ថ្នាក់​ជាតិ​កំណត់​កម្រៃ​អតិបរមា​ ដើម្បី​​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​កំណត់​កម្រៃ​ជាក់​ស្តែង​លើ​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​

ភ្នំពេញ ១៦ ឧសភា ២០១៦៖ រាជរដ្ឋាភិបាលធ្វើការប្រគល់មុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនទៅរដ្ឋបាលរាជធានី ក្រុង និងស្រុក និងធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនទៅរដ្ឋបាលខណ្ឌ ដែលជារបត់នៃការគ្រប់គ្រងថ្មីមួយស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ…

ភ្នំពេញ ១៦ ឧសភា ២០១៦៖ រាជរដ្ឋាភិបាលធ្វើការប្រគល់មុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនទៅរដ្ឋបាលរាជធានី ក្រុង និងស្រុក និងធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនទៅរដ្ឋបាលខណ្ឌ ដែលជារបត់នៃការគ្រប់គ្រងថ្មីមួយស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយបានដាក់ចេញនូវអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន កាលពីចុងឆ្នាំ២០១៥ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធអនុវត្ត។

 

ដើម្បីអនុវត្តអនុក្រឹត្យនេះបាន ថ្នាក់ជាតិត្រូវធ្វើការរៀបចំកំណត់កម្រៃអតិបរមាលើការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ 

 

ឯកឧត្តម ចាន់ សុធា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប មានប្រសាសន៍ក្នុងសិក្ខាសាលាថា ដើម្បីឲ្យការផ្ទេរមុខងារ និងការធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំរាម សំណល់រឹងតាមទីប្រជុំជនបានរលូន ការកំណត់កម្រៃអតិបរមា និងគោលការណ៍ណែនាំបច្ចេកទេសនៃការគ្រប់គ្រងសំរាម សំណល់រឹងសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិគឹជារឿងសំខាន់ ចាំបាច់ត្រូវធ្វើ។ 

 

ឯកឧត្តម បញ្ជាក់ថា ការដែលថ្នាក់ជាតិកំណត់ពីកម្រៃអតិបរមានេះ គឺមានបំណងឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានភាពបត់បែនក្នុងការកំណត់កម្រៃតាមជាក់ស្ដែងអាស្រ័យតាមទីតាំងភូមិសាស្ត្រ ស្ថានភាពសេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ រដ្ឋបាលថ្នាក់ក្រោមជាតិអាចកំណត់កម្រៃពិសេសលើសពីកម្រៃអតិបរមាបាន ដោយធ្វើការស្នើសុំមកក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច។ 

 

ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់សេចក្ដីព្រាងប្រកាសអន្តរក្រសួងស្ដីពីការកំណត់កម្រៃសេវាអតិបរមា និងសេចក្ដីព្រាងគោលការណ៍ណែនាំបច្ចេកទេសស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងតាមទីប្រជុំជន ដើម្បីប្រមូលធាតុចូលពីរដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធក្នុងការរៀបចំសេចក្ដីប្រកាសអន្តរក្រសួងស្ដីពីការកំណត់កម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅលេខាធិការដ្ឋាន គ.ជ.អ.ប ដែលមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន តំណាងក្រុមហ៊ុន និងតំណាងរាជធានី ក្រុង ស្រុក សរុបប្រមាណជា៥០រូប៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់