កិច្ច​ប្រជុំ​ ពង្រឹង​ការ​អនុវត្ត​ផែនការ​គណនេយ្យ​ភាព​សង្គម​

"

ភ្នំពេញ ១៥ កក្កដា ២០១៥៖ ការអនុវត្តការងារគណនេយ្យភាពសង្គមបានល្អនៅរដ្ឋបាលក្រុង ស្រុក អាចជួយតាមដាន និងជំរុញអោយការផ្ទេរមុខងារកាន់តែមានប្រសិទ្ធភាពនៅពេលដែលមុខងារត្រូវបានផ្ទេរទៅរដ្ឋបាលក្រុង ស្រុកទាំងស្រុង។ នេះជាការលើកឡើងរបស់ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥…

ភ្នំពេញ ១៥ កក្កដា ២០១៥៖ ការអនុវត្តការងារគណនេយ្យភាពសង្គមបានល្អនៅរដ្ឋបាលក្រុង ស្រុក អាចជួយតាមដាន និងជំរុញអោយការផ្ទេរមុខងារកាន់តែមានប្រសិទ្ធភាពនៅពេលដែលមុខងារត្រូវបានផ្ទេរទៅរដ្ឋបាលក្រុង ស្រុកទាំងស្រុង។ នេះជាការលើកឡើងរបស់ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥។

 

ដើម្បីពង្រឹងការអនុវត្តផែនការគណនេយ្យភាពសង្គមអោយកាន់តែមានប្រសិទ្ធភាពសម្រាប់ អ្នកផ្តល់សេវាថ្នាក់ក្រុង ស្រុក លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ដែលមានការអញ្ជើញជាអធិបតីដោយឯកឧត្តម ង៉ាន់ ចំរើន  អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប និងមានការចូលរួមពីប្រធានក្រុមប្រឹក្សា សមាជិក អភិបាល និងអភិបាលរងស្រុក នៃខេត្តគោលដៅនៃការអនុវត្តការងារគណនេយ្យភាពសង្គមដែលមាន២៧ ស្រុក នៃ១០ខេត្តគោលដៅ ដែលសរុបប្រមាណជា៥៥ រូប (ស្រី៥រូប)។

 

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ង៉ាន់ ចំរើន ក៏បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំក្រុង ស្រុក ត្រូវយកចិត្តទុកដាក់អនុវត្តការងារគណនេយ្យភាពសង្គមអោយមានប្រសិទ្ធភាពខ្ពស់ដើម្បីគាំទ្រដល់ការផ្ទេរមុខងារអោយមានគណនេយ្យភាព ដោយត្រូវជ្រើសរើសមន្រ្តីបង្គោលសម្រាប់គណនេយ្យភាពសង្គមជាក់លាក់មួយរូបដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីជួយសម្របសម្រួលការអនុវត្តការងារនេះបានល្អ។

 

គួរបញ្ជាក់ថា យន្តការគណនេយ្យភាពសង្គម បានផ្ដល់ឱកាសឲ្យអ្នកផ្ដល់សេវា និងអ្នកទទួលសេវា មានឱកាសជួបជជែកពិភាក្សាគ្នាអំពីចំណុចខ្វះខាត និងចាត់អាទិភាពចំពោះសកម្មភាពជាគន្លឹះនានា ដែលអាចជួយកែលំអការផ្ដល់សេវាសាធារណៈទាំងឡាយ។ លើសពីនេះ ប្រជាពលរដ្ឋដែលជាអ្នកទទួលសេវា អាចតាមដានមើលការបំពេញការងាររបស់អ្នកផ្ដល់សេវាសាធារណៈបានច្រើនជាងមុន ដោយផ្ទៀងផ្ទាត់ទៅតាមកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4Cs)៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់