ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ​ផ្ទៃ​ក្នុង​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គឺ​ជា​សូចនាករ​មួយ​ដ៏​សំខាន់​សម្រាប់​កំណែទម្រង់​វិមជ្ឈការ និង​វិសហ​មជ្ឈការ

 ភ្នំពេញ ១ ធ្នូ ២០១៥៖ ប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចត្រួតពិនិត្យមើលពីវឌ្ឍនភាពនៃអនុវត្តផែនការសកម្មភាពនានារបស់រដ្ឋបាលក្រុង ស្រុក និងអាចស្វែងរកបញ្ហាប្រឈមនានាក្នុងការអនុវត្តដើម្បីកែលំអនាពេលអនាគតផងដែរ។

ភ្នំពេញ ១ ធ្នូ ២០១៥៖ ប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចត្រួតពិនិត្យមើលពីវឌ្ឍនភាពនៃការអនុវត្ត ផែនការសកម្មភាពនានារបស់ រដ្ឋបាលក្រុង ស្រុក និងអាចស្វែងរកបញ្ហាប្រឈមនានាក្នុងការអនុវត្តដើម្បីកែលំអនា ពេលអនាគតផងដែរ។

 

នេះជាការលើកឡើងរបស់ឯកឧត្ដម ជាម ប៉េអា អគ្គនាយករងក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មានលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីរបៀបបញ្ចេញរបាយការណ៍ពីក្នុងប្រព័ន្ធ ការបកស្រាយ និងវិធីសាស្ត្ររៀបចំរបាយការណ៍ដែលរៀបចំឡើងដោយលេខាធិការដ្ឋាន គ.ជ.អ.ប នៅសាលាខណ្ឌទួលគោក កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥។

 

ឯកឧត្ដម បានបន្តថា ការដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាសូចនាករមួយដ៏សំខាន់សម្រាប់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលស្របនឹងការគិតទុកជាមុនពីការផ្ទេរមុខងារ និងធនធានកាន់តែច្រើនពីថ្នាក់ជាតិទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

 

ក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក បានថ្លែងថាប្រព័ន្ធថ្មីនេះនឹងជួយដល់ក្រុមប្រឹក្សាបានដឹងពីព័ត៌មានលម្អិត និងតាមដានពីការអនុវត្ត និងការសម្រេចបានផែនការសកម្មភាពដែលបានអនុវត្ត។ លោកក៏បានបន្ថែមថា លោកនឹងចូលទៅត្រួតពិនិត្យក្នុងប្រព័ន្ធនេះជាប្រចាំ ដើម្បីមានមូលដ្ឋានច្បាស់លាស់មួយសម្រាប់ការជំរុញឲ្យមានរបាយការណ៍ជាប្រចាំ និងធ្វើបច្ចុប្បន្នភាពរាល់ខែ។

 

លោកប្រធានក្រុមប្រឹក្សា បង្ហាញពីការតាំងចិត្តខ្ពស់ថា ខណ្ឌទួលគោកត្រូវតែចាប់ផ្ដើមអនុវត្តប្រព័ន្ធវាយតម្លៃផ្ទៃក្នុងពេញលេញ ចាប់ពីខែមករា ឆ្នាំ២០១៦នេះតទៅ។ លោកក៏បានលើកទឹកចិត្តដល់អ្នកទទួលខុសត្រូវ ត្រូវខិតខំស្វែងយល់ ហើយបើមិនយល់ត្រូវសួរ និងត្រូវប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឲ្យមានប្រយោជន៍សម្រាប់ការអភិវឌ្ឍដល់ការងារប្រចាំថ្ងៃ។

 

ក្នុងឱកាសនោះដែរ លោកប្រធានក្រុមប្រឹក្សាបានជម្រាបដល់សមាជិកក្រុមប្រឹក្សាត្រូវខិតខំពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បីអាចប្រើប្រាស់ប្រព័ន្ធថ្មីនេះឱ្យមានប្រសិទ្ធភាពខ្ពស់ និងអាចតាមទាន់នូវការរីកចម្រើននៃប្រទេសជាតិ និងបច្ចេកវិទ្យាទំនើប៕

ចុចទីនេះដើម្បីចូលទៅកាន់ប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់