កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុក្រឹត្យដើម្បី​បង្កើត​​យន្តការ​ទទួល និង​សម្រុះសម្រួល​ដោះស្រាយ​បណ្តឹង​រដ្ឋបាល​នៅ​ថ្នាក់​ក្រោម​ជាតិ​

ភ្នំពេញ ២៣ ឧសភា ២០១៦៖ ដើម្បីដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិរបស់ប្រជាពលរដ្ឋដែលមាននៅមូលដ្ឋាន រដ្ឋាភិបាលរៀបចំបង្កើតយន្តការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងរដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ…

ភ្នំពេញ ២៣ ឧសភា ២០១៦៖ ដើម្បីដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិរបស់ប្រជាពលរដ្ឋដែលមាននៅមូលដ្ឋាន រដ្ឋាភិបាលរៀបចំបង្កើតយន្តការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងរដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

នេះជាការលើកឡើងរបស់ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការាបង្កើតយន្តការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦។ 

 

យន្តការនេះនឹងបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលរាជធានី ខេត្ត ដែលមានវិសាលភាពអនុវត្តនៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្នុងការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងរដ្ឋបាលដែលពាក់ព័ន្ធការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

អនុក្រឹត្យនេះ មានគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការាពង្រឹងតួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងរដ្ឋបាលនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងសេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពសំដៅបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ។

 

គួរបញ្ជាក់ដែរថា អនុក្រឹត្យនេះមិនមានវិសាលភាពអនុវត្តចំពោះវិវាទនៅមូលដ្ឋាន និងវិវាទដែលច្បាប់ ឬដែលរាជរដ្ឋាភិបាលបានកំណត់ឲ្យស្ថាប័ន ឬយន្តការជាក់លាក់ណាមួយសម្រុះសម្រួលដោះស្រាយទេ។

 

កិច្ចប្រជុំពិភាក្សានេះ រៀបចំដោយអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដោយ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីអគ្គនាយករង និងអ្នកពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលក្នុងការរៀបចំអនុក្រឹត្យដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋក្នុងការដាក់បណ្ងឹងលើការមិនពេញចិត្តដែលពាក់ព័ន្ធនឹងការផ្តល់សេវាធារណៈ និងការគ្រប់គ្រងរដ្ឋបាលរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់៕

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់