មន្ត្រី​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ជាង​១៥​ម៉ឺន​​នាក់ នឹង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​​ក្រុម​ប្រឹក្សា

ភ្នំពេញ ២៣ កក្កដា ២០១៥៖ មន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិជាង១៥ម៉ឺននាក់ ដោយរួមទាំងមន្ត្រីរាជការបំពេញការងារនៅសាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅពេលដែលមានលក្ខន្តិកៈដោយឡែកសម្រាប់គ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិហើយ នឹងត្រូវធ្វើសមាហរណកម្មទៅក្រោមអង្គភាពវិមជ្ឈការ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សា លើកលែងតែមុខតំណែងណាដែលរាជរដ្ឋាភិបាល ក្រសួង ចាត់តាំងឱ្យទៅធ្វើការជាមួយ។

ភ្នំពេញ ២៣ កក្កដា ២០១៥៖ មន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិជាង១៥ម៉ឺននាក់ ដោយរួមទាំងមន្ត្រីរាជការបំពេញការងារនៅសាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅពេលដែលមានលក្ខន្តិកៈដោយឡែកសម្រាប់គ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិហើយ នឹងត្រូវធ្វើសមាហរណកម្មទៅក្រោមអង្គភាពវិមជ្ឈការ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សា លើកលែងតែមុខតំណែងណាដែលរាជរដ្ឋាភិបាល ក្រសួង ចាត់តាំងឱ្យទៅធ្វើការជាមួយ។ នេះជាការលើកឡើងរបស់ឯកឧត្ដម ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈក្នុងកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំលើកទី១១ របស់ គ.ជ.អ.ប កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។

 

ឯកឧត្ដមបានបន្តថា ព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ  គឺជារបត់មួយដ៏សំខាន់ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ព្រះរាជក្រឹត្យនេះ មានគោលបំណងធានាដល់ការជ្រើសរើស និងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមិនសំដៅដល់ការបង្កើតអង្គថ្មីដោយឡែកនៅរដ្ឋបាលថ្នាក់ក្រោមជាតិនោះទេ។ ទាំងរដ្ឋបាលថ្នាក់ជាតិ ទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងត្រូវអនុវត្តតាមប្រព័ន្ធមុខងារសាធារណៈតែមួយ។

 

ឯកឧត្ដមអនុរដ្ឋលេខាធិការក៏បានជម្រាបពីវឌ្ឍនភាពសំខាន់ៗ នែការតាក់តែងពង្រាងព្រះរាជក្រឹត្យថា កន្លងមកក្រុមការងារអន្តរក្រសួង ស្ថាប័នបានជួបប្រជុំ ពិភាក្សាជាច្រើនលើកច្រើនសារដែលប្រមូលបានធាតុចូល និងបានឯកភាពលើការប្រើប្រាស់ប្រព័ន្ធមុខងារសាធារណៈតែមួយ និងគោលការណ៍នៃការផ្ទេរសិទ្ធិអំណាចក្នុងការគ្រប់គ្រងនិងចាត់ចែងបុគ្គលិក។ ដោយឡែកក្រុមការងារមិនទាន់ឯកភាពគ្នាលើការចែងលំអិតតាមអង្គ ឋានន្តរសក្ដិ និងថ្នាក់ ព្រមទាំងឧបនិស្ស័យក្នុងការកាន់មុខតំណែងទៅតាមអង្គនីមួយៗ ដោយត្រូវស្នើសុំការសម្រេចពីថ្នាក់ដឹកនាំបន្ថែមទៀត។

 

ផែនការអនុវត្តបីឆ្នាំដំណាក់កាលទីពីរ (២០១៥-២០១៧) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានកំណត់ដាក់ឱ្យប្រើប្រាស់នូវលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងឆ្នាំ២០១៥។ រដ្ឋបាលថ្នាក់ក្រោមជាតិនឹងមានសិទ្ធអំណាចក្នុងការជ្រើសរើស ការតែងតាំង ការលើកសរសើរ និងការដាក់វិន័យផ្នែករដ្ឋបាលដល់មន្ត្រី បុគ្គលិកដែលបំពេញការងារ ស្របតាមគោលការណ៍ណែនាំដែលបានកំណត់៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់