រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស ស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប នៅសាលាប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិភាក្សាអំពីខ្លឹមសារនៃសេចក្តីព្រាងផែនការអនុវត្ត៣ឆ្នាំ (២០១៨-២០២០) ដំណាក់កាលទី៣ (ផអ៣ទី៣) រវាង គ.ជ.អ.ប ជាមួយដៃគូអភិវឌ្ឍ និងសង្គមស៊ីវិលពាក់ព័ន្ធ។
ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើបទបង្ហាញស្តីពី ខ្លឹមសារនៃសេចក្តីព្រាងផអ៣ទី៣ ទៅកាន់អ្នកចូលរួមកិច្ចប្រជុំដែលមានសមាសភាពមកពីដៃគូអភិវឌ្ឍ និងសង្គមស៊ីវិលពាក់ព័ន្ធប្រមាណ ៦០នាក់។ ខ្លឹមសារនៃសេចក្តីព្រាងផអ៣ទី៣នោះ រួមមាន ពណ៌នាអំពីសេចក្តីផ្តើមកម្មវិធីជាតិ ១០ឆ្នាំរបស់រាជរដ្ឋាភិបាល កិច្ចដំណើរការរៀបចំតាក់តែង ផអ៣ទី៣ រចនាសម្ព័ន្ធឯកសារនៃ ផអ៣ទី៣ សមិទ្ធផល លទ្ធផលរំពឹងទុក និងសកម្មភាព និងថវិកាប៉ាន់ស្មាន។
សូមបញ្ជាក់ថា ផែនការអនុវត្ត៣ឆ្នាំ (២០១៨-២០២០) ដំណាក់កាលទី៣ (ផអ៣ទី៣) គឺជាផែនការអនុវត្តដំណាក់កាលចុងក្រោយនៃកម្មវិធីជាតិ ១០ឆ្នាំ របស់រាជរដ្ឋាភិបាល។ កម្មវិធីជាតិត្រូវបានបែងចែកជា ៣ដំណាក់កាលសម្រាប់ការអនុវត្ត រួមមាន៖ ផអ៣ទី១ (២០១១-២០១៤) ផ្ដោតលើការអភិវឌ្ឍគោលនយោបាយ ការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធ និងនីតិវិធីអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ផអ៣ទី២ (២០១៥-២០១៧) ផ្ដោតលើការផ្ទេរមុខងារ និងធនធានទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីកែលម្អគុណភាពសេវា និងការអភិវឌ្ឍមូលដ្ឋាន និងដំណាក់កាលចុងក្រោយ ផអ៣ទី៣ (២០១៨-២០២០) គឺផ្ដោតលើការបន្តជំរុញ និងពង្រឹងការទទួលខុសត្រូវ និងស្វ័យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្ដល់សេវា និងការអភិវឌ្ឍមូលដ្ឋាន។