រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើ្ជញអធិបតីដឹកនាំកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការគ្រប់គ្រងគម្រោងសហភាពអឺរ៉ុបសម្រាប់គាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (DAR) ដោយមានសមាសភាពចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ លេខាធិការដ្ឋាន គ.ជ.អ.ប តំណាងអភិបាលខេត្តកណ្តាល អភិបាលខេត្តបាត់ដំបង តំណាងស្ថានទូតអាល្លឺម៉ង់ តំណាងស្ថានទូតសហភាពអឺរ៉ុប និងតំណាងទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា (GIZ) សរុបចំនួនប្រមាណ ២០រូប។
នៅក្នុងឱកាសបើកកិច្ចប្រជុំលើកទី៦ដែលប្រព្រឹត្តឡើងនៅក្នុងសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ស្វាគមន៍ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ដែលបានអញ្ជើញចូលរួម ដើម្បីពិនិត្យ និងពិភាក្សាអំពីសមិទ្ធផលនៃសូចនាកររបស់កម្មវិធី EU-DAR និងការរៀបចំផែនការអនុវត្តគម្រោងបន្ទាប់។
ជាមួយគ្នានេះដែរ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍លើកឡើងអំពីរបៀវារៈនៅក្នុងកិច្ចប្រជុំរួមមាន៖
១. បទបង្ហាញ និងការពិភាក្សាស្តីពី សមិទ្ធផលនៃសូចនាកររបស់កម្មវិធី EU-DAR
២. ការពិភាក្សាស្តីពី ការរៀបចំគម្រោង DAR ចាប់ពីខែឧសភា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២
៣. បទបង្ហាញខ្លីស្តីពី សូចនាករគម្រោង DAR
៤. ការពិភាក្សាស្តីពី រចនាសម្ព័ន្ធដឹកនាំគម្រោង
៥. ការពិភាក្សាស្តីពី ការរៀបចំកម្មវិធីសម្ពោធគម្រោង DAR
៦. ការពិភាក្សាស្តីពី ការជ្រើសរើសរដ្ឋបាលថ្នាក់ក្រោមជាតិ(ក្រុង/ស្រុក)
៧. ការកំណត់កាលបរិច្ឆេទកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការគ្រប់គ្រងគម្រោង DAR
៨. ផ្សេងៗ។
សូមជម្រាបជូនថា គម្រោងសហភាពអឺរ៉ុបសម្រាប់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (EU-DAR) គឺជាផ្នែកមួយនៃកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (DAR)។ វាមានគោលបំណងគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងភ្នាក់ងារជំនាញនៅក្នុងស្រុក ក្រុងដៃគូ ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយការឆ្លើយតប ការសម្របសម្រួល និងគណនេយ្យភាព ដោយផ្តោតទៅលើការលើកម្ពស់ការផ្តល់សេវាជូនប្រជាពលរដ្ឋ។ EU-DAR មានលទ្ធផលរំពឹងទុកសំខាន់ៗចំនួន៤ រួមមាន៖ ១) ផ្តោតជាសំខាន់លើការអនុវត្តឧបករណ៍គ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស ដែលជាប្រធានបទមួយដ៏សំខាន់នៅក្នុងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលដឹកនាំអនុវត្តដោយក្រសួងមុខងារសាធារណៈ ២) ផ្តោតលើការអនុវត្តយន្តការផ្តល់សេវាសាធារណៈ ៣) ផ្តោតលើការអនុវត្តការផ្ទេរមុខងារជាពិសេសក្នុងវិស័យអប់រំនិងសុខាភិបាល និង ៤) ផ្តោតជាសំខាន់លើការអនុវត្តសាកល្បងគោលនយោបាយនានា (Policy Experimentation) ចែករំលែកបទពិសោធន៍ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិដូចគ្នាសម្រាប់យកទៅអនុវត្ត និងការចែករំលែកបទពិសោធន៍ជាមួយថ្នាក់ជាតិ ដើម្បីប្រមូលធាតុចូលសម្រាប់កែសម្រួល និងរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗបន្ថែមទៀត ហើយក៏ជាមេរៀនបទពិសោធន៍សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពង្រីកវិសាលភាពអនុវត្តទៅរដ្ឋបាលថ្នាក់ក្រោមជាតិផ្សេងៗទៀតផងដែរ៕