នុងវិស័យកសិកម្ម ហើយថវិកាជាតិអាចទ្រទ្រង់បានក្នុងកម្រិតណា ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍនៃវិស័យនេះ ក៏ដូចជាដើម្បីសម្រេចបាននូវគោលដៅដែលបានដាក់ចេញ។

 

ឯកឧត្តមបានគូសបញ្ជាក់ថា តាមរយៈការអនុវត្តនូវអភិក្រមដូចឆ្នាំកន្លងទៅ ថវិការបស់ក្រសួងកសិកម្ម ត្រូវបាន តម្លើងប្រមាណ២៥% នៅក្នុងឆ្នាំ២០១៦នេះ ដោយផ្តោតលើសេវាផ្សព្វផ្សាយកសិកម្ម និងគម្រោងសកម្មភាពអាទិភាពមួយចំនួន ដូចជា ការស្រាវជ្រាវផលិតពូជស្រូវ និងផលិតកម្មស្បៀង។ ក្រសួងពាក់ព័ន្ធផ្សេងទៀត ដូចជាក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ក៏ទទួលបាននូវការបង្កើនថវិកាច្រើនផងដែរ ក្នុងគោលដៅគាំទ្រដល់ការអភិវឌ្ឍន៍និងវិស័យកសិកម្មនេះ។

 

ឯកឧត្តមរដ្ឋមន្រ្តីស្តីទីលើកឡើងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្ម ជាវិស័យដ៏សំខាន់ ដូចមាន កំណត់ទាំងនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ២០១៤-២០១៨ និងទាំងនៅក្នុងឯកសារគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ក៏ដូចជា ក្នុងផែនការ យុទ្ធសាស្រ្តតាមវិស័យ របស់ក្រសួងកសិកម្ម ។ វិស័យកសិកម្មនឹងនៅតែបន្តដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ដោយសារម្ខាងវិស័យនេះ គឺជាកម្លាំងចលករអូសកំណើនសេដ្ឋកិច្ច និងម្ខាងទៀត វិស័យនេះ ក៏ដើរតួនាទីនៅក្នុង ការកាត់បន្ថយភាពក្រីក្រ និងការលើកតម្កើងជីវភាពរស់នៅរបស់ប្រជាជនទូទៅផងដែរ។ ជាក់ស្តែងការរីកចម្រើន នៃវិស័យកសិកម្មបានជួយធ្វើឱ្យកម្ពុជាសម្រេចបាននូវការកាត់បន្ថយ ភាពក្រីក្រយ៉ាងលឿនក្នុងនោះ វិស័យស្រូវអង្ករបានចូលរួមចំណែកប្រមាណ៦០%។ ជាងនេះទៅទៀត កំណើននៃវិស័យកសិកម្មប្រមាណ៥% ក្នុងមួយឆ្នាំ បានជួយឱ្យសម្រេចបាន កំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៧,៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ក៏ប៉ុន្តែក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ កំណើននៃវិស័យកសិកម្មមានភាពថមថយ ដែលចាំបាច់ទាមទារឱ្យមានការគិតគូរ និងកែតម្រូវយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យនេះឡើងវិញ ទាំងក្នុងរយៈពេលមធ្យម និងវែង ដើម្បីធានាឱ្យវិស័យកសិកម្មនេះ នៅតែបន្តអាចដើរតួនាទីសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទាំងមូល។

 

ឯកឧត្តមរដ្ឋមន្រ្តីស្តីទី បានគូសបញ្ជាក់បន្ថែមថា ប្រភពថវិកាជាតិតែមួយមុខពិតជាមិនអាចទ្រទ្រង់ រួចនូវតម្រូវការចំណាយដ៏ធំនៅក្នុងវិស័យកសិកម្មនេះបានទេ។ ដូច្នេះ ចាំបាច់ត្រូវមានការសម្របសម្រួល ពីដៃគូពាក់ព័ន្ធដែលធ្វើការក្នុងវិស័យកសិកម្មទាំងអស់ ទាំងនៅក្នុងដំណាក់កាលនៃការរៀចំផែនការ និងក្នុងពេលអនុវត្តដើម្បីបង្កើនភាពប្រទាក់ក្រឡាគ្នា និងការបំពេញឱ្យគ្នាទៅវិញទៅមកសំដៅសម្រេចឱ្យបាននូវប្រសិទ្ធភាពខ្ពស់ជាងមុន៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់