ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តស្តីពី ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិលនៅក្រសួងមហាផ្ទៃ និងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (២០១៩-២០២៣) នៅក្នុងសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។
ផែនការយុទ្ធសាស្រ្តស្តីពី ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិលនៅក្រសួងមហាផ្ទៃ និងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិមានគោលបំណងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីរាជការស៊ីវិលដែលកំពុងបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ និងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាឲ្យការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងប្រកបដោយវិជ្ជាជីវៈ។
ដើម្បីសម្រចគោលបំណងខាងលើ ផែនការយុទ្ធសាស្ត្រនេះបានកំណត់នូវគោលដៅចំនួន ៣ចំណុចដូចខាងក្រោម៖
១) លើកកម្ពស់គុណភាពកម្មវិធីអភិវឌ្ឍន៍សមត្ថភាព
២) ពង្រឹងគុណភាពនៃការសិក្សាស្រាវជ្រាវ
៣) ពង្រឹងប្រសិទ្ធភាពនៃយន្តការអភិវឌ្ឍន៍សមត្ថភាព។
សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ រួមមាន ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តមទីប្រឹក្សា លោក លោកស្រីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធចំនួន ៣០រូប៕