រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្តីពី កិច្ចដំណើការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងថ្មីរបស់រដ្ឋបាលក្រុង ស្រុក និងការកំណត់មុខងារតាមវិស័យនានារបស់រដ្ឋបាលក្រុង ស្រុក តាមចង្កោមវិស័យនីមួយៗ ក្រោមអធិបតីភាពឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ដោយសហការជាមួយលេខាធិការដ្ឋានកំណែទម្រង់រដ្ឋបាលសាធារណៈ និងអគ្គលេខាធិការដ្ឋានកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ឱ្យដឹងថា កិច្ចប្រជុំពិភាក្សាជាមួយក្រសួង ស្ថាប័នជំនាញចំនួន២៥ របស់រាជរដ្ឋាភិបាលមានគោលបំណងកំណត់មុខងារ និងធនធានជាក់លាក់នានា តាមវិស័យនីមួយៗរបស់ក្រសួង ដើម្បីធ្វើសមាហរណកម្មការិយាល័យជំនាញនានាទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង-ស្រុក ស្របតាមគោលការណ៍នៃរដ្ឋបាលឯកភាព។
ឯកឧត្តមប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍បន្ថែមថា ការកំណត់នូវមុខងារ និងធនធានជាក់លាក់តាមវិស័យនីមួយៗ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ស្របតាមរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងថ្មីនេះ គឺជាកិច្ចការចាំបាច់ និងជាអាទិភាព ដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធភាព និងគណនេយ្យភាពក្នុងការបំពេញតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលក្រុង ស្រុក ក្នុងនាមជារដ្ឋបាលមូលដ្ឋានក្នុងការផ្តល់ សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
សូមជម្រាបជូនថា កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៣–១៤ ខែមីនា ឆ្នាំ២០១៩ នៅក្នុងសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ដោយផ្តោតការពិភាក្សាលើវិស័យអាទិភាពសំខាន់ៗ រួមមាន វិស័យសេដ្ឋកិច្ច (អភិវឌ្ឍន៍ជនបទ ធនធានទឹក និងឧតុនិយម កសិកម្មរុក្ខាប្រមាញ់ និងនេសាទ សាធារណការ និងដឹកជញ្ជូន បរិស្ថាន ឧស្សាហកម្ម និងសិប្បកម្ម រ៉ែ និងថាមពល ពាណិជ្ជកម្ម ទេសចរណ៍ និងប្រៃសណីយ៍) និងវិស័យសង្គមកិច្ច (សង្គមកិច្ច យុវនីតិសម្បទា និងអតីតយុទ្ធជន កិច្ចការនារី ការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ ធម្មការ និងសាសនា វប្បធម៌ និងវិចិត្រសិល្បៈ វិស័យអប់រំ វិស័យសុខាភិបាល ការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិស័យព័ត៌មាន និងវិស័យយុត្តិធម៌)៕