កិច្ច​ប្រជុំ​ប្រចាំ​ខែ​របស់​គណៈ​អភិបាល​ខេត្ត​កណ្ដាល​

"

កណ្ដាល ២៨ ឧសភា ២០១៥៖ កិច្ចប្រជុំប្រចាំខែឧសភា របស់គណៈអភិបាលខេត្តកណ្ដាល ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ នៅសាលាខេត្តកណ្ដាល ដោយធ្វើការពិភាក្សាលើបញ្ហាអភិវឌ្ឍន៍សំខាន់ៗក្នុងខេត្ត…

កណ្ដាល ២៨ ឧសភា ២០១៥៖ កិច្ចប្រជុំប្រចាំខែឧសភា របស់គណៈអភិបាលខេត្តកណ្ដាល ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ នៅសាលាខេត្តកណ្ដាល ដោយធ្វើការពិភាក្សាលើបញ្ហាអភិវឌ្ឍន៍សំខាន់ៗក្នុងខេត្ត។ 

 

កិច្ចប្រជុំអញ្ជើញជាអធិបតីដោយ ឯកឧត្តម បណ្ឌិតម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត  និងមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធរដ្ឋបាលស្រុក-ក្រុង។

 

កិច្ចប្រជុំបានលើកបញ្ហាពាក់ព័ន្ធនឹងការងារជលផលមកពិភាក្សាដោះស្រាយ។ រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ឈប់សកម្មភាពចិញ្ចឹមត្រីឆ្តោរ ត្រីរ៉ស់ ជូនដល់វារីវប្បករ ទូទាំងខេត្តកណ្តាល សំដៅរួមចំណែកអនុវត្តច្បាប់ការពារនិរន្តភាពធនធានជលផលឲ្យបានគង់វង្សយូរអង្វែង។ កិច្ចប្រជុំក៏បានពិភាក្សាលើសេចក្តីព្រាងស្តីពីការបង្កើតក្រុមការងារដើម្បីធ្វើអធិការកិច្ចលើដីពាក់ព័ន្ធដែននេសាទ ដែលមាននៅក្នុងស្រុកចំនួន ៨ក្នុងខេត្ត ការរៀបចំសហគមន៍នេសាទជាថ្មីចំនួន៣នៅ ក្នុងស្រុកកោះធំ។

 

ជាមួយគ្នានេះដែរកិច្ចប្រជុំក៏បានពិភាក្សាលើសំណើសុំការគាំទ្រថវិកាចំនួន ៥០០លានរៀល សម្រាប់ដំណើរការគម្រោងអាទិភាពឆ្នាំ២០១៦ ក្នុងការកសាងប្លង់គោលក្រុងតាខ្មៅ ស្រុកស្អាង ស្រុកជ្រៃធំ ព្រមទាំងផែនការរៀបចំដែនដីថ្នាក់ខេត្ត សុំគោលការណ៍ចុះសិក្សា និងរៀបចំប្លង់អភិវឌ្ឍន៍ច្រកទ្វារព្រំដែនជ្រៃធំ-ខ្នាតាំងយូ រវាងខេត្តកណ្តាល និងខេត្តអានយ៉ាង។

 

ក្នុងនោះក៏បានពិភាក្សាលើគម្រោងកសាងវិមានឯករាជ្យ នៅសួនច្បារមាត់ទន្លេបាសាក់ និងកសាងរួបនាគនៅក្បាលស្ពានទាំងសងខាងនៃស្ពានព្រែកសំរោង ក្រុងតាខ្មៅពិភាក្សាលើគម្រោងអភិវឌ្ឍន៍ក្រុងតាខ្មៅ ដោយថវិកាជាតិដើម្បីប្រែក្លាយក្រុងតាខ្មៅទទួលបានចំណាត់ថ្នាក់ល្អក្នុងចលនាប្រលងប្រណាំងទីក្រុងស្អាតត្រៀមទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ពិធីបុណ្យទន្លេនាឆ្នាំ២០១៧ និងមានលើកសំណើថវិកាជិត១៨ លានរៀលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសម្រាប់ធ្វើសកម្មភាពប្រចាំត្រីមាសទី៣ ឆ្នាំ២០១៥។

 

មានប្រសាសន៍ក្នុងកិច្ចប្រជុំឯកឧត្តម ម៉ៅ ភិរុណ បានបញ្ជាក់ថារាល់សំណើដែលបានលើកឡើងក្នុងរបៀបវារៈដែលបានពិភាក្សារួចហើយនោះ ត្រូវធ្វើការអនុម័តនៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តនាខែមិថុនា ខាងមុខនេះ។ ដោយឡែកបញ្ហាបង្ក្រាបបទល្មើសនេសាទ និងការហាមឃាត់ចិញ្ចឹមត្រីឆ្តោរ ត្រីរ៉ស់ រឺបទល្មើសផ្សេងៗជំនាញដែលពាក់ព័ន្ធត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់តាមផ្លូវច្បាប់ដែលបានកំណត់ទោះបីបទល្មើសមួយចំនួនមានអ្នកមានអំណាច បុណ្យសក្ដិធំ មានមុខមាត់ក្ដីក៏ត្រូវពង្រឹងឲ្យបានល្អ។ 

 

ឯកឧត្តមបានក្រើនរំលឹកដល់មន្ត្រីជំនាញ អាជ្ញាធរស្រុក ឃុំ ភូមិត្រូវបញ្ឈប់ជាបន្ទាន់លើការចុះហត្ថលេខាលើឯកសារលក់ដីដែលជាដីសាធារណៈ ដីពាក់ព័ន្ធនឹងដែននេសាទ ដីរបស់រដ្ឋ លើកលែងតែដីស្របច្បាប់របស់ប្រជាពលរដ្ឋ៕

ដកស្រង់ចេញពីគេហទំព័រខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់